កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Bayern Munich លើក​ពាន​បើក​រដូវ​កាល ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ដូចគ្នា​
07, Aug 2017 , 1:56 pm        
រូបភាព
Arsenal ដែលជា​ជើងឯក FA Cup បានទទួល​ជ័យជម្នះ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៤-២ លើ Chelsea ម្ចាស់​ការពារ​ជើងឯក​ក្របខណ្ឌ Premier League ក្នុង​ការប្រកួត​ដណ្តើមពាន​បើក​រដូវ​កាល «Community Shield» នៅ​កីឡដ្ឋាន Wembly កាលពី​រាត្រី​ថ្ងៃអាទិត្យ​។ រីឯ Bayern Munich ក៏បាន​ផ្តួល​ក្រុម Borussia Dortmund ដោយ​បាល់​ប៉េ​ណា​ល់​ទី​ដូចគ្នា​ក្នុង​លទ្ធផល ៥-៤ ដើម្បី​លើក​ពាន Garman Super Cup ។​



Victor Moses រកបាន​១​គ្រាប់​ឲ្យ Chelsea នាំមុខ​មុន​នៅ​ដើមតង់​ទី​២ នាទី​៤៦ មុនពេល Pedro ទទួលបាន​កាត​ក្រហម​ដោយសារ​ឈូស​ជើង​កីឡាករ Mohamed Elneny នៅ​នាទី​៨០  និង​ជា​ពេលដែល Arsenal រកបាន​១​គ្រាប់​តាម​ស្មើ​វិញ​ផងដែរ​។ កីឡាករ​ចំណូល​ថ្មី​របស់​កាំភ្លើង​ធំ Sead Kolasinac បានតែ​តបាល់​បំប៉ោង​សំណាញ់​ទី ពី​ការបញ្ជូន​បាល់​ពី​មិត្ត​រួម​ក្រុម​កីឡាករ Granit Xhaka នៅ​នាទី​៨២​។ ការប្រកួត​បាន​បន្តរ​ហូត​ដល់​ចប់ ៩០​នាទី ក្នុង​លទ្ធផល ១-១ និង​បន្ត​ដល់​ការ​ទាត់​បាល់ទ​ពិន័យ​១១​ម៉ែត្រ​កាត់សេចក្តី​តែម្តង​។​

​ក្នុងការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​កាត់សេចក្តី​ដែល​ប្រើ​រូបមន្ត ABBA ជា​លើកតំបូង​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ អ្នកចាំទី Thibaut Courtois និង Alvaro Morata ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​តោ​ខៀវ Chelsea មិនអាច​ស៊ុត​ប​ញ្ជូ​ល​ទី​អ្នកចាំទី Petr Cech បានទេ ដែល​លទ្ធផល​ចុងក្រោយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Arsene Wenger ឈ្នះ​៤-២ លើ​ក្រុម​របស់លោក Antonio Conte​។​



​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​លើកចុងក្រោយ ពានរង្វាន់​បើក​រដូវ​កាល​នៃ​លី​គ​កំពូល​អង់គ្លេស Community Shield នេះ​កាល​ឆ្នាំ​២០១៥ ដែល​កាលនោះ Arsenal យកឈ្នះ Chelsea ១-០​។​
​សូមបញ្ជាក់ថា Arsenal ធ្លាប់​លើក​ពាន Community Shield ១៥​លើក គិត​ទាំង​ការ​ឈ្នះ​លើក​នេះ​ទៀត ខណៈ Chelsea ធ្លាប់​ឈ្នះ​៤​លើក​។​

​សម្រាប់​មុន​បើក​រដូវ​កាល​រវាង​ក្រុម​ខ្លាំង​នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bayern Munich និង Borussia Dortmund ក៏បាន​ធ្វើការ​ប្រកួត​គ្នា​ដណ្តើមពាន Garman Super Cup ផងដែរ​កាលពី​ថ្ងៃទី​៥ ខែសីហា​។ ក្រុម​ការពារ​តំណែង​ជើងឯក Bundesliga បាន​យកឈ្នះ ម្ចាស់​ជើងឯក German Cup ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ៥-៤ ក្រោយ​ស្មើគ្នា ២-២ នៅ​ម៉ោង​ធម្មតា​៕


Tag:
 បាល់ទាត់​
  Community Shield
  Chelsea
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com