បទយកការណ៍ / បទសម្ភាសន៍
ផលិតករ​ចម្រៀង​វ័យក្មេង ម៉ម ពេ​ជ្ជ​រឹទ្ធ ៖ យុវជន​ត្រូវ​មានគំនិត​ច្នៃប្រឌិត ហ៊ាន​ធ្វើ​អ្វីដែល​ថ្មី​
20, Sep 2017 , 3:59 pm        
រូបភាព
ដោយ:
​ម៉ម ពេ​ជ្ជ​រឹទ្ធ  ជា​ក្មេង​ដែលមាន​ទេពកោសល្យ​និពន្ធ​បទ​ភ្លេង​ថ្មីៗ​ជាច្រើន និង​ក៏មាន​សមត្ថភាព​ច្រៀង​ដែរ​។ ស្នាដៃ​លេចធ្លោ​ដែល​ផលិតករ​ចម្រៀង​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​ផលិត មាន​បទ​ស្នេហ៍​៩ ចូលរួម​ផលិត​ចម្រៀង​សម្រាប់​បុណ្យ​ភូមិ​ចាប់ពី​ឆ្នាំ​២០១៥​មក  បទ​«​ទឹកចិត្ត » បទ​ចម្រៀង​Album My Way​ឲ្យ​ក្រុម​ក្មេង​ខ្មែរ ស្មារតី​កីឡា  និង Album2x5 ក្រុម​SWSB​។ ជា​សិស្ស​ថ្នាក់​ទី​១២ មកពី​ខេត្តកំពត យុវជន​ម៉ម ពេ​ជ្ជ​រឹទ្ធ  ចង់​បន្ត​ការសិក្សា​ឧបករណ៍​ភ្លេងខ្មែរ នៅ​សាលា​ភូមិន្ទ​វិ ចិត្រ​សិល្បៈ និង​រៀន​បច្ចេកទេស​សំឡេង​នៅ​បរទេស ដើម្បី​ផលិត​ចម្រៀង​មានគុណ​ភាព មាន​ស្តង់ដា​អន្តជាតិ និង​ឲ្យ​ពិភពលោក​ទទួលស្គាល់​។​


​ម៉ម ពេ​ជ្ជ​រឹទ្ធ យុវជន​កម្ពុជា​វ័យក្មេង​មួយរូប​របស់​កម្ពុជា ដែលមាន​ទេព​កោសល​ផ្នែក​ចម្រៀង និង​បទ​ភ្លេង​។ គេ​មាន​សមត្ថភាព​លេង​ទាំង​ឧបករណ៍​តន្ត្រីបុរាណ និង​តន្ត្រីសម័យ​។ មាន​ឪពុក​ជា​អ្នកភ្លេង និង​ម្តាយ​ជា​អ្នកចម្រៀង​ផង យុវជន ពេ​ជ្ជ​រឹទ្ធ ចាប់ផ្តើម​រៀន​ឧបករណ៍​ភ្លេង​នៅ​អាយុ​៧​ឆ្នាំ​។ ពេ​ជ្ជ​រឹទ្ធ អះអាងថា ខ្លួន​ចូលចិត្ត​ឧបករណ៍​ភ្លេង​ទាំងអស់ ដូច្នេះហើយ​ទើប​រូបគេ ចេះ​លេង​ទាំង​ឧបករណ៍​សម័យ និង​បុរាណ និង​មាន​សមត្ថភាព​មួយចំនួនទៀត​។ បើតាម​ពេ​ជ្ជ​រឹទ្ធ រូបគេ​ចេះ​លេង​ហ្គី​តា ព្យា​ណូ ឧបករណ៍​ភ្លេងខ្មែរ​មួយចំនួន​ដូចជា​ខ្លុយ ស្គរ និង​ទ្រ​ជាដើម ចេះ​ច្រៀង និពន្ធ​ទំនុកច្រៀង និង​និពន្ធ​បទ​ភ្លេង​។ 

  
 
​ចេះ​ឧបករណ៍​ភ្លេង ភាគច្រើន​មិនបាន​រៀន​ពីសា​លា​នោះទេ​។ រូបគេ​បាន​រៀន​ពី​បងប្អូន​របស់ខ្លួន ហើយ​ម្នាក់​ក្នុងចំណោម​នោះ ជា​តារាចម្រៀង ដួង វី​រះ​សិទ្ធ​។ ជា​កូនពៅ ក្នុងចំណោម​បងប្អូន​៤​នាក់  អះអាងថា គេ​ស្រឡាញ់​ទាំងអស់ មិនអាច​ចោល​ទេពកោសល្យ​ណាមួយ​នោះទេ​។ ពេ​ជ្ជ​រឹទ្ធ បន្ថែម​៖«​បើ​ឲ្យ​ខ្ញុំ​ទៅលេង​ហ្គី​តា ខ្ញុំ​ចោល​ស្គរ​ម៉េច​នឹង​កើត ឬ​ឲ្យ​ច្រៀង ចោល​ហ្គី​តា​ម៉េច​នឹង​កើត​។ ដូច្នេះ​បានជា​ខ្ញុំ​បង្កើតជា​ស្នាដៃ​ថ្មី​បាន ដែលមាន​ឈ្មោះថា ផលិតករ​ចម្រៀង​»​។ 
 
​នៅ​ចុងឆ្នាំ​២០១៤ យុវជន​រូបនេះ បាន​ចូល​ជា​សមាជិក​ក្រុម Small World Small Band ។ នៅពេលនោះ​ពេ​ជ្ជ​រឹទ្ធ និង​លោក ភី​រម្យ ប្រធាន​ក្រុម SWSB មាន​គម្រោង​បង្កើតជា​Studio   សម្រាប់​ផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​។ នៅ​ឆ្នាំ​២០១៥ រូបគេ​បាន​ចូល​ហាត់​ការ ១​ឆ្នាំ​ផ្នែក Mixing engineer និង​ផលិតករ     តន្ត្រី​នៅ Acoustic  Media ដើម្បី​ទទួលបាន​បទពិសោធន៍​។ នៅទីនេះ ពេ​ជ្ជ​រឹទ្ធ​បានធ្វើ​បទ​ចម្រៀង​ឲ្យ​ភ្ញៀវ​ជាច្រើន​។ បន្ទាប់មក​នៅ ឆ្នាំ​២០១៦ ក្រុម​SWSB  និង​ក្មេង​ខ្មែរ បាន​បង្កើតជា Studio​ខ្លួនឯង ដែលមាន​ឈ្មោះថា​«​ស្តាប់​Studio» ហើយ​ពេ​ជ្ជ​រឹទ្ធ​បាន​ប្តូរ​មក​រស់នៅ​ជុំគ្នា នៅ​ស្តាប់​Studio នេះ​។ 

  
 
​មាន​ដើមកំណើត​នៅ​ខេត្តកំពត យុវជន​រូបនេះ មានគំនិត​ច្នៃប្រឌិត បាន​និពន្ធ​បទ​ភ្លេង​ថ្មី​ជាច្រើន និង​បា​នប​ញ្ជូ​ល​ឧបករណ៍​ភ្លេងខ្មែរ លាយ​នឹង​ភ្លេងសម័យ​ពីរោះ​យ៉ាង​រណ្តំ​។ ក្នុងនោះ​ស្នាដៃ​ដែល​រូបគេ បាន​ផលិត​ដែលមាន​ភាពលេច​ធ្លោ និង​ពេញនិយម​សម្រាប់​យុវវ័យ​មានដូចជា បទ​ស្នេហ៍​៩ ផលិត​បទ​ចម្រៀង​អំពី​បុណ្យ​ភូមិ បទ​ទឹកចិត្ត បទ​ចម្រៀង​Album My Way​ឲ្យ​ក្រុម​ក្មេង​ខ្មែរ ស្មារតី​កីឡា និង Album2x5 ក្រុម​SWSB​។   
 
​ពេ​ជ្ជ​រឹទ្ធ​និយាយថា ការផលិត​បទ​ចម្រៀង​មួយ​បទៗ ត្រូវ​ចំណាយពេល​ប្រហែល​៣​ខែ ទៅ​៤​ខែ​។ ទន្ទឹមនឹង​ក្រុម​ខ្លួន​មិនទាន់មាន​ឧបករណ៍​ទំនើប​ផង​នោះ ការច្នៃប្រឌិត​ខ្ពស់ រឹតតែ​ជា​តម្រូវ​ការចាំបាច់​ដែល ពេ​ជ្ជ​រឹទ្ធ ត្រូវមាន ជួន​កាលបើ​ទោះ​ខំប្រឹង​ច្នៃ​ក៏ដោយ ក៏​ចម្រៀង​នោះ​ហាក់​មិន​ដូច​អ្វីដែល​បានគិត​ទៅទៀត​។ យុវជន​វ័យក្មេង អះអាងថា បទ​ចម្រៀង​មួយ ល្អ ឬ​មិនល្អ ពីរោះ ឬ​មិន​ពីរោះ អ្នក​ស្តាប់​ជា​អ្នកវាយតម្លៃ ហើយ​អ្វីដែល​ខ្លួន​អាចធ្វើ​បាន​នោះ​គឺ​ខំប្រឹង​ផលិត​ចម្រៀង​មួយ​បទ ឲ្យ​អស់ពី​លទ្ធភាព​។  ពេ​ជ្ជ​រឹទ្ធ ថ្លែង​បន្ថែម​ដូច្នេះ​ថា​៖«​ការ​មានគំនិត​ច្នៃប្រឌិត ដោយសារ​ខ្ញុំ​ហ៊ាន​ធ្វើ ផលិត​នូវ​អ្វីដែល​ថ្មី ជួនកាល​ស្តាប់ទៅ​វា​ចម្លែកៗ​។ ភាព​ចម្លែក​នោះ អ្នកខ្លះ​ស្តាប់ទៅ​ស្រដៀង​បទ​នេះ ឬ​បទ​នោះ​។ ហើយ​នៅ​ប្រទេស​គេ​ជុំវិញ​ពិភពលោក គេ​ព្យាយាម​ធ្វើ​អ្វីដែល​ថ្មី​ដូចគ្នា​»​។  

  
 
​ទោះយ៉ាងណា​ក្តី ពេ​ជ្ជ​រឹទ្ធ ក៏​លើកឡើង​ពី​ការលំបាក​មួយចំនួនទៀត​របស់ខ្លួន​នាពេល​បច្ចុប្បន្ន ស្របពេល​ដែល​គេ​នឹងត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៧​នេះ​ផង​។ ពេ​ជ្ជ​រឹទ្ធ​ថ្លែងថា​៖«​មាន​ផល​លំបាក​ដោយសារ គេង​មិនបាន​គ្រប់គ្រាន់ និង​ម្យ៉ាង​ត្រូវ​បែងចែក​ពេល​រៀន គ្រួសារ ធ្វើ​ចម្រៀង និង​ពេល​សម្រាក និង​ត្រូវ​រៀន​សម្រប​ជាមួយគ្នា​ក្នុង​ក្រុម​»​។​
 
​យុវជន​រូបនេះ បានចាត់ទុក ក្រុម SWSB ប្រៀបដូចជា​ក្រុមគ្រួសារ​មួយ​អីចឹង​ដែរ​។ ជា​គ្រួសារ​ដែល​អាច​កាន់​ដៃ​គេ​ឆ្ពោះទៅមុខ ទៅរក​ក្តី​ស្រមៃ​របស់ខ្លួន ដែល ចង់​បន្ត​ការសិក្សា​ឧបករណ៍​ភ្លេងខ្មែរ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយ​ចប់​បាក់​ឌុប​រូបគេ និង​បន្ត​រៀន​បច្ចេកទេស​សំឡេង​នៅ​បរទេស ដើម្បី​ផលិត​ចម្រៀង​មានគុណ​ភាព ស្តង់ដា​អន្តជាតិ ឲ្យ​ពិភពលោក​ទទួលស្គាល់​។ ផលិតករ​ចម្រៀន​រូបនេះ ក៏​ចង់​ក្លាយជា​អ្នក​ចែករំលែក​ដល់​ក្មេងជំនាន់ក្រោយ​។ ពេ​ជ្ជ​រឹទ្ធ លើកទឹកចិត្ត​យុវជន ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន ចង់​ធ្វើ មាន​គោលដៅ​ច្បាស់ និង​ប្រាកដថា ខ្លួនឯង​ចង់​ក្លាយជា​បុគ្គល​បែបណា និង​កុំ​បណ្តោយ​ពេលវេលា​។ ពេ​ជ្ជ​រឹទ្ធ ថ្លែង​បញ្ជាក់​ដូច្នេះ​ថា​៖«​ត្រូវតែ​ច្បាស់​ថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី ហើយ​ធ្វើ​នោះ​ល្អ ឬក៏​អាក្រក់​? ហើយ​ធ្វើ​អ្វីដែល​យើង​ចង់​ធ្វើ  កុំ​បណ្តោយ​ខ្លួនឯង​ធ្វើ​រឿង​អ្វីដែល​មិនល្អ និង​ធ្វើ​អ្វី​ខ្លួនឯង​មិនដឹង​ខ្លួន​»៕
 


 














 

Tag:
 ម៉ម ពេ​ជ្ជ​រឹទ្ធ​
 ​ចម្រៀង​
 ​បុណ្យ​ភូមិ​
  SWSB
© រក្សាសិទ្ធិដោយ thmeythmey.com