អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី​យក​កាហ្វេ ដូងប្រេង និង​តែ ទៅ​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​១១​គ្រឿង​
06, Aug 2017 , 7:39 pm        
រូបភាព
រូបភាព The Jakarta Post
រូបភាព The Jakarta Post
 
 
​ក្រុមហ៊ុន​ពាណិជ្ជកម្ម​គ្រប់គ្រង​ដោយ​រដ្ឋ PT Perusahaan Perdagangan របស់​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន​រុស្ស៊ី Rostec បាន​ចុះហត្ថលេខា​លើ​អនុស្សារណ​យោគយល់​គ្នា​មួយ ជុំវិញ​ការទិញ​លក់​យន្តហោះ​ចម្បាំង Sukhoi SU-35 ដែល​ឥណ្ឌូណេស៊ី​ចង់បាន​ពី​រុស្ស៊ី​។ រុស្ស៊ី ដែល​កំពុង​រង​ទណ្ឌកម្ម​ពី​សំណាក់​អាមេរិក ចង់បាន​ការដោះដូរ​ផលិតផល​កសិកម្ម​ដែល​ឥណ្ឌូណេស៊ី​មាន ដើម្បី​ទូទាត់​ថ្លៃ​យន្តហោះ​ចម្បាំង​វិញ​។

 
​ទណ្ឌកម្ម​របស់​អាមេរិក និង​អឺរ៉ុប បាន​ប៉ះពាល់​សេដ្ឋកិច្ច​រុស្ស៊ី​មួយផ្នែកធំ និង​បង្ក​ជា​កង្វះ​ផលិតផល​កសិកម្ម​ទៀត​ផង​។ ដោយសារ​កង្វះ​ផលិតផល​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក រុស្ស៊ី​បានស្នើ​ទៅកាន់​ឥណ្ឌូណេស៊ី​ឲ្យ​នាំចូល​ផលិតផល​កសិកម្ម​ដែល​ខ្លួន​មាន​ទៅកាន់​ទីផ្សារ​របស់​រុស្ស៊ី ដើម្បី​ទូទាត់​ជាមួយ​ថ្លៃ​យន្តហោះ​ចម្បាំង Sukhoi SU-35 ចំនួន​១១​គ្រឿង ដែល​ឥណ្ឌូណេស៊ី​ត្រៀម​ទិញ​ពី​រុស្ស៊ី​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ចេញ​ជា​រូបរាង​ក្នុងពេល​ខាងមុខនេះ​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Enggartiasto “Enggar” Lukita បាន​និយាយ​នៅ​ថ្ងៃទី​៤ ខែសីហា ថា កិច្ចព្រមព្រៀងរ​រវាង​ឥណ្ឌូណេស៊ី និង​រុស្ស៊ី ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ នឹងមាន​បញ្ចូល​ការដោះដូរ​យន្តហោះ SU-35 ជាមួយនឹង​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ដូចជា​កាហ្វេ​, ប្រេងដូង និង​តែ​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Jakarta Post ដែល​បាន​ស្រង់​សម្ដី​លោក Lukita ថា កិច្ចព្រមព្រៀង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​នឹង​កើតមាន​ផងដែរ​។​
 
​តាមពិតទៅ មិនមែន​រុស្ស៊ី​មិន​ចង់បាន​លុយ​ថ្លៃ​លក់​យន្តហោះ​ឡើយ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​រុស្ស៊ី​ត្រូវ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​។ បច្ចុប្បន្ននេះ រុស្ស៊ី​កំពុង​ស្ថិតក្រោម​គំនាប​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក និង​អឺរ៉ុប​។ រុស្ស៊ី​បាន​ឆ្លើយតប​នឹង​សម្ពាធ​សេដ្ឋកិច្ច​នេះ​តាមរយៈ​ការ​រឹតត្បិត​ការនាំ​ចូល ហើយ​ការណ៍​នេះ​បង្ខំ​ឲ្យ​រុស្ស៊ី​ត្រូវ​រក​ទីផ្សារ​ថ្មី និង​ដៃគូ​ពាណិជ្ជកម្ម​ថ្មី​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។​
 
​លោក Lukita ដែល​កំពុង​ស្ថិតក្នុង​ទស្សនកិច្ច​នៅ​រុស្ស៊ី ចាត់ទុក​នេះ​ជា​ឱកាស​សម្រាប់​ផលិតផល​កសិកម្ម​ឥណ្ឌូណេស៊ី​។ លោក​បញ្ជាក់ថា ទំនាក់ទំនង​សេដ្ឋកិច្ច​អំឡុងពេល​រឹតត្បិត​ពាណិជ្ជកម្ម អាច​ក្លាយជា​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ហួស​ពី​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅទៀត​។ លើសពីនោះ វា​ក៏​ក្លាយជា​ឱកាស​សម្រាប់​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍ ថាមពល និង​ការដោះដូរ​បច្ចេកវិទ្យា​ទៀតផង​។​
 
​សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី បានចាប់ផ្ដើម​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ ដើម្បី​ទុក​កា​ពារ​ខ្លួន​ពី​ក្រុម​ជ្រុលនិយម​ភេរវកម្ម​នៅក្នុង​តំបន់​ដែល​បាន​បង្កើន​ការគំរាមកំហែង​យ៉ាងខ្លាំង ក៏ដូចជា​អធិបតេយ្យ​សមុទ្រ​របស់​ខ្លួន​ផងដែរ​។ មិន​ត្រឹមតែ​យន្តហោះ​ឡើយ ក្រុង​ហ្សា​ការ​តា​ក៏មាន​គម្រោង​ទិញ​នាវាមុជទឹក​ជាច្រើន​គ្រឿង​ផង ដ្បិត​ការប្រឈមមុខ​ជាមួយ​ចិន​នៅ​ថ្ងៃ​ខាងមុខ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​អាច​កើតឡើង​គ្រប់ពេល​៕
  

Tag:
 ​ឥណ្ឌូណេស៊ី​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com