ជាតិ
សុខភាព
ក្រសួងសុខាភិបាល​៖ ២០២៥ ពលរដ្ឋ​កម្ពុជា​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ជាង​៦០​ម៉ឺន​នាក់
09, Aug 2017 , 8:59 am         17836
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​មួយ​ប្រភេទ ស្ថិតក្នុង​ប្រភេទ​ជំងឺ​ដែល​មិន​ឆ្លង​។ នៅក្នុង​បទ​បង្ហាញ​ដែល​ផ្តល់​ដោយ​អ្នកស្រី វេជ្ជបណ្ឌិត  កើត ពេជ្រ​ចិន្តា អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួងសុខាភិបាល  ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា កើនឡើង​ប្រមាណ​៧​ម៉ឺន​នាក់ នៅ​ចន្លោះ​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៧ ។ ក្រសួងសុខាភិបាល បាន​ប៉ាន​ស្មានថា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា នឹង​កើន​ដល់​ជាង​៦០​ម៉ឺន​នាក់ នៅ​២០២៥ ។​


​ជំងឺមិនឆ្លង រួមមាន​ជំងឺ​សរសៃឈាម​បេះដូង ជំងឺមហារីក ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​ជាដើម និង​កំពុង​បង្ក​ជា​កង្វល់​សម្រាប់​សាធារណជន​។
​ក្នុង​កិច្ចប្រជុំ​ស្តីពី បេសកកម្ម​រួមគ្នា​របស់​ក្រុមការងារ​អន្តរ​ស្ថាប័ន​នៃ​អង្គការសហប្រជាជាតិ ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ជំងឺមិនឆ្លង​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៨ ខែសីហា អ្នកស្រី វេជ្ជបណ្ឌិត  កើត ពេជ្រ​ចិន្តា បាន​ឲ្យ​ដឹងថា អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ពី ២៥.៥​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០០៤ ដល់​៣២.៦​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០០៧ ។ តាម​អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង   សុខាភិបាល គេ​សន្និដ្ឋានថា នៅ​២០២៥ អ្នក​កើត​ជំងឺ​ទឹក​ផ្អែម​នៅ​កម្ពុជា នឹង​កើន​ឡើងដល់​ចំនួន ៦០.៨​ម៉ឺន​នាក់​។  

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ដែរ​ថា ៥២​ភាគរយ​នៃ​អ្នកស្លាប់   ទូទាំង​ពិភពលោក បណ្តាលមកពី​ជំងឺមិនឆ្លង​ទាំងនេះ ក្នុងនោះ​២៤​ភាគរយ កើត​ជំងឺ​សរសៃឈាម​បេះដូង ១៣​ភាគរយ កើត​ជំងឺមហារីក ៤​ភាគរយ​កើត​ជំងឺ​ផ្លូវដង្ហើម និង​២​ភាគរយ កើត​ជំងឺ​ទឹកនោមផ្អែម​។

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា មូលហេតុ​ចំនួន​៤ ដែល​ឲ្យ​កើត​ជំងឺមិនឆ្លង មាន​ពី​ការប្រើប្រាស់​ថ្នាំជក់ ការប្រើ​គ្រឿង​ស្រវឹង របប​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ប្រៃ ឬ​ផ្អែម​ពេក និង​កង្វះ​កាយ​វប្បកម្ម​។ តាម​លោក មុំ គង់ ជំងឺមិនឆ្លង បានសម្លាប់​ប្រជាជន​កម្ពុជា​រហូតដល់​៥៦​ភាគរយ ខណៈដែល​ជំងឺឆ្លង​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា ៤៤​ភាគរយ​។​



​ដើម្បី​កាត់បន្ថយ​អត្រា​កើន​ជំងឺមិនឆ្លង​ទាំងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​ពលរដ្ឋ ឲ្យ​ចៀសវាង​ការជក់បារី  កុំ​ប្រើប្រាស់​សុរា​ជ្រុស​ហួសហេតុ ហាត់ប្រាណ​ឲ្យ​ទៀងទាត់ និង​កុំ​ហូប​អាហារ​ដែល​ប្រៃ​ពេក ឬ​ផ្អែម​ពេក ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​បង​បងប្អូន​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ទាំង​ពេលព្រឹក និង​ពេល​ល្ងាច ព្រោះ​បើ​ធ្វើដូច្នេះបាន វា​នឹង​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​បាន​រហូតដល់​៨០​ភាគរយ​ឯនោះ​»​។        


   
​លោក Nick Banatvala ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​របស់ WHO ក៏បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​នៅ​ថ្ងៃទី​៨ ខែសីហា​ដែរ​ថា ជំងឺមិនឆ្លង មិន​ត្រឹមតែ​ធ្វើ​មនុស្ស​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានធ្វើ​មនុស្ស​បាត់បង់​បញ្ញា ស្មារតី ពិការភាព និង​បង្ក​ភាពស្មុគស្មាញ​ជាច្រើន​ដល់​មនុស្ស​ដូចគ្នា​។ តែ​យ៉ាងណា​ជំងឺ​នេះ​អាច​ទប់ស្កាត់បាន​។ ដូច្នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​កិច្ចការ​ជាច្រើន ដូច​ជាការ​ពិនិត្យមើល​គោលនយោបាយ ច្បាប់ ផ្សេងទៀត ដើម្បី​ការពារ និង​គាំពារ​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​ពួកគេ​ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ​។ លោក Nick Banatvala បញ្ជាក់​ដូច្នេះ​៖«​ដ្បិត​យើង​មិនអាច​ទប់ស្កាត់​មិន​ឲ្យ​មនុស្ស​ស្លាប់​បាន ប៉ុន្តែ​យើង​ចង់​ឲ្យ​មនុស្ស​ស្លាប់​តាម​អាយុ មិនមែន​ស្លាប់​ដោយសារ​ជំងឺ​នោះទេ​»៕   
Tag:
 ទឹកនោមផ្អែម​
 ​ សុខាភិបាល​
 ​ ជំងឺមិនឆ្លង​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next