ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បន្ថែម​កញ្ចប់​ថវិកា​សម្រាប់​ផ្ដល់​ឥណទាន​ទិញស្រូវ​ឲ្យ​ដល់ ៥០​លាន​ដុល្លារ
09, Aug 2017 , 5:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើទោះបី​ការប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ពី​ឆ្នាំមុន​មាន​ចំនួន​តិចតួច​យ៉ាងណាក្ដី ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​បន្ត​បន្ថែម​ទុន ២៣​លាន​ដុល្លារ​ទៀត ដើម្បី​បម្រុង​សម្រាប់​ការប្រមូល​ទិញស្រូវ​ពី​កសិករ​ដោយ​សហគ្រាស​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ។



​លោក កៅ ថាច បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៩​ខែសីហា​ថា រដ្ឋាភិបាល ក្នុងពេល​ថ្មីៗ​នេះ បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន ២៣​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​លើ​កញ្ចប់​ថវិកា ២៧​លាន​ដុល្លារ​ដែលមាន​ស្រាប់ ហើយ RDB កំពុង​អនុវត្ត​ថវិកា​ទាំងនេះ​។ លោក​បន្ថែមថា កញ្ចប់​ថវិកា​នេះ នឹងត្រូវ​ផ្ដល់​ឥណទាន​ជូន​រោង​ម៉ាស៊ីនកិនស្រូវ ដោយ​គិត​អត្រា​ការប្រាក់ ៥​ភាគរយ​ក្នុង​មួយឆ្នាំ និង​យក​ស្រូវ​ជា​វត្ថុ​ធានា​ក្នុង​លក្ខខណ្ឌ​ដូច​មុន​។ លោក​បញ្ជាក់ថា ថវិកា​នេះ​សម្រាប់​ផ្ដល់​ឥណទាន​ប្រមូល​ទិញស្រូវ​ប៉ុណ្ណោះ ឯ​ឥណទាន​សម្រាប់ធ្វើ​ឃ្លាំង ឡស​ម្ងួ​ត រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ដោយឡែក​ផ្សេងទៀត​។​

​កញ្ចប់​ថវិកា ២៧​លាន​ដុល្លារ​លើក​មុន ត្រូវបាន​ផ្ដល់​កម្ចី​តែ​ចំនួន ៣,៥​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​គិត​អត្រា​ការប្រាក់ ៧​ភាគរយ​ក្នុង​មួយឆ្នាំ​។ តែ​យ៉ាងណា​រដ្ឋាភិបាល​បាន​បន្ថែម​ថវិកា​ឲ្យ​ដល់​ចំនួន​សរុប ៥០​លាន​ដុល្លារ​។ ការបន្ថែម​នេះ ត្រូវបាន លោក កៅ ថាច ឲ្យ​ដឹងថា តម្រូវការ​ប្រាក់កម្ចី​ទិញស្រូវ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន​។ លោក​បញ្ចាក់​ដូច្នេះ​ថា​៖«​យើង​ប៉ាន់​ស្មានថា​នឹងមាន​អ្នក​ខ្ចី​ច្រើន​។ ឆ្នាំមុន​ខ្ចី​តិច​ដោយសារ​មាន​សម្ពាធ​ពី​ទីផ្សារ​ខាងក្រៅ តែ​ឆ្នាំនេះ​ទីផ្សារ​ទំនងជា​មាន​លំនឹង ដូចនេះ​អ្នក​ហ៊ាន​ទិញ​ស្តុក​ទុក​នឹងមាន​ច្រើន ដែល​ពួកគាត់​នឹងត្រូវ​ការ​ទុន​បន្ថែម​ច្រើន​»​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​នាំចេញ​អង្ករ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ចំនួន ២៥​ម៉ឺន​តោន​ក្នុងឆ្នាំនេះ ក្នុងចំណោម​ទំហំ​សរុប​មួយ​លាន​តោន​សម្រាប់​រយៈពេល​៥​ឆ្នាំ​។ នេះ​ជាទី​ផ្សារ​ធំថ្មី​មួយទៀត បន្ទាប់​កម្ពុ​ជាមាន​ទីផ្សា​រ​ចិន​ដែល​រដ្ឋាភិបាល​ទាំងពី​បាន​ព្រមព្រៀង​នាំចេញ​ក្នុង​បរិមាណ ២០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧ និង ៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ។

​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ​នេះ ក្នុងពេល​ថ្មី​នេះ ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ពោត​ជា​បណ្ដោះអាសន្ន​ដើម្បី​សង្គ្រោះ​តម្លៃ​ពោត តែ​ឥឡូវ​ថវិកា​នេះ​ត្រូវបាន​បង្វិល​ទៅ​វិស័យ​ស្រូវ​វិញ​៕


Tag:
 អង្ករ​
  កៅ ថាច
© រក្សាសិទ្ធិដោយ thmeythmey.com