កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ជួប Arsenal ដណ្តើមពាន Community Shield ម៉ោង ៨យប់នេះ
×
Chelsea នឹងត្រូវជួប Arsenal ដើម្បីដណ្តើមពាន Community Shield មុនបើករដូវកាលថ្មី នៅវេលាម៉ោង ៨:០០ យប់នេះ នាកីឡដ្ឋាន Wembly។
ម្ចាស់ជើងឯក Premier League តោខៀវ Chelsea នឹងត្រូវប៉ះជាមួយនិងក្រុមកាំភ្លើងធំ Arsenal ដែលជាម្ចាស់ពាន FA Cup រដូវកាលមុខ។
ក្រុមទាំងពីរធ្លាប់ជួបគ្នាលើកចុងក្រោយ ពានរង្វាន់បើករដូវកាលនៃលីគកំពូលអង់គ្លេស Community Shield នេះកាលឆ្នាំ២០១៥ ដែលកាលនោះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិបារាំង Arsene Wenger យកឈ្នះ ១-០។ មួយវិញទៀត Arsenal ឈ្នះពាន FA Cup នេះ គឺដណ្តើមបានពី Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែឧសភាផងដែរ។
និយាយពីកីឡាសំខាន់របស់ក្រុមទាំងពីរវិញ ខ្សែប្រយុទ្ធ Alexis Sanchez អាចមានភាគរយច្រើនដើម្បីជួយក្រុមនៅយប់នេះ ដោយសារបានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃអង្គារក្រោយពីមានបញ្ហារបូសពេលជួយក្រុមជម្រើសជាតិស៊ីលីនៅក្នុងព្រឹត្តិការណ៍ Confederations Cup។
ចំណែកកីឡាករចំណូលថ្មី២រូបទៀត ដែល Wenger យកមករួមក្រុមរដូវកាលនេះ រួមមាន Alexandre Lacazette និង Sead Kolasinac ក៏អាចនឹងបង្ហាញខ្លួនដែរ។
សម្រាប់ Diego Costa របស់ Chelsea នឹងមិនអាចចូលរួមការប្រកួតនេះទេ ក្រោយលោក Antonio Conte ប្រាប់ថារូបគេចង់ចាកចេញពីក្រុម។
រីឯខ្សែបម្រើឆ្នើម Eden Hazard កំពុងតែមានរបូសកជើងមិនទាន់ជាសាស់ស្បើយ១០០ភាគរយ ស្របពេលសមាជិកថ្មី Tiemoue Bakayoko ដែលទើបទិញពី Monaco ក៏មានបញ្ហជង្គង់មិនអាចចូលលេងបានដែរ។ យ៉ាងណាក៏ដោយ Alvaro Morata និង Michy Batshuayi អាចនឹងចាប់ដៃគូគ្នាជួយក្រុមរបស់លោក Conte បានក្នុងជំនួបនេះ។
សូមបញ្ជាក់ថា Arsenal ធ្លាប់លើកពាន Community Shield ១៤លើក ហើយ Chelsea ធ្លាប់ឈ្នះបាន៤លើកប៉ុណ្ណោះ៕
Tag:
បាល់ទាត់
Chelsea
Arsena
l Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com