បទយកការណ៍ / បទសម្ភាសន៍
យុវជន​គួរ​ចូលរួម​ដូចម្តេច ដើម្បី​ក្លាយជា​ចលករ​នៃ​ស្ថិរភាព​នយោបាយ​?
22, Sep 2017 , 11:19 am        
រូបភាព
ដោយ:
 
​បច្ចុប្បន្ន​យុវជន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ស្ថិរភាព​។ ដោយ សារ​យុវជន​មានចំណេះដឹង គំនិត​ថ្មី ពេលវេលា​គ្រប់គ្រាន់ និង​ចំនួន​ច្រើន ដែល​ជះ​ឥទ្ធិពល​ឲ្យ​អ្នកនយោបាយ​យកចិត្តទុកដាក់​។ ឥទ្ធិពល​ទាំងនេះ​កើតចេញពី​យុវជន​ខ្លួនឯង​មាន​សមត្ថភាព អព្យាក្រឹត គិត​ស៊ីជម្រៅ និង​ហ៊ាន​បញ្ចេញមតិ​ទាមទារ​នូវ​អ្វីដែល​យុ​ជន​ចង់បាន និង​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការចូលរួម​សកម្មភាព​សង្គម និង​ការបោះឆ្នោត​។​

 
​លោក រិ​ន ច័ន្ទ​រិ​ទ្ធិ យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ការងារ​សង្គម និង​នយោបាយ​ច្រើន​ឆ្នាំ​មកហើយ​នោះ យល់ថា យុវជន​ត្រូវមាន​ការគិត​ឲ្យ​ស៊ីជម្រៅ និង​កុំ​ងាយ​ជឿ​ព័ត៌មាន​ណា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នោះទេ​។  លោក​បន្តថា យុវជន​ចង់​ធ្វើ​អ្វី នឹង​ព្យាយាម​ធ្វើ​ទាល់តែ​បានសម្រេច​។ ក្នុងន័យនេះ បើ​យុវជន​ដើរ​ផ្លូវខុស ចាប់ផ្តើម​ទៅរក​ភាពវឹកវរ​។ លោក ច័ន្ទ​រិ​ទ្ធ ថ្លែង​បន្ថែម​ដូច្នេះ​ថា​៖«​ការចូលរួម​របស់​យុវជន​ពិតជា​សំខាន់ ប៉ុន្តែ​បើ​យុវជន​ចូលរួម​ដោយ​ខ្វះ​ការពិចារណា គ្មាន​ការយល់ដឹង ជឿ​តាម​គ្នា និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន  វា​ផ្តល់​ផល​អវិជ្ជា​មាន​ចំពោះ​សង្គម​» ។ 

  
 
​លោក ច័ន្ទ​រឹទ្ធ មើលឃើញថា​យុវជន​ខ្លះ ដែល​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង មានគំនិត​ទុទ្ទិដ្ឋិនិយម ចំពោះ​ដ្ឋា​ភិ​បាល និង​មិនបាន​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ ធ្លាក់ខ្លួន​ចូល​គំនិត​មួយ ទៅក្នុង​ក្រុម​ជ្រុលនិយម​។ ចំណែក​ក្រុមយុវជន​ខ្លះទៀត មើល​ឃើញតែ​ភាព​វិជ្ជមាន ទៅជា​លម្អៀង ដើម្បី​តំណែង និង​តួនាទី បានធ្វើ​យុវជន​ព្យាយាម និយាយ​ល្អ​ផ្គាប់ចិត្ត​អ្នកមានអំណាច​។ សម្រាប់ លោក ច័ន្ទ​រិ​ទ្ធ បញ្ហា​នេះហើយ ធ្វើ​ឲ្យ​អ្នកនយោបាយ​ជិះសេះ​លែងដៃ និង​បំភ្លេចចោល​អំពើ​អយុត្តិធម៌​សង្គម​ដែល​កំពុង​កើតឡើង ហើយ​មនុស្ស​ទន់ខ្សោយ នៅតែ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​។​
 
​ដូច្នេះ​យុវជន​ត្រូវធ្វើ​ខ្លួន​ឲ្យ​អព្យាក្រឹត ក្នុងការ​វាយតម្លៃ​ព្រឹត្តិការណ៍ ឃើញ​ទាំង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន និង​មិន​ត្រូវធ្វើ​ខ្លួនឯង​ឲ្យ​ធ្លាក់ខ្លួន ទៅជា​ឧបករណ៍​របស់​អ្នកនយោបាយ​នោះទេ​។ លោក បន្តទៀតថា យុវជន​ត្រូវធ្វើ​ខ្លួនឯង ជា​អ្នកតស៊ូ​មតិ​ដើម្បី​សច្ចៈ​ភាព និង​តម្លាភាព​ក្នុងសង្គម​។  
 
​យុវជន​ម្នាក់ទៀត គឹ លោក ម៉ៅ គង្គា​។ សម្រាប់ យុវជន​រូបនេះ យល់ថា យុវជន​ត្រូវ​ចោទសួរ​ខ្លួនឯង​សិន មុននឹង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​។ សំណួរ​ដែល​ត្រូវ​សួរ​នោះ ថា​តើ​ពួកគេ​ចង់ឃើញ​សង្គមជាតិ​របស់ខ្លួន​ក្នុង​រូបភាព​បែបណា​?  តើ​ពួកគេ​ចង់​ឲ្យ​សង្គម​អភិវឌ្ឍន៍​ដោយ​វិជ្ជមាន​ឬទេ​? ប្រសិនបើ​ចង់​ត្រូវ​ចូលរួម​តាមដាន​ការ​វិ​វ​ត្តិ​នៃ​នយោបាយ​ក្នុងប្រទេស​។ ប៉ុន្តែ​បើ​យុវជន​ខ្លួនឯង​មិន​ចង់​ឲ្យ​មានការ​អភិវឌ្ឍន៍​ដោយ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទេ នោះ​សង្គម​មួយ​នេះ នៅតែ​បែបនេះ​។ នេះ​បើតាម​លោក គង្គា ដែល​បន្ថែម​ដូច្នេះ​ថា​៖«​ប្រសិនបើ​យុវជន​នៅតែ​ខ្លាច​នោះ យុវជន​នឹងមិន​ទទួលបាន​អ្វីដែល​ខ្លួនឯង​ចង់បាន​នោះទេ ហើយ​រាជរដ្ឋាភិបាល ឬ​បណ្តា​អង្គការ​ផ្សេងៗ ក៏​មិនដឹងថា​យុវជន​ចង់បាន​អ្វី​ដែរ​»​។​

  
 
​លោក ម៉ៅ គង្គា បានផ្តល់​យោបល់​ថា យុវជន​ត្រូវមាន​ភាពក្លាហាន​ក្នុងការ​បញ្ចេញមតិ និង​លើកឡើង​ពីអ្វី​ដែល​ខ្លួន​ចង់បាន តាមរយៈ​ការធ្វើសកម្មភាព​ស្របច្បាប់​ផ្សេងៗ​នៅក្នុង​ផ្លូវ​វិជ្ជមាន​។ ប៉ុន្តែ​យុវជន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម​ដែរនោះ បន្តទៀតថា មតិយោបល់​ទាំងនោះ ត្រូវតែមាន​សីលធម៌ ហើយក៏​ត្រូវ​ផ្សព្វផ្សាយ​មតិយោបល់​ទាំងនោះ​ឲ្យ​ទូលាយ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។  លោក គង្គា បាន​លើក​ឧទាហរណ៍​ពី​កម្មវិធី​ជជែក​ពិភាក្សា​មួយ ដែលមាន​យុវជន​ច្រើន​ចូលរួម ហើយ​បានលើកឡើង​ពី​ទស្សនៈ​ផ្សេងគ្នា​របស់​យុវជន​នឹងត្រូវ​បានលើកឡើង​ទាំង​បញ្ហា និង​ដំណោះស្រាយ លើ​បញ្ហានយោបាយ​សេដ្ឋកិច្ច បរិស្ថាន និង​បញ្ហា​សង្គម​ជាដើម​។ ទស្សនៈ​ខុសគ្នា​នេះហើយ ដែល​ផ្តល់​ជា​គំនិត​ថ្មីៗ​ទៅដល់​រាជរដ្ឋាភិបាល​យកទៅ​ពិចារណា​។​
 
​លោក ឆាំ ប៊ុន​ថេត បាន​លើកឡើងថា ដើម្បី​ឲ្យ​ការចូលរួម​របស់​យុវជន ក្លាយជា​ប្រយោជន៍​នៃ​ស្ថិរភាព​នយោបាយ យុវជន​ត្រូវ​ចូលរួម​តាមរយៈ​គំនិត​ថ្មីៗ  យុវជន​ត្រូវមាន​ចក្ខុវិស័យ​ថ្មី និង​ពិភាក្សាគ្នា​ឲ្យ​ផុសផុល​ពី​គំនិត និង​ចក្ខុវិស័យ​ទាំងនោះ​។ ផ្ទុយទៅវិញ មិនមែនជា​ការចូលរួម​ប្រមាថ និង​គិតថា​ក្រុម​ផ្សេង​អន់​ជាង​ខ្លួន​នោះទេ យុវជន​ត្រូវ​វ​ធ្វើ​អ្វី​ដែលជា​ប្រយោជន៍​រួម ហើយ​គំនិត​របស់ខ្លួន អាច​នឹងមាន​ឥទ្ធិពល​ល្អ ដែល​អាច​ឲ្យ​គេ​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​ជីវិត​។​

  
 
​ទោះជា​យ៉ាងនេះ​ក្តី សាស្ត្រាចារ្យ​ផ្នែក​អភិវឌ្ឍន៍​ម​គ្គុ​ទេ្ទ​សក៍​រូបនេះ កត់សម្គាល់ថា សកម្មភាព​របស់​យុវជន​ដែលមាន​ហេតុផល និង​មានការ​យល់ដឹង​គ្រប់គ្រាន់ ដែល​ចូលរួម​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ នាពេល​បច្ចុប្បន្ន នៅមាន​តិចតួច​នៅឡើយ​។ លោក​សាស្ត្រាចារ្យ ឆាំ ប៊ុន​ថេត មើលឃើញថា ការចូលរួម​យុវជន​មួយចំនួន ជាការ​ចូលរួម​តាម​គ្នា និង​មិនបាន​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ​នៃ​កា​រួបរួម​ជាតិ និង​សេចក្តីថ្លៃថ្នូរ​នោះឡើយ​ព្រោះ​មានការ​លាប​ពណ៌​គ្នា ជេរ​គ្នា និង​ការប្រើ​ពាក្យពេចន៍​គំរាម​ជាដើម​។ សម្រាប់​លោក ប៊ុន​ថេត ការចូលរួម​បែបនេះ មិនបាន​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​នោះទេ​។ 
 
​បញ្ហា​នេះ គឺ​កើតចេញពី​យុវជន​ស្តាប់ ហើយ​ជឿ​តាម ដោយ​គ្មាន​ការ​ត្រឹះ​រិះ ពិចារណា និង​គ្មាន​ការយល់ដឹង​ពី​មូលដ្ឋាន​សង្គម ច​រឹត​មនុស្ស​។  បញ្ហា​មួយទៀត មក​យុវជន​ធ្វើតាម​អារ​ម្មរណ៍ ពោលគឺ​អារ​ម្មរណ៍​ថា​ត្រូវ​គឺ​ត្រូវ ប៉ុន្តែ​បើ​អារ​ម្មរណ៍​ថា​ខុស ចាត់ទុក​អ្នកនោះ​គឺជា​សត្រូវ ដោយសារ​ខ្វះ​ការ​ឲ្យ​តម្លៃភាព​ខុសគ្នា និង​មិន​ទទួល​លយ​ក​ការរិះគន់​ពី​ក្រុម​ដទៃ​។ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូបនេះ​គិតថា បើ​យុវជន​នៅតែ​បន្ត​លាប​ពណ៌​គ្នា និង​ធ្វើជា​ឧបករណ៍​របស់​អ្នកនយោបាយ​នោះ សង្គម​នេះ នឹង​ចាប់ផ្តើម​បែកបាក់​បន្តិច​ម្តងៗ ៕
 
 
 
 

Tag:
 យុវជន​
 ​ ស្ថិរភាព​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com