ជាតិ
លោក គឹម សុខ ត្រូវបានតុលាការ កាន់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ កន្លះ និងត្រូវបង់ប្រាក់ជាង ២សែនដុល្លារ
× ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ កន្លះ ដោយសារតែចោទសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ តុលាការរាជធានីភ្នំពេញ បានសម្រេចដូច្នេះ តាមរយៈការប្រកាសសាលក្រម នៅរសៀលថ្ងៃទី១០ ខែខែសីហា ឆ្នាំ២០១៧នេះ។
ក្រៅពីឲ្យជាប់ពន្ធនាគារ តុលាការ ក៏បានតម្រូវឲ្យលោក គឹម សុខ បង់ប្រាក់ផងដែរ។ បើតាមសាលក្រមរបស់តុលាការ លោក គឹម សុខ ត្រូវបង់ប្រាក់ ៨លានរៀល ចូលទៅរដ្ឋ (ផ្នែកព្រហ្មទណ្ឌ) និងបង់ប្រាក់ ៨00លានរៀលទៀត ឲ្យទៅសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង (ផ្នែករដ្ឋប្បវេណី)។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តុលាការរាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿងរបស់លោក គឹម សុខ ដែលប្តឹងដោយសម្តេច ហ៊ុន សែន។ ប៉ុន្តែ ក្រោយបញ្ចប់សវនាការ តុលាការ មិនបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយរងចាំប្រកាសនៅថ្ងៃទី១០ ខែខែសីហា ឆ្នាំ២០១៧នេះ។
លោក គឹម សុខ បានជាប់ឃុំ ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧មក ដោយរងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមពាក្យបណ្តឹងរបស់សម្តេច ហ៊ុន សែន។ បើតាមលោក គី តិច ដែលជាមេធាវីរបស់សម្តេច ហ៊ុន សែន ការប្តឹងនេះ គឺដោយសារតែលោក គឹម សុខ បានចោទថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ នៅក្នុងពាក្យបណ្តឹងនេះ សម្តេច ហ៊ុន សែន បានទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ពីលោក គឹម សុខ។
លោក គឹម សុខ នៅរងពាក្យបណ្តឹងមួយទៀត ពីសម្តេច ហ៊ុន សែន។ បណ្តឹងលើកទីពីរនេះ គឺពាក់ព័ន្ធនឹងការលើកឡើងរបស់ គឹម សុខ ដែលចោទថា ប្រព័ន្ធមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកឃាតកមិនឃើញ។ សម្រាប់បណ្តឹងនេះ សម្តេច ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក គឹម សុខ ២៥០០ដុល្លារអាមេរិក៕
Tag:
គឹម សុខ
ជាប់ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com