ជំនាញ​សិក្សា​ថ្មី​សម្រាប់​បំពេញតម្រូវការ​ទីផ្សារការងារ​
អត្ថបទពាណិជ្ជកម្ម
ជំនាញ​សិក្សា​ថ្មី​សម្រាប់​បំពេញតម្រូវការ​ទីផ្សារការងារ​
09, Aug 2017 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ផលទុន​សរុប​ក្នុងស្រុក (GDP) របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា​បាន​កើនឡើង​ពី ២.៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ១៩៩២ ដល់​ប្រហែល ២០ ពាន់​លាន​ដុល្លារ​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ​។​

​អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មួយ​ចុះ​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០១៧ ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណងជើង​ថា “An economy on the move” (​សេដ្ឋកិច្ច​មួយ​ដែល​កំពុង​បោះជំហាន​ឆ្ពោះទៅមុខ​) បានសរសេរថា​៖

«​កាលពី​ឆ្នាំមុន​ធនាគារពិភពលោក​បាន​តម្លើង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។ ប្រសិនបើ​ការព្យាករណ៍​នេះ​មាន​ភាព​សុក្រឹត ប្រទេស​នេះ​អាច​រំពឹងថា​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣២ ។​” អត្ថបទ​ដដែល​បាន​បន្តថា​៖ “​បើទោះជា​ឧស្សាហកម្ម​កាត់ដេរ​នឹង​នៅ​បន្ត​គ្របដណ្ដប់​សេដ្ឋកិច្ច​ផលិតកម្ម​ក៏ដោយ ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​យានយន្ត​នឹង​ដណ្ដើមយក​ចំណែក​ទីផ្សារ​ផលិតកម្ម​ក្នុងពេល​ខាងមុខ​។​»

​យោងតាម​ការលើកឡើង​របស់​អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ «​វិស័យ​ភ័ស្តុភារ​នឹងមាន​អាទិភាព​ខ្ពស់​ក្នុង​បរិបទ​សមាហរណកម្ម​តំបន់​អាស៊ាន ដែល​នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឆ្លង​ប្រទេស​។​»

​ស្រដៀង​គ្នា​នេះដែរ អត្ថបទ​ទស្សនាវដ្ដី​ប្រចាំខែ​ភាសា​អង់គ្លេស Southeast Asia Globe ដែលមាន​ចំណងជើង​ថា ”What’s next for Cambodia’s manufacturing industry?” បាន​ដកស្រង់​សម្ដី​របស់លោក  Miguel Chanco អ្នកវិភាគ​នៃ​អង្គភាព the Economist Intelligence Unit ប្រចាំ​តំបន់​អាស៊ាន​ថា​៖ «​បើសិនជា​កម្ពុជា​ចង់​ផ្ដោតលើ​ឧស្សាហកម្ម​ណាមួយ​ជាក់លាក់​នោះ ខ្ញុំ​គិតថា​គេ​គួរ​ចាប់ផ្ដើម​ការទាក់ទាញ​វិនិយោគ​ទុក​ដែល​ផ្ដោតលើ​ឧស្សាហកម្ម​ផលិត​គ្រឿង​អេ​ឡិច​ត្រូវ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​ធុន​ស្រាល ដែល​កំពុង​ដក​ប្រតិបត្តិការ​របស់ខ្លួន​ចេញពី​ប្រទេស​ចិន​។​» លោក​បន្តថា​៖ «​កម្ពុ​ជាមាន​លក្ខណៈ​គួរឱ្យ​ទាក់ទាញ​វិនិយោគ​បរទេស​ជាង បើ​ប្រៀបធៀប​នឹង​វៀតណាម​។​»

​លោក​បណ្ឌិត ដេ​ត សុខ​ឧត្ដម សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​គូសបញ្ជាក់ថា ដើម្បីឱ្យ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​អាច​ដើរ​ទៅមុខ​បាន គឺ​ទាមទារ​ឱ្យមាន​ធនធានមនុស្ស​បន្ថែមទៀត​ដែល​សិក្សា ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស ក៏ដូចជា​ផ្នែក​ភ័ស្ដុភារ និង វិស្វកម្ម​ឧស្សាហកម្ម និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​បច្ចេកទេស​ផ្សេងៗ​ទៀត ដែល​នឹង​ពង្រឹងសមត្ថភាព​របស់​និ​យោ​ជិ​ក និង​អ្នកដឹកនាំ​សហគ្រាស​ឧស្សាហកម្ម​ក្នុងស្រុក ដើម្បី​អាច​ស្រូបយក​ការវិនិយោគ​ពី​បរទេស​កាន់តែ​ច្រើនឡើង​។​

​ស្របតាម​របត់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នេះ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​តា​មរយៈ​ការបើក​ជំនាញ​សិក្សា​ថ្មី​ពីរ​ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​សិក្សា ២០១៧ - ២០១៨ នេះ គឺ ជំនាញ ភ័ស្តុភារ និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics) និង​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering)​។ សូមបញ្ជាក់ថា​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បានប្រកាស​ទទួល​និស្សិត​ឱ្យចូល​សិក្សា​ជំនាញ​ថ្មី​ទាំងពីរ​នេះ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់ខ្លួន​បន្ទាប់ពី​ទទួលបាន​ច្បាប់​អនុញ្ញាត​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​សិក្សា​ថ្មី​ពីរ​នេះ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​តំណាង​របស់​ក្រសួង​បាន​ចុះមក​ត្រួតពិនិត្យ និង​វិនិច្ឆ័យ​អំពី​គុណភាព​កម្មវិធីសិក្សា សម្ភារ​រូបវន្ត ក៏ដូចជា​គុណវុឌ្ឍិ​របស់​សាស្ត្រាចារ្យ របស់​សាកលវិទ្យាល័យ​។ ដូច្នេះ សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨ ខាងមុខនេះ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​នឹង​ផ្ដល់ជូន​មុខជំនាញ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ទាំងអស់​ចំនួន ១១  រួមមាន​៖ ស្ថាបត្យកម្ម (Architecture) វិស្វកម្ម​សំណង់​ស៊ីវិល (Civil Engineering) វិស្វកម្ម​ស្ថាបត្យកម្ម (Architectural Engineering) គ្រប់គ្រង​សំណង់ (Construction Management) វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា (Management of Information Systems) ធនាគារ​និង​ហិរញ្ញវត្ថុ (Banking and Finance) គ្រប់គ្រង​ពាណិជ្ជកម្ម (Business Administration) ភ័ស្តុភារ​និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics) វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ (Political Science and International Relations)​។​

​ចំពោះ​ឆ្នាំំ​សិក្សា​ថ្មី​២០១៧-២០១៨ សម្រាប់​សិស្ស​និស្សិត​ដែលមាន​គោលបំណង​ចង់​សិក្សា​លើ​ជំនាញ​ថ្មី​នេះ និង​ជំនាញ​ផ្សេងៗ​ទៀត សាកល​វិ​ទ្យ​ល័យ​ក៏មាន​ផ្តល់​អាហារូបករណ៍​ថ្លៃ​សិក្សា​ពីរ​ប្រភេទ ដែល​ប្រភេទ​ទី​១ ជាការ​ផ្តល់​អាហារូបករណ៍​ផ្អែកលើ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់តែ​សិស្ស​បញ្ចប់​ថ្នាក់​ទី​១២​ក្នុង​ឆ្នាំ​២០១៧​នេះ  រីឯ​ប្រភេទ​ទី​២ គឺ​ផ្អែកលើ​ការប្រឡង​យក​អាហារូបករណ៍​ដែល​រៀបចំ​ដោយ​សាក​វិទ្យាល័យ​ផ្ទាល់​។ ចំពោះ​អាហារូបករណ៍​ប្រ​ភេ​ទី​២​នេះ បេក្ខជន​តម្រូវឱ្យ​ឆ្លងកាត់​ការប្រឡង​លើ​វិញ្ញាសា​ផ្សេងៗ​គ្នា​ទៅតាម​ជំនាញ​ដែល​បេក្ខជន​ជ្រើសរើស​។ ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​អាហារូបករណ៍ បេក្ខជន​ត្រូវបំពេញ​សំណុំបែបបទ​តាមរយៈ​អាសយដ្ឋាន​គេហទំព័រ​៖ https://www.zamanu.edu.kh/scholarship_form ។​

​ដូច​រៀងរាល់ឆ្នាំ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​នឹង​រៀបចំ​ថ្ងៃ​ផ្តល់ព័ត៌មាន​ទូទៅ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ដែលជា​កម្មវិធី​សម្រាប់​សាធារណជន សិស្សានុសិស្ស និង​មាតាបិតា អាណាព្យាបាល​ទាំងអស់​មក​ចូលរួម​ដោយ​សេរី ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត​អំពី​មុខជំនាញ​ថ្មីៗ​ទាំងពីរ និង​មុខជំនាញ​ផ្សេងៗ​ទៀត ក៏ដូចជា​ព័ត៌មាន​ទូទៅ​អំពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​អាហារូបករណ៍​ផងដែរ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com