រថយន្ត
លោក ពូ​ទីន មាន​រថយន្ត​ទំនើបៗ​ជាង​៧០០​គ្រឿង ហើយ​លោក​ចូលចិត្ត​បើក​ខ្លួនឯង​
16, Apr 2018 , 9:39 pm        
រូបភាព
ដោយ: ធីតា
​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន គឺជា​មនុស្ស​ដែល​ស្រឡាញ់​រថយន្ត​ខ្លាំងណាស់ ពោលគឺ​បន្ទាប់ពី​បាន​ប្រើប្រាស់​រថយន្ត​ដំបូង​ដែលជា​អំណោយ​របស់​ម្តាយ​។ ក្នុងចំណោម​ទ្រព្យសម្បត្តិ​មហាសាល លោកពូ​ទីន មាន​រថយន្ត​ទំនើបៗ រួមទាំង​រថយន្ត​ផលិត​ក្នុងស្រុក ជាង​៧០០​គ្រឿង ហើយ​រក្សាទុក​ក្នុង​យានដ្ឋាន​ផ្ទាល់ខ្លួន ដែល​បំពាក់​ទៅដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សុវត្ថិភាព​ខ្ពស់​។​



​បច្ចុប្បន្ន លោក ពូ​ទីន ក្លាយជា​អ្នក​ចូលចិត្ត​សន្សំ​រថយន្ត និង​ចូលចិត្ត​បើករថយន្ត​ដោយ​ខ្លួនឯង​ផងដែរ​។ រថយន្ត របស់លោក​មាន​ផលិត​នៅ​រុស្ស៊ី​ផ្ទាល់​ដែលមាន​តម្លៃថោក ដូចជា Lada Kalina, Niva, Volga GAZ-21 ហើយក៏​ធ្លាប់​បើករថយន្ត​ទាំងនេះ ឌុប​ថ្នាក់ដឹកនាំ​ពិភពលោក​ផងដែរ រួមមាន នាយករដ្ឋមន្ត្រី​តួ​ក​គី Recep Tayyip Erdogan, លោក George W.Bush ។​

​រថយន្ត​ដំបូង​របស់លោក ពូ​ទីន គឺ​ម៉ាក Zaporozhets នៅពេលដែល​គាត់​រៀន​នៅ​ឆ្នាំ​ទី​៣​កម្រិត​មហាវិទ្យាល័យ​។ យោងតាម​ការផ្សាយ​រប​ស់ Emirates247 រថយន្ត​នោះ គឺជា​កាដូ​របស់​ម្តាយ​ដែល​បានឈ្នះ​ក្នុងការ​ចាប់ឆ្នោត​មួយ​។​

​ក្នុងចំណោម​រថយន្ត​ជាង​៧០០​គ្រឿង រថយន្ត​បរទេស​ដែល​លោក ពូ​ទីន ចូលចិត្ត​បំផុត​នោះ គឺ Mercedes-Benz S 600 Guard Pullman ដែលមាន​តម្លៃ​១.៦២​លាន​ដុល្លារ​អាមេរិក និង​ជា​រថយន្ត​ផ្លូវការ​របស់លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ​។ ក្រៅពីនេះ មាន Mercedes-Benz Gelandewagen ដែលមាន​តម្លៃ​ប្រមាណ ៤៣៤ ០០០ ដុល្លារ​អាមេរិក​។​



​ក្រៅពីនេះ លោក ពូ​ទីន ក៏មាន​រថយន្ត​ប្រភេទ Formula One ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ចូលចិត្ត​រថយន្ត​ដែល​ផលិត​នៅក្នុង​ស្រុក ដោយ​លោក​តែងតែ​បើករថយន្ត​ទាំងនេះ ទទួល​ថ្នាក់ដឹកនាំ​ពិភពលោក និង​ទៅ​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​នានា​។ កាលពី​ឆ្នាំ​២០១៦ រថយន្ត BMW របស់​ពូ​ទីន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់ ប៉ុន្តែ​លោកពូ​ទីន មិនមាន​វត្តមាន​នៅក្នុង​រថយន្ត​ឡើយ ដោយពេល​នោះ លោក​ស្ថិតក្នុង​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​ចិន​។​

​នៅ​ឆ្នាំ​២០១៨​ខាងមុខ សារព័ត៌មាន​បរទេស បាន​ផ្សព្វផ្សាយ​ថា លោក​ប្រធានាធិបតី​រូបនេះ នឹង​ប្រើប្រាស់​រថយន្ត​ផ្លូវ​ការដែល​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់​។ «Cortege» គឺជា​គម្រោង​មួយ​ដែល​អនុម័ត​កាលពី​ឆ្នាំ​២០១២ ដើម្បី​លើកកម្ពស់​ការផលិតរ​ថ​យន្ត​ទំនើបៗ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​នៅ​ឆ្នាំ​២០២០ ខាងមុខ គម្រោង Cortege រំពឹង​ផលិត​រថយន្ត​បាន​ពី​៤០០០​ទៅ​៥០០០​គ្រឿង ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ជាពិសេស​អាច​ការពារ​គ្រាប់​បាន​ថែម​ទៀតផង ៕










Tag:
 ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com