ជាតិ
សង្គមជាតិ
សុខភាព
កុមារ៤ពាន់នាក់ទៀតក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ទទួលសេវាអប់រំ និងសុខភាពមុនចូលបឋមសិក្សា
08, Aug 2017 , 8:19 am        
រូបភាព
អង្គការ​ភ្លែ​ន​អន្តរជាតិ និង​អង្គការ​ដៃគូ​នឹង​សម្ពោធ​ការបន្ត​សកម្មភាព​គម្រោង​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​នៅ​ថ្ងៃទី​៩​ខែសីហា​នេះ​នៅក្នុង​ខេត្តរតនគិរី​។ គម្រោង​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៧​ដល់​២០២០ នឹង​ជួយ​កុមារ​៤០០០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​ក្នុង​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ផ្នែក​ស្មារតី និង​កាយសម្បទា មុន​ពួកគេ​ចូលរៀន​ថ្នាក់បឋមសិក្សា​។​


 
​កូន​ឬ​ស្សី គឺជា​ឈ្មោះ​កម្មវិធី​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ ដែល​នឹង​ជួយ​កុមារ​តូច​អាយុ​ពី​០​ដល់​៦​ឆ្នាំ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ពិសេស​កុមារ​ជនជាតិដើម​ភាគតិច មុន​ពួកគេ​ចូលរៀន​ថ្នាក់បឋមសិក្សា​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​នៅ​ស្រុក បរ​កែវ អូរ​ជុំ តា​វែង និង​វឺ​ន​សៃ នៃ​ខេត្តរតនគិរី និង​ស្រុក ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​ប៉ាង នៃ​ខេត្ត​ស្ទឺ​ង​ត្រែង​។​
 
​លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​ពន្យល់ថា​៖«​គម្រោង​កូន​ឬ​ស្សី នឹង​ផ្តល់​សេវា​សំខាន់ៗ​ដល់​កុមារ​តូចៗ​អាយុ​ក្រោម​៦​ឆ្នាំ ឲ្យ​ពួកគាត់​មានឱកាស​រៀនសូត្រ និង​អភិវឌ្ឍ​សក្តានុពល​ពេញលេញ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ចាប់យក​ចំណេះដឹង​នៅ​បឋមសិក្សា​»​។​


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​ដកស្រង់​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤​ដែល​សរសេរថា កុមារ​តូច​នៅ​កម្ពុជា មិន​ត្រឹមតែ​ត្រូវការ​ជំនួយ​ផ្នែក​អប់រំ​តែមួយ​នោះទេ ពួកគេ​ក៏ត្រូវ​ការ​ជំនួយ​ផ្នែក​សុខភាព​ផងដែរ​។​
 
​តួអង្គ​សំខាន់ៗ​ដែល​អាច​ផ្តល់ជំនួយ​ទាំងពីរ​នេះ​ដល់​កុមារ​តូច មុន​ពួកគេ​ចូល​ថ្នាក់បឋមសិក្សា​នោះ គឺ​ក្រុម​ឪពុកម្តាយ សហគមន៍ និង​សា​លាម​ត្តេ​យ្យ​សហគមន៍​។​
​បើតាម​ការបញ្ជាក់​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ គម្រោង​កូន​ឬ​ស្សី​នឹង​ផ្តោតលើ​សកម្មភាព​ចំបង​ចំនួន​៥​គឺ​៖ ទី​១ ពង្រឹងសមត្ថភាព​ក្រុម​ឪពុកម្តាយ និង​អ្នក​មើលថែ​កុមារ​ដោយ​ផ្តល់​ជំនាញ និង​ចំណេះដឹង​នៃ​ការ​មើលថែ​កុមារ​ក្រោម​៦​ឆ្នាំ​។ ទី​២ គាំទ្រ​សាលា​ម​ត្តេ​យ្យ​សហគមន៍​ចំនួន​៤១ (​ក្នុងស្រុក​ទាំង​៦​នៃ​ខេត្តរតនគិរី និង​ស្ទឹងត្រែង​) ឲ្យ​មាន​បរិយាកាស​សិក្សា​ល្អ​សម្រាប់​កុមារ​។ ទី​៣ ពង្រឹងសមត្ថភាព​គ្រូម​ត្តេ​យ្យ​សហគមន៍​។ ទី​៤ ផ្សព្វផ្សាយ​ដល់​សហគមន៍​ពី​សារសំខាន់​នៃ​ការអប់រំ​កុមារ​តូច និង​ទី​៥ ធ្វើយ៉ាងណា​ឲ្យ​មេឃុំ និង​មេភូមិ ផ្តោត​ការយកចិត្តទុកដាក់​លើ​លើ​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​។​


 
​តាម​បទពិសោធន៍​របស់​អង្គការ​ភ្លែ​ន​ដែល​បាន​អនុវត្ត​គម្រោង​ដូចគ្នា​នៅក្នុង​តំបន់​គោលដៅ​ក្នុង​ខេត្តសៀមរាប កុមារ​អាយុ​ពី​៣​ទៅ​៦​ឆ្នាំ​ដែល​ទទួលបាន​ការអនុវត្ត​គម្រោង​នេះ រៀន​ពូកែ និង​សកម្ម​ជាង​កុមារ​ដែល​មិន​ទទួលបាន​កម្មវិធី​នេះ ហើយ​ពួកគេ​ក៏​ពុំ​សូវ​ប្រឈម​នឹង​ជំងឺ​ក្រិន និង​មាន​ទម្ងន់​ក្រោម​ស្តង់ដារ​ទៀតផង​។​
 
​លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​ពន្យល់ថា​យ៉ាង​ដូច្នេះ​៖«​គម្រោង​នេះ​មិន​គ្រាន់តែ​រួមបញ្ចូល​សមាសធាតុ​អប់រំ​តែមួយ​នោះទេ តែ​ថែមទាំង​ផ្តោតលើ​សុខភាព អាហារ​រូប​ម្ថ​ម្ភ ទឹកស្អាត អនាម័យ និង​ការ​ភ្ញោ​ច​កុមារ​ពី​តូច​ផងដែរ​»៕
 

Tag:
 plan international
 ភ្លែនអន្តរជាតិ
 រតនគិរី
 កូនឬស្សី
© រក្សាសិទ្ធិដោយ thmeythmey.com