កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Bayern Munich លើកពានបើករដូវកាល ដោយសារការទាត់បាល់ប៉េណាល់ទីដូចគ្នា
× Arsenal ដែលជាជើងឯក FA Cup បានទទួលជ័យជម្នះដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤-២ លើ Chelsea ម្ចាស់ការពារជើងឯកក្របខណ្ឌ Premier League ក្នុងការប្រកួតដណ្តើមពានបើករដូវកាល «Community Shield» នៅកីឡដ្ឋាន Wembly កាលពីរាត្រីថ្ងៃអាទិត្យ។ រីឯ Bayern Munich ក៏បានផ្តួលក្រុម Borussia Dortmund ដោយបាល់ប៉េណាល់ទីដូចគ្នាក្នុងលទ្ធផល ៥-៤ ដើម្បីលើកពាន Garman Super Cup ។
Victor Moses រកបាន១គ្រាប់ឲ្យ Chelsea នាំមុខមុននៅដើមតង់ទី២ នាទី៤៦ មុនពេល Pedro ទទួលបានកាតក្រហមដោយសារឈូសជើងកីឡាករ Mohamed Elneny នៅនាទី៨០ និងជាពេលដែល Arsenal រកបាន១គ្រាប់តាមស្មើវិញផងដែរ។ កីឡាករចំណូលថ្មីរបស់កាំភ្លើងធំ Sead Kolasinac បានតែតបាល់បំប៉ោងសំណាញ់ទី ពីការបញ្ជូនបាល់ពីមិត្តរួមក្រុមកីឡាករ Granit Xhaka នៅនាទី៨២។ ការប្រកួតបានបន្តរហូតដល់ចប់ ៩០នាទី ក្នុងលទ្ធផល ១-១ និងបន្តដល់ការទាត់បាល់ទពិន័យ១១ម៉ែត្រកាត់សេចក្តីតែម្តង។
ក្នុងការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្តីដែលប្រើរូបមន្ត ABBA ជាលើកតំបូងនៅក្របខណ្ឌកំពូលអង់គ្លេសនេះ អ្នកចាំទី Thibaut Courtois និង Alvaro Morata ខ្សែប្រយុទ្ធចំណូលថ្មីរបស់តោខៀវ Chelsea មិនអាចស៊ុតបញ្ជូលទីអ្នកចាំទី Petr Cech បានទេ ដែលលទ្ធផលចុងក្រោយក្រុមដែលដឹកនាំដោយលោក Arsene Wenger ឈ្នះ៤-២ លើក្រុមរបស់លោក Antonio Conte។
ក្រុមទាំងពីរធ្លាប់ជួបគ្នាលើកចុងក្រោយ ពានរង្វាន់បើករដូវកាលនៃលីគកំពូលអង់គ្លេស Community Shield នេះកាលឆ្នាំ២០១៥ ដែលកាលនោះ Arsenal យកឈ្នះ Chelsea ១-០។
សូមបញ្ជាក់ថា Arsenal ធ្លាប់លើកពាន Community Shield ១៥លើក គិតទាំងការឈ្នះលើកនេះទៀត ខណៈ Chelsea ធ្លាប់ឈ្នះ៤លើក។
សម្រាប់មុនបើករដូវកាលរវាងក្រុមខ្លាំងនៃក្របខណ្ឌកំពូលអាល្លឺម៉ង់ Bayern Munich និង Borussia Dortmund ក៏បានធ្វើការប្រកួតគ្នាដណ្តើមពាន Garman Super Cup ផងដែរកាលពីថ្ងៃទី៥ ខែសីហា។ ក្រុមការពារតំណែងជើងឯក Bundesliga បានយកឈ្នះ ម្ចាស់ជើងឯក German Cup ដោយបាល់កាត់សេចក្តីប៉េណាល់ទី ក្នុងលទ្ធផល ៥-៤ ក្រោយស្មើគ្នា ២-២ នៅម៉ោងធម្មតា៕
Tag:
បាល់ទាត់
Community Shield
Chelsea
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com