កីឡាអន្តរជាតិ
អន្តរជាតិ
តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​ដើម្បី​ផ្តាច់​កិច្ចសន្យា Ronaldo ពី Real Madrid?
07, Aug 2017 , 5:14 pm        
រូបភាព
Cristiano Ronaldo បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ដែល​ចូលចិត្ត​ទស្សនា​ការប្រកួត​បាល់ទាត់​ក្នុង​ក្របខណ្ឌ Premier League មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​រូបគេ​បានប្រកាសថា​ចង់​ចាកចេញ​ពី​អេ​ស្ប៉ា​ញ​ហើយ​ត្រលប់​ទៅ​អង់គ្លេស​វិញ​។ ប្រសិនបើ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​ចាកចេញ​មែន តើ​ក្រុម​ដែល​ចង់បាន​រូបគេ​ទៅ​រួម​ក្រុម​នឹងត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា [Release Clause] ពី​ក្រុម Real Madrid នោះ​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid វ័យ​៣២​ឆ្នាំ​រូបនេះ  កំពុងតែ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​កេង​បន្លំ​ពន្ធ ហើយ​ហាក់ដូចជា​មិន​សប្បាយចិត្ត​ជាមួយនឹង​ជីវិត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ក្រោយពី​ព្រះរាជអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​រូបគេ​ថា​មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក​រហូតដល់ ១៧.៣​លាន​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​នោះ Ronaldo ក៏បាន​ប្រកាស​ចង់​ចាក​ចេញពី​ក្រុម​ស្តេច​សរ ត្រឡប់​ទៅ​អង់គ្លេស​វិញ​។ រូបគេ​បាន​ប្រាប់​តុលាការ​ថា នៅ​អង់គ្លេស​គេ​មិនមាន​បញ្ហា​អ៊ីចឹង​ទេ ហើយ​នេះ​ជា​មួល​ហេតុដែល​គេច​ង់​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ​។​



​ជុំវិញ​ការចង់​ចាកចេញ​នេះ តើ​អតីត​សមាជិក​ក្រុម Manchester United នឹងមាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ប្រសិនបើ​ក្រុម​នៅ​អង់គ្លេស​មួយ​សម្រេចយក​រូបគេ​ទៅ​រួម​ក្រុម ខណៈ​បច្ចុប្បន្ន CR7 នៅជាប់​កិច្ចសន្យា​ជាមួយ Real Madrid រហូតដល់​ឆ្នាំ​២០២១ ឯណោះ​។​

​បើតាម​ការផ្សាយ​របស់ Mirror ម្ចាស់​ពាន Ballon d'Or ៤​សម័យនេះ​មានតម្លៃ​ខ្លួន ១.១៨ ពាន់​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិ្ចសន្យា​របស់គេ​។ តម្លៃ​ខ្លួន​ខ្ពស់កប់ពពក​ដែល​មិនគួ​ឲ្យ​ជឿ​នេះ កើតឡើង​ក្រោយពេល​ក្លិប​អ្នកមាន​របស់​បារាំង Paris Saint Germain ហ៊ានថ្លៃ ២៦០​លាន​ដុល្លារ​ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​យក Neymar ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona កាលពី​ថ្មីៗ​នេះ​៕




Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Neymar
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com