ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូមប្រយ័ត្ន៖ បើសិនជាមានអាការៈជំងឺទឹកនោមផ្អែមទាំងនេះ ត្រូវតែជួបពេទ្យភ្លាម
× ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលកើតឡើងនៅពេលរាងកាយមនុស្សយើងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើអាំងស៊ុយលីនបាន។ ជំងឺនេះមានពីរប្រភេទគឺ ប្រភេទទី១ មានន័យថា លំពែងមិនអាចផលិតអាំងស៊ុយលីនបាន ខណៈពេលដែលប្រភេទទី២ លំពែងផលិតបានអាំងស៊ុយលីនគ្រប់គ្រាន់ហើយ តែប្រើមិនកើត។ ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមទាំងអស់មាន ៩០ ទៅ៩៥ភាគរយហើយកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២។
ចំពោះរោគសញ្ញាជំងឺនេះវិញមានការប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សម្រាប់ដំណាក់កាលដំបូងនៃជំងឺនេះ គឺមានរោគសញ្ញាតិចតួចបំផុត ដូច្នេះអ្នកអាចនឹងមិនដឹងថាខ្លួនឯងមានជំងឺនេះឡើយ។ ប៉ុន្តែវាអាចនឹងមានការខូចខាតរួចទៅហើយក្នុងភ្នែក តម្រងនោម និងប្រព័ន្ធបេះដូងសរសៃឈាម ទោះបីជាមិនមានរោគសញ្ញាក៏ដោយ។ អាការៈភាគច្រើនដែលអាចមានដែរនោះមានដូចជា៖
• ឃ្លានខ្លាំង
• ស្រេកទឹកខ្លាំង
• នោមញឹក
• ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
• អស់កម្លាំង ឬងងុយគេង
• ភ្នែកមើលឃើញព្រឹលៗ
• របួសក្រជា មានដំបៅ ឬជាំនៅស្បែក
• ស្បែកស្ងួត និងរមាស់
• មានអារម្មណ៍ឈឺឈៀបៗ ឬស្ពឹកនៅប្រអប់ដៃ ឬប្រអប់ជើង
• ឧស្សាហ៍មានការបង្ករោគផ្សិតនៅស្បែក អញ្ចាញធ្មេញ ប្លោកនោម ឬទ្វារមាស។
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជា៖
• ចាប់ផ្តើមមានអារម្មណ៍ស្រេកទឹកខ្លាំង និងនោមញឹកជាប់ធម្មតា
• ចង្អោ ឬក្អួតច្រើនជាងម្តង
• ស្រកទម្ងន់គួរឲ្យកត់សម្គាល់
• ចាប់ផ្តើមដកដង្ហើមជ្រៅៗ និងញ៉ាប់
• ដកដង្ហើមធំក្លិនដូចថ្នាំលាងក្រចក
• មានអារម្មណ៍ថាខ្សោយ និងងងុយគេង វង្វេងវង្វាន់ ឬវិលមុខ
• មានដំបៅ ពងបែក ដែលមិនជា
បើសិនជាជាតិស្ករក្នុងឈាមឡើងខ្ពស់មិនបានព្យាបាល អ្នកជំងឺអាចនឹងវិវត្តទៅជាស្ថានភាពមួយទៀតហៅថា Diabetic Ketoacidosis។ បើសិនជារឿងនេះកើតឡើងមែន រោគសញ្ញារបស់វាអាចជា ពិបាកដកដង្ហើម ឈឺក្នុងពោះ ក្អួត ខ្សោះជាតិទឹក សន្លប់ និងស្លាប់បើសិនជាមិនបានព្យាបាល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com