អន្តរជាតិ
មី​យ៉ាន់​ម៉ា​អះអាងថា​មិនមាន​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ក្នុង​រដ្ឋ Rakhine នោះទេ​
07, Aug 2017 , 3:53 pm        
រូបភាព
ដោយ:
​ក្រុម​ស៊ើបអង្កេត​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិ​ទិ្ធ​មនុស្ស​ក្នុង​រដ្ឋ​Rakhine ប៉ុន្តែ​មី​យ៉ាន់​ម៉ា​បាន​បដិសេដ​ធ​ការចោទប្រកាន់​នេះ​។ អនុ​ប្រ​ធានា​ធីប​តី​មី​យ៉ាន់​ម៉ា​លោក Myint Swe បាន​និយាយថា គ្មាន​ភស្ដុតាង​ណា​ដែល​បញ្ជាក់​ពី​ការរំលោភ​សិ​ទិ្ធ​មនុស្ស និង​ការ​បោសសម្អាត​ជនជាតិភាគតិច​ក្នុង​រដ្ឋ Rakhine ដូចដែល​ក្រុម​ស៊ើបអង្កេត​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​ឡើយ​។​



​កាលពី​ថ្ងៃអាទិត្យ​ទី​៦​ខែសីហា ក្នុងការ​បូកសរុប​បេសកកម្ម​ស្រាវជ្រាវ​រដ្ឋ Rakhine អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក Myint Swe បាន​និយាយថា មី​យ៉ាន់​ម៉ា​មិនបាន​ធ្វើទុក្ខបុកម្នេញ​និង​បោសសម្អាត​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ​Rakhine ដូច​ក្រុម​ការពារ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ចោទប្រកាន់​ឡើយ​។ នេះ​ក៏​ព្រោះ​ការស៊ើបអង្កេត​របសរ​ដ្ឋា​ភិ​បាល​រក​មិនឃើញ​ភស្ដុតាង​ច្បាស់លាស់​បញ្ជាក់​ពី​ទង្វើ​របស់​ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា​ឡើយ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Myint Swe បាន​បញ្ជាក់ថា អំឡុងពេល​ចុះបង្ក្រាប​ចលនា​ប្រដាប់អាវុធ កងសន្តិសុខ​មី​យ៉ាន់​ម៉ា​មិនបាន​រំលោភបំពាន​ស្ដ្រី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​។ ក្រុម​សន្តិសុខ​គ្រាន់តែ​តបត​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​វាយប្រហារ​ប៉ុស្ដិ៍ប៉ូលីស​កាលពី​ខែតុលា​ឆ្នាំ​២០១៦​ប៉ុណ្ណោះ​។ ទោះ​យ៉ាងនេះ​ក្ដី មី​យ៉ាន់​ម៉ា​បានទទួល​ស្គាល់​ដែរ​ថា សមាជិក​មួយចំនួន​តូច​នៃ​ក្រុម​សន្តិសុខ​អាច​នឹង​បាន​ប្រព្រឹត្តិ​អំពើ​ពុំគប្បី​មួយចំនួន​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពិតមែន​។​

​ដោយឡែក លោក Zaw Myint Pe ដែលជា​សមាជិក​បេសកកម្ម​ស្រាវជ្រាវ​ខាងលើ អះអាង​ដែរ​ថា​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​បេសកកម្ម​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​កាលពីដើម​ខែកុម្ភៈ​នេះ​និយាយ​តែ​អំពើ​ប្រឆាំង​មនុស្សធម៌​របស់​កងសន្តិសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​មិនបាន​បូក​បញ្ចូល​ល​អំពើហិង្សា​បង្កដោយ​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ទេ​។ លោក​ចាត់ទុក​ការ​លម្អៀង​នេះ​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មី​យ៉ាន់​ម៉ា​យ៉ាងខ្លាំង​។​

​ក្រុម​ការពារ​សិ​ទិ្ធ​មនុស្ស​មួយចំនួន​បានបង្ហាញ​ការសង្ស័យ​ជុំវិញ​បេស​សកម្ម​ស្រាវជ្រាវ​រដ្ឋ Rakhine ។ ពួកគេ​យល់ថា​បេស​សកម្ម​នេះ​ខ្វះ​អ្នកជំនាញ​បរទេស មាន​វិធីសាស្ដ្រ​ស្រាវជ្រាវ​មិន​ជឿនលឿន និង​មិនគួរ​ឲ្យ​ទុកចិត្ត​នោះទេ ហើយ​ម្យ៉ាង​បេសកកម្ម​នេះ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ ដូច្នេះ អង្គការសហប្រជាជាតិ​បាន​បង្កើត​បេស​សកម្ម​ស្វែងរក​ការពិត​។ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ដល់​សមាជិក​បេសកកម្ម​នេះ​ក្នុង​ការចុះ​ស្រាវជ្រាវ​។​

​សូម​រម្លឹក​ផងដែរ​ថា រដ្ឋ Rakhine ត្រូវ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដាក់​ក្រោម​ការ​រិត​ត្បិត​ចាប់តាំងពី​មានការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ជាច្រើន​កន្លែង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ខែតុលា​ឆ្នាំ​២០១៦​មកម្ល៉េះ​។ អំឡុងពេល​ហាមឃាត់ មី​យ៉ាន់​ម៉ា​ហាមឃាត់​ក្រុមអ្នកកាសែត ក្រុម​អ្នកជំនាញ​សិ​ទិ្ធ​មនុស្ស និង​ក្រុម​បុគ្គលិក​ជួយសង្គ្រោះ​មនុស្សធម៌​ចូលក្នុង​រដ្ឋ Rakhine អស់​រយៈពេល​ជិត​ប្រាំបួន​ខែ​ឯណោះ​៕

Tag:
 សិទ្ធិមនុស្ស
  មី​យ៉ាន់​ម៉ា
  Myint Swe
© រក្សាសិទ្ធិដោយ thmeythmey.com