ជាតិ
បក្ស​ខ្មែរ​រួបរួម​ជាតិ គួរ​ត្រៀម​អ្នក​ជំនួស​លោក ញឹក ប៊ុនឆៃ ដើម្បី​ការពារ​គណបក្ស​កុំ​ឲ្យ​រំលាយ​
09, Aug 2017 , 12:08 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​២​ករណី ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។ បញ្ហា​ក្តីក្ដាំ​នេះ បានធ្វើ​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រឈម​នឹង​ការបាត់បង់​ឱកាស​ប្រជែង​សន្លឹកឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨​។ ប៉ុន្តែ​ត្រង់​បញ្ហា​នេះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គួរតែ​ត្រៀម​អ្នក​ជំនួស​តំណែង​លោក ញឹក ប៊ុនឆៃ ដើម្បី​បន្ត​ដំណើរការ​គណបក្ស ក្នុងការ​ចូលរួម​ប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ​។​



​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា មិនអាច​សន្និដ្ឋានបាន​ពី​ជោគវាសនា​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នោះទេ​។ លោក ហង្ស ពុទ្ធា គ្រាន់តែ​អាច​លើក​ទឡ្ហីករណ៍​តាម​តថភាព​ជាក់ស្ដែង ចំនួន​២ ជុំវិញ​បញ្ហា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ​។ ទឡ្ហីករណ៍​ទី​១ ត្រូវបាន​លោក ហង្ស ពុទ្ធា ពន្យល់​តាមផ្លូវ​ច្បាប់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០១៨​បាន ដរាបណា​លោក ញឹក ប៊ុនឆៃ មិន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​។ ចំណែក​ទឡ្ហីករណ៍​ទី​២ បើ​លោក ញឹក ប៊ុនឆៃ ជាប់​ឈ្មោះ​ជា​ទណ្ឌិត ល្គឹកណា​មាន​អ្នក​ជំនួស​តំណែង​លោក ញឹក ប៊ុនឆៃ ដឹកនាំ​គណបក្ស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ គ​.​ជ​.​ប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​។ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ករណី​លោក ញឹក ប៊ុនឆៃ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នេះ វា​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​ទេ ហើយ​លោក ញឹក ប៊ុនឆៃ នៅតែ​ជា​ជនសង្ស័យ​។ ប៉ុន្តែ​បើសិនជា​ករណីនេះ ឈានដល់​តុលាការ​កំពូល​សម្រេចកា​ត់​ទោស​លោក ញឹក ប៊ុនឆៃ ជា​ផ្លូវការ នោះ​គាត់​មានឈ្មោះ​ជា​ទណ្ឌិត ដូចនេះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនអាច​ចូលរួម​បោះឆ្នោត​បានទេ ព្រោះដោយសារខុសពីច្បាប់ស្តីពីគណបក្សនយោបាយ​»​។​

​លោក ហង្ស ពុទ្ធា បន្ត​ពន្យល់​ដូច្នេះ​ថា​៖« បើ​លោក ញឹក ប៊ុនឆៃ សម្រេច​លាលែង​ចេញពី​តំណែង ដើម្បី​ទុក​ឲ្យ​គណៈ​ក​ម្មា​នាយក​បក្ស​គាត់ ជ្រើស​រើសអ្នកថ្មី​ជំនួស​គាត់​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នោះ គណបក្ស​នេះ​នៅតែ​អាច​ចូលរួម​ការបោះឆ្នោត​បាន​ជាធម្មតា​»​។​

​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក រុណ មាត្រា ដើម្បី​សុំ​ការអត្ថាធិប្បាយ​ពី​ដំណោះស្រាយ​បញ្ហា​របស់​គណបក្ស​នៅឡើយ​ទេ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឃើញថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានសម្រេច​ពន្យា​ពេល​សមាជ​គណបក្ស​ខ្លួន ក្រោយពេល​លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ ជាងនេះទៀត​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយចំនួន បាន​ចេញពី​គណបក្ស​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាដើម​។

​កាលពី​ថ្ងៃទី​៦ សីហា តុលាការ​បានសម្រេច​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​ពីរ​ករណី ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។ តុលាការ​បាន​ចោទ​លោក ញឹក ប៊ុនឆៃ ពីបទ សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ ។ សំណុំ​នេះ​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់វិធានការ​បន្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​៕
 

Tag:
 ញឹក ប៊ុនឆៃ​
  ខ្មែរ​រួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com