ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប គ្មាន​យន្តការ​រៀបចំ​កន្លែង​ចុះឈ្មោះ​តាម​ព្រំដែន​ឡើយ​
06, Aug 2017 , 1:49 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិនមាន​យន្ត​ការរៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​បន្ទាត់​ព្រំដែន សម្រាប់​ពលរដ្ឋ​ចំណាកស្រុក​ក្រៅប្រទេស​ឡើយ​។ ការប្រកាស​របស់ គ​.​ជ​.​ប នេះ ស្របពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី ៩ វិច្ឆិកា​ខាងមុខនេះ សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ។


 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​និយាយថា មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​មិន​រៀបចំ​ការិយាល័យ​ចុះឈ្មោះ​តាម​ព្រំដែន​នេះ ដោយសារតែ​វា​មាន​ភាពចម្រូងចម្រាស​ចំនួន​៣ គឺ​ទី​១ បញ្ហា​ច្បាប់ ទី​២ ភាពអយុត្តិធម៌​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត និង​ទី​៣ បញ្ហា​មិន​ឯកភាពគ្នា​របស់​អ្នកនយោបាយ​។​
 
​ត្រង់ចំណុច​នេះ​លោក ហង្ស ពុទ្ធា បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា គ​.​ជ​.​ប រៀបចំ​ការចុះឈ្មោះ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​នោះ វា​គឺ​បង្ហាញ​ពី​ភាព​រើស​អើ​ស​ដល់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ដទៃទៀត ដូចជា​នៅ​ម៉ាឡេស៊ី កូរ៉េ និង​ប្រទេស​ដទៃទៀត​។ ហើយ​បើ​យើង​សម្រួលការ​ចុះឈ្មោះ​តាម​បណ្ដា​ទូត​នៅក្រៅ​ប្រទេស​វិញ វា​បង្ហាញថា គ​.​ជ​.​ប អនុវត្ត​ផ្ទុយ​ពី​ច្បាប់បោះឆ្នោត ព្រោះ​ច្បាប់​មិនបាន​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ​។ ចំណុច​មួយទៀត​បញ្ហា​ចុះឈ្មោះ​នេះ គណបក្សនយោបាយ​មាន​អាសន​ទាំងពីរ​ជជែក​គ្នា​តាំងពី​យូរហើយ ប៉ុន្តែ​មិនមាន​ចំណុច​ឯកភាពគ្នា​ទេ​លើ​បញ្ហា​នេះ ដូច្នេះ​យើង​មិនអាច​រៀបចំ​បានឡើយ​»​។​
 
​តែ​យ៉ាងណា​លោក ហង្ស ពុទ្ធា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទាំង​នៅក្នុង និង​ក្រៅប្រទេស គប្បី​ចំណាយ​ពេលវេលា​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា ។ បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ ពលរដ្ឋ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើងទៅ ហើយ​មិនទាន់​ចុះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ មាន​ចំនួន​២​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​៩​លាន​នាក់​។ លោក​បន្ថែមថា ពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​នោះ ដោយសារតែ ពលរដ្ឋ​ចំណាកស្រុក ទៅ​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស និង​ពលរដ្ឋ​នៅក្នុង​ប្រទេស ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​។ 
 
​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ កាលពី​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងទៅ គឺអាច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នាពេលខាងមុខ​តែម្តង ដោយ​ពួកគេ មិនចាំបាច់​ទៅ​ចុះឈ្មោះ​ម្តងទៀត​ឡើយ​។ ប៉ុន្តែ​វា​លើកលែងតែ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត​ហើយ បាន​ផ្លាស់ប្តូរ​ទីលំនៅ​ថ្មី​ប៉ុណ្ណោះ ដែល​តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​ជាថ្មី​ម្ដងទៀត​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែម​ដូច្នេះ​៖«​បើ​ពួកគាត់​ផ្លាស់ប្ដូរ​កន្លែង​រស់នៅ​ថ្មី​នោះ ពួកគាត់​ត្រូវ​ចុះឈ្មោះ​នៅ​កន្លែង​ថ្មី ដើម្បី​អាច​បោះឆ្នោត​នៅ​កន្លែង​នោះបាន​។ ប៉ុន្តែ​បើ​ពួកគាត់​មិន​ចង់​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ទេ ពួកគេ​ត្រូវតែ​មក​បោះឆ្នោត​នៅ​ទីកន្លែង​រស់នៅ​ចាស់​ក៏បាន​ដែរ​»​។​
 
​រដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​។ ប៉ុន្តែ គ​.​ជ​.​ប មិនទាន់​កំណត់ថា ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ នេះ នឹងត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះទេ​៕
 

Tag:
 ហង្ស ពុទ្ធា​
 ​គ​.​ជ​.​ប​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com