ជាតិ
សេដ្ឋកិច្ច
ទីផ្សារ​អចលនទ្រព្យ នឹង​ជួប​បញ្ហា​ដែរ ឬទេ ក្នុងអំឡុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ?
09, Aug 2017 , 11:27 am        
រូបភាព
ពី ឆ្វេងទៅស្តាំ លោក ង៉ែត ជូ, លោក ចេង ខេង, លោក គីម ហ៊ាង, លោក សៀ ឫទ្ធី
ពី ឆ្វេងទៅស្តាំ លោក ង៉ែត ជូ, លោក ចេង ខេង, លោក គីម ហ៊ាង, លោក សៀ ឫទ្ធី
ដោយ:
​ភ្នំពេញ​៖ ទាំង​អ្នកជំនាញ និង​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​បញ្ចេញ​ការយល់ឃើញ​របស់ខ្លួន​ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​ក្នុងអំឡុង​ការបោះឆ្នោត​សកល​ខាងមុខ​។ អ្នកជំនួញ និង​ភ្នាក់ងារ​ក្នុង​វិស័យនេះ អះអាងថា ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា​ជារួម នឹងមិន​កើតមាន​បញ្ហា​អ្វី​ឡើយ​ក្នុងអំឡុង​ការបោះឆ្នោត​។ រីឯ​អ្នកជំនាញ​សេដ្ឋកិច្ច បញ្ជាក់ថា ទីផ្សារ​អចលនទ្រព្យ​តម្លៃ​ទាបៗ​នឹង​នៅតែ​ប្រព្រឹត្តទៅ​ជាធម្មតា ប៉ុន្តែ​អចលនទ្រព្យ​តម្លៃ​ខ្ពស់ៗ នឹងមាន​បញ្ហា​ទីផ្សារ ខណៈ​ទីផ្សារ​ប្រភេទ​នេះ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ រួមទាំង​មូលហេតុ​នៃ​ការបោះឆ្នោត​ផងដែរ​។​



​លោក ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ឲ្យ​ដឹងថា ទីផ្សារ​អចលនទ្រព្យ​នឹង​នៅតែ​ដំណើរការ​ជាធម្មតា ដោយ​តម្លៃ​អចលនវត្ថុ​នឹងមិន​ធ្លាក់ចុះ​ក្នុងអំឡុង​ការបោះឆ្នោត​ខាងមុខ​ឡើយ​។ «​ជិត​បោះឆ្នោត និង​បោះឆ្នោត​ហើយក៏​ដោយ គឺ​អត់​មាន​ដី​ឯណា​ធ្លាក់ចុះ​ទេ​»​។ នេះ​ជាការ​កត់សម្គាល់ និង​វាយតម្លៃ​មុន​របស់ លោក ចេង ខេង ពី​ទីផ្សារ​ដីធ្លី​ក្នុងអំឡុង​ការបោះឆ្នោត​អាណត្តិ​មុនៗ និង​អាណត្តិ​ថ្មី​។ លោក ចេង ខេង លើកឡើង​ដូចនេះ​ក្នុង​វេទិកា​ស្ដីពី​ភាពជោគជ័យ​របស់​ភ្នាក់ងារ​អចលនវត្ថុ កាលពី​ថ្ងៃទី​៤​ខែសីហា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។

​យល់ឃើញ​ដូចគ្នានេះ​ផងដែរ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ និង​ជា​ប្រធាន​ក្រុមហ៊ុន Khmer Real Estate ថ្លែងថា ការបោះឆ្នោត​ខាងមុខនេះ​នឹងមិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ដល់​វិស័យ​ដីធ្លី​ឡើយ​។ លោក​គូសបញ្ជាក់​យ៉ាងដូច​នេះ​ថា​៖«​ជារួម​បោះឆ្នោត​អត់​មាន​ប៉ះពាល់​រឿង​ដីធ្លី​នោះទេ តែ​ជា​លក្ខណៈ​បុគ្គល​»​។  ជា​លក្ខណៈ​បុគ្គល ដែល លោក គីម ហ៊ាង ពន្យល់ថា តម្លៃ​អចលនទ្រព្យ​ខ្ពស់ ឬ​ទាប អាស្រ័យ​ម្ចាស់​អចលនវត្ថុ​ជួប​បញ្ហា​ហិរញ្ញវត្ថុ ឬទេ​?

​រីឯ លោក សៀ ឫទ្ធី អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ឈានមុខ​នៅ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន Worldbridge Group មានប្រសាសន៍ថា តម្លៃ​ដីធ្លី​ធ្លាក់ចុះ ឬ​ឡើង មិន​ចំណុះ​ឲ្យ​ទីផ្សារ​នោះទេ​។ លោក​ថ្លែង​បែបនេះ​ថា​៖«​យើង​ថា​ដី​ពេល​បោះឆ្នោត​ធ្លាក់ ជា​គំនិត​មាន តែ​ជា​ធាតុពិត​យើង​ត្រូវ​យល់ថា​ដី​ធ្លាក់ ឬ​មិន​ធ្លាក់​មិន​អា​ស្រ័យ​ទីផ្សារ​ទេ គឺ​អា​ស្រ័​យ​លើ​អ្នកលក់ និង​អ្នកទិញ​។ បើ​អ្នកលក់​ទាល់​លុយ​គាត់​ទម្លាក់​ថ្លៃ តែបើ​ដី​ឧកញ៉ា​វិញ​ដែល​ថោក​?»​។​

​ទោះបីជា​លោក សៀ ឫទ្ធី ថា​តម្លៃ​អចលនទ្រព្យ​មិន​ជួប​បញ្ហា​ក្នុងអំឡុង​បោះឆ្នោត ប៉ុន្តែ​លោក​បញ្ជាក់ថា នយោបាយ​នៅ​កម្ពុជា​អំណោយផល​ដល់​ការរកស៊ី​៣​ឆ្នាំ និង​បង្ក​ផល​លំបាក​ដល់​ការធ្វើ​ជំនួញ​រយៈពេល​២​ឆ្នាំ ពោលគឺ​មុន​បោះឆ្នោត​មួយឆ្នាំ និង​ក្រោយ​ការបោះឆ្នោត​មួយឆ្នាំ​។ ទោះយ៉ាងណា​អ្នកជំនួញ​ធំ​រូបនេះ ចាត់ទុក​បញ្ហានយោបាយ​ក្នុងអំឡុង​បោះឆ្នោត ដែល​តែងតែ​កើតឡើង​នេះ​ថា​មិន​បង្ក​ជា​បញ្ហា​ធំ​ហួស​ពី​ការរំពឹងទុក​របស់​អ្នកជំនួញ​នោះទេ​។ លោក​និយាយ​ដូចនេះ​ថា​៖«​ការរកស៊ី​នៅ​កម្ពុជា មុន ឬ​ក្រោយ​ការបោះឆ្នោត ខ្មែរ​យើង​គឺ ៣​បូក​២ វិភាគ​ឲ្យ​ច្បាស់ វា​មិនដែល​ទៅណា​ទេ​»​។​

​លោក សៀ ឫទ្ធី បាន​វាយតម្លៃ​ជារួម​ថា​ទីផ្សារ​អចលន​ទ​ព្យ​ប្រព្រឹត្តទៅ​ល្អ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​រូបនេះ​ក៏បាន​លើកឡើង​ពី​ភាពស្ទាក់ស្ទើរ​របស់​អ្នកទិញ​បរទេស​ចំពោះ​គម្រោង​ខុន​ដូ​របស់លោក​ផងដែរ​។ លោក​ថ្លែង​បញ្ជាក់​ដូចនេះ​ថា​៖«​ការលក់​ទៅមុខ​ជិត​បោះឆ្នោត គឺ​អា​ស្រ​យ​អតិ​ជន​ក្រៅប្រទេស ព្រោះ​ជិត​បោះឆ្នោត ពួកគេ​មានការ​បារម្ភ ដែល​អាចមាន​ការ​ថម​ថយ​អតិថិជន​ក្រៅ​ស្រុក ប៉ុន្តែ​សម្រាប់​អតិថិជន​ក្នុងស្រុក​សម្រាប់​ផលិតផល​របស់ខ្ញុំ សព្វថ្ងៃ គឺ​អត់​មាន​បញ្ហា​អ្វី​ទេ​»​។​

​ដោយឡែក​អ្នកវិភាគ​សេដ្ឋកិច្ច លោក ង៉ែត ជូ ប្រាប់ថា ទីផ្សារ​អចលនទ្រព្យ សម្រាប់​អចលនទ្រព្យ​តម្លៃ​ទាបៗ នឹងមិន​ជួប​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​ចំពោះ​អចលនទ្រព្យ​តម្លៃ​ខ្ពស់ៗ​នឹង​ជួប​បញ្ហា ដោយសារ​ភាព​ឆ្អែ​តនៃ​ទីផ្សារ និង​ភាពស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត​រប​ស់​អ្នកទិញ ក្នុងអំឡុង​បោះឆ្នោត​ឆ្នាំ​២០១៨ ។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖ «​ដំណើរ​ទៅមុខ​អាច​យឺត​មែនទែន និង​អាច​ជាប់គាំង​មួយរយៈ ប៉ុន្តែ​ទៅតាម​ចំណែក​ទីផ្សារ​»​។

​លោក​ពន្យល់ថា អចលនទ្រព្យ​ដូចជា ខុន​ដូ លំនៅឋាន ដែលមាន​តម្លៃរ​រង្វង់ ៣​ម៉ឺន​ដុល្លារ​ចុះក្រោម សម្រាប់​អតិថិជន​ចំណូល​ទាប នឹង​ប្រព្រឹត្តទៅ​ជាធម្មតា ដោយសារ​ទីផ្សារ​ប្រភេទ​នេះ​ផ្គត់ផ្គង់​តម្រូវការ​មូលដ្ឋាន​សម្រាប់​ការ​ស្នាក់នៅ​។   ប៉ុន្តែ​អចលនទ្រព្យ​តម្លៃលើស​នេះ នឹង​ប្រឈម​នឹង​ការលក់​យឺត ឬ​លក់​មិន​ចេញ​។ លោក ង៉ែត ជូ លើកឡើង​ដូចនេះ​ថា​៖«​អចលនវត្ថុ​តម្លៃ​ខ្ពស់​ភាគច្រើន​សម្រាប់​តម្រូវ​ការជាក់ស្ដែង គឺ​ទី​ផ្សា​រឆ្អែតហើយ​។ ហើយ​អ្នកទិញ​ភាគច្រើន​ទិញ​សម្រាប់​លក់​យកចំណេញ ដូចនេះ​ដោយសារ​ស្ថានភាព​នយោបាយ​ជិត​បោះឆ្នោត អ្នកទិញ​នឹង​ប្រយ័ត្នប្រយែង​»​។

​លោក​គូសបញ្ជាក់​បន្ថែមថា ទីផ្សារ​ដីធ្លី​នៅ​ជាយក្រុង​ភ្នំពេញ​អាច​នៅ​ដំណើរការ​ខ្លះ ប៉ុន្តែ​បើ​នៅ​កណ្ដាល​ក្រុង​នឹង​ជួប​បញ្ហា​ជាប់គាំង​ភាគច្រើន ដោយ​បញ្ហា​ដី​កណ្ដាល​ក្រុង​នេះ​ត្រូវ​ភ្ជាប់​ជាមួយ​ការលក់​ខុន​ដូ​។​

​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ខែឧសភា​ឆ្នាំនេះ បាន​ឲ្យ​ដឹងថា ភាពយឺត​ជាង​មុន​នៃ​ប្រភព​ទុន និង​ការ​ខិតជិត​នៃ​ឆ្នាំ​បោះឆ្នោត អាចធ្វើ​ឲ្យ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ​។ របាយការណ៍​ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទស្សនវិស័យ​ឆ្នាំ​២០១៨ នេះ បាន​ព្យាករ​ថា កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ​នឹង​ថមថយ​ពី ៩,៥​ភាគរយ នៅ​ឆ្នាំ​២០១៦ មក​នៅត្រឹម ៨,៣​ភាគរយ នៅ​ឆ្នាំ​២០១៧ ។ របា​ការណ៍​បន្ថែមថា កំណើន​ឥណទាន​ទៅលើ​វិស័យ​អចលនទ្រព្យ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ២៧​ភាគរយ ដែល​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ កំណើន​នេះ​មាន​រហូតដល់ ៦៧,៩​ភាគរយ​។ របាយការណ៍​ដដែល​នេះ​បន្តថា កំណើន​វិស័យ​អចលនវត្ថុ​នឹង​បន្ត​ថមថយ​នៅ​ឆ្នាំ​២០១៨ ៕


Tag:
 ទីផ្សារ​អចលនទ្រព្យ​
  ទីផ្សារ​ដីធ្លី​
  សៀ ឫទ្ធី​
  ង៉ែត ជូ​
  គីម ហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com