ភ្នំពេញ៖ កាលពីដើមឡើយ ជាតិខ្មែរ គឺជាពូជសាសន៍មួយដែលពូកែអស្ចារ្យ។ ខ្មែរជំនាន់ដើមអាចធ្វើអ្វីបាន ដែលពូជសាសន៍ដទៃមិនអាចធ្វើបាន។ ជាក់ស្តែង ដូចជា ការកសាងប្រាសាទនានា កេរដំណែលសម្បត្តិវប្បធម៌ និងកេរដំណែលស្នាដៃដទៃៗទៀត។ ជាតិខ្មែរធ្លាប់ត្រូវបានគេគោរព និងធ្វើតាម ឬយកតម្រាប់តាម។ តែបច្ចុប្បន្ននេះ ខ្មែរខ្លួនឯងមួយចំនួនហាក់បីដូចជាបាត់បង់នូវមោទកភាពជាតិខ្លួនឯង។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
កាលពីដើមឡើយ ជាតិខ្មែររុងរឿងស្ទើរគ្រប់វិស័យ៖ សេដ្ឋកិច្ច វប្បធម៌ នយោបាយ…។ តែដោយសារសង្គ្រាមស៊ីវិល ឬសង្គ្រាមជាមួយបរទេស ជាតិខ្មែរបាត់បង់អានុភាពរបស់ខ្លួនបន្តិចម្តងៗ។ បាត់បង់ឥទ្ធិពលរហូតដល់ខ្មែរខ្លួនឯងមួយចំនួនបាត់បង់ជំនឿលើខ្លួនឯង ហើយលែងឲ្យតម្លៃលើអ្វីដែលខ្លួនមាន។ ស្របពេលដែលខ្មែរខ្លួនឯងបាត់បង់ជំនឿលើខ្លួនឯង ពួកគេក៏មើលឃើញតម្លៃបរទេសកាន់តែសំខាន់ឡើងៗ។ អ្នកដែលឲ្យតម្លៃបរទេស ត្រូវបានគេហៅថា អ្នកបរទេសនិយម ឬអ្នកនិយមបរទេស។
ដោយមិននិយាយពីអតីតកាលយូរលង់ គ្រាន់តែទាញចំណាប់អារម្មណ៍ចាប់តាំងពីដើមទសវត្សរ៍៩០មកទល់នឹងពេលនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែរភាគច្រើនមានអារម្មណ៍ឲ្យតម្លៃលើអ្វីដែលជាលក្ខណៈបរទេស ច្រើនជាងឲ្យតម្លៃលើអ្វីដែលជារបស់ខ្មែរ។ ផលិតផលខ្មែរដែលដាក់ឈ្មោះជាភាសាបរទេសអាចលក់ដាច់ជាងផលិតផលដាក់ឈ្មោះខ្មែរ។ ហាងដែលដាក់ឈ្មោះជាភាសាបរទេសអាចទាញអតិថិជនបានច្រើនជាងហាងដាក់ឈ្មោះខ្មែរ។
សាលារៀនដែលដាក់ឈ្មោះជាភាសាបរទេស អាចមានសិស្សចូលរៀនច្រើនជាងសាលារៀនដែលដាក់ឈ្មោះខ្មែរ។ ខ្មែរមួយចំនួនគិតថា ជនបរទេសពូកែជាងជនជាតិខ្មែរ បើទោះបីជាខ្មែរ និងបរទេសនោះ មានកម្រិតសញ្ញាប្រហែលគ្នា និងរៀនពូកែដូចគ្នាក៏ដោយ។ ការគិតរបស់បរទេសត្រូវបានខ្មែរមួយចំនួន គិតថា ល្អជាងការគិតរបស់ខ្មែរ។ ស្នាដៃបរទេសត្រូវបាន ខ្មែរមួយចំនួនឲ្យតម្លៃថា អស្ចារ្យជាងស្នាដៃខ្មែរគ្នាឯង។ ស្នាដៃខ្មែរគ្នាឯង ជារួម មិនសូវត្រូវបានខ្មែរគ្នាឯងឲ្យតម្លៃទេ។
គំនិតបរទេសនិយមមិនមែនស្ថិតនៅតែទីសាធារណៈទេ។ តែគំនិតបរទេសនិយមបានជ្រៀតចូលក្នុងសង្គមគ្រួសារខ្មែរថែមទៀតផង។ អាណាព្យាបាលខ្មែរមួយចំនួនបានសម្រេចចិត្តដាក់ឈ្មោះកូនចៅដោយយកតាមឈ្មោះបរទេសទៀតផង។ ឈ្មោះខ្មែរដែលមានតម្លៃមហិមា ត្រូវបានគេបំភ្លេចចោល។ គ្រួសារខ្លះនិយាយភាសាបរទេសជំនួសភាសាខ្មែរនៅក្នុងសង្គមគ្រួសារ។ ខ្មែរខ្លះឲ្យតម្លៃទំនិញបរទេសជាងទំនិញខ្មែរ។ ពួកគេទៅទទួលការព្យាបាលនៅគ្លីនិកបរទេសជំនួសឲ្យមន្ទីពេទ្យខ្មែរ។ ពួកគេសរសើរម្ហូបរទេសថា ឆ្ងាញ់ជាងម្ហូបខ្មែរ។ របស់របរបរទេសទំនើប ហើយ គុណភាពល្អជាងរបស់របរខ្មែរ។ និយាយជារួម សម្រាប់អ្នកបរទេសនិយម «ជំនឿលើអ្វីដែលជារបស់ខ្មែរ គឺត្រូវបានបាត់បង់»។
តាមពិត គេមិនអាចស្តីបន្ទោសអ្នកបរទេសនិយមបានឡើយ ក្នុងខណៈពេលដែលអ្វីៗជារបស់ខ្មែរនៅអន់ពេកនោះ។ ភាពទន់ខ្សោយនេះហើយដែលធ្វើឲ្យពលរដ្ឋខ្លួនឯងបាត់បង់ជំនឿ។ នេះ គឺជារឿងសត្យានុម័តដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ ប៉ុន្តែ តើថា ពលរដ្ឋខ្មែរនៅតែបន្តឲ្យតម្លៃលើអ្វីដែលជារបស់បរទេសគ្មានទីបញ្ចប់ឬ?
ជាលក្ខណៈធម្មជាតិ អ្វីៗត្រូវតែមានទីបញ្ចប់របស់វា។ ក្នុងបរិបទខាងលើនេះ ខ្មែរអាចងាកមកឲ្យតម្លៃលើអ្វីដែលជារបស់ខ្មែរវិញបាន។ ទី១ អ្នកផ្តល់សេវាជារបស់ខ្មែរត្រូវបង្កើនគុណភាព។ ទី២ អ្នកផ្តល់សេវាជនជាតិខ្មែរត្រូវបញ្ចូលទស្សនទានអ្វីដែលជារបស់ខ្មែរ។ ទី៣ អ្នកផ្តល់សេវា ឬអ្នកផលិត ផលិតផលខ្មែរត្រូវបញ្ឈប់ការឲ្យតម្លៃដោយដាក់ឈ្មោះផលិតផលជាភាសាបរទេស និយាយបែបផ្សេងមានន័យថា ត្រូវលើកតម្កើងឈ្មោះខ្មែរនៅលើផលិតផលរបស់ខ្មែរ។ ទី៤ អ្នកប្រើប្រាស់ ឬអតិថិជន ត្រូវឈប់ផ្តល់តម្លៃទៅលើឈ្មោះបរទេស ឬអ្វីដែលជារូបភាពបរទេស និងទី៥ ពលរដ្ឋខ្មែរទាំងអស់ត្រូវលះបង់អារម្មណ៍ដែលថា អ្វីៗដែលជារបស់ខ្មែរអន់ ហើយរបស់របរបរទេសសុទ្ធតែល្អ។ ត្រូវឈប់គិតថា គំនិតបរទេសសុទ្ធតែល្អ ហើយគំនិតខ្មែរគ្នាឯងអន់។ ខ្មែរក៏មានអ្នកពូកែដូច ឬពូកែជាងបរទេសដែរ។ ខ្មែរ ក៏អាចដឹកនាំបរទេសបានដែរ។
សរុបសេចក្តីមក ដើម្បីឲ្យខ្មែរមានមោទនភាព កូនខ្មែរត្រូវនាំគ្នាគិត នាំគ្នាធ្វើ នាំគ្នាគាំទ្រ។ កូនខ្មែរត្រូវនាំគ្នាគិត នាំគ្នាផលិត។ គិត និងផលិតរួចហើយ កូនខ្មែរត្រូវលើកកម្ពស់ និងឲ្យតម្លៃអ្វីដែលជារបស់ខ្មែរ។ កូនខ្មែរត្រូវមានគំនិតជាតិ«និយមខ្មែរ» ហើយត្រូវបោះបង់គំនិត«បរទេសនិយម» ឬ«និយមបរទេស»។ គេអាចនិយមបរទេសតែត្រង់ចំណុចណា ដែលខ្មែរនៅខ្វះចន្លោះ ពោល គឺមិនត្រូវអត្តនោម័តិនិយមថា«អ្វីៗជាបរទេសសុទ្ធតែល្អ»។ តែទោះជាយ៉ាងណា ក៏មិនត្រូវបោះបង់ចំណុចល្អរបស់បរទេសដែរ៕