កីឡាជាតិ
ជាតិ
Singapore Cup វគ្គ​១/៤៖ ណាហ្គា ប៉ះ​ម្ចាស់ផ្ទះ Houngang United ជើង​ទីមួយ​
11, Aug 2017 , 7:58 am        
រូបភាព
ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនឡើងរយយន្តក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនឡើងរយយន្តក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​បញ្ហា​របួស​និង​អវត្តមានរ​ខ្សែការពារ​ជា​ក្តីកង្វល់​របស់​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល នា​ជំនួប​ជាមួយ​ក្រុម Houngang United របស់​សិង្ហ​បុរី​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Singapore Cup 2017 នា​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃទី​១១ សីហា នៅ​កីឡដ្ឋាន Hougang Stadium​។ បញ្ហា​របួស​នេះ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​គ្រូបង្វឹក​ណាហ្គា​វើ​ល​គ្រោង​លេង​ដោយ​ផ្តោត​ខ្លាំង​លើ​តំបន់​ការពារ​ច្រើ​ជាង​តំបន់​ប្រយុទ្ធ​ដែរ​។​



​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល លោក មាស ចាន់ណា បាន​ដឹកនាំ​ក្រុម​ខ្លួន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពី​រសៀល​ថ្ងៃទី​៩ សីហា ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម Houngang United របស់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​១​នៃ​ពានរង្វាន់ Singapore Cup 2017 នៅ​កីឡដ្ឋាន Hougang Stadium នា​ថ្ងៃទី​១១ ខែសីហា​។​

​បើ​យោងតាម លោក មាស ចាន់ណា ណាហ្គា​វើ​ល​បាន​នាំយក​កីឡាករ​១៨​នាក់​ទៅ​ចូលរួម​ប្រកួត ក្នុងនោះ​មាន​កីឡាករ​បរទេស​ចំនួន​៣​នាក់​រួមមាន​ខ្សែការពារ​ជប៉ុន Kento Fujihara ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា George Kelechi និង Atuheire Kipson រួមជាមួយ​គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​៥​នាក់​ទៀត​។

​បញ្ហា​របួស​កីឡាករ​ជនជាតិ​ជប៉ុន Kento Fujihara, លេង មករា និង​អវត្តមាន​កីឡាករ ឆេង ម៉េង ដែល​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ដែល​សុទ្ធសឹង​ជា​ខ្សែការពារ បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​គ្រូបង្វឹក​ណាហ្គា​វើ​ល​។ តែ​យ៉ាងណា លោក មាស ចាន់ណា អះអាងថា លោក​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​ផ្តោតលើ​តំបន់​ការពារ​ច្រើនជាង​តំបន់​ប្រយុទ្ធ​។ លោក នឹងដាក់​កីឡា​ករពី​៥​ទៅ​៦​នាក់​នៅ​តំបន់​ការពារ​ដោយ​ប្តូរ​ខ្សែប្រយុទ្ធ សួង វីរៈ និង សារី ម៉ាត់​ណូ​រ៉ូ​ទីន មកលេង​ក្នុង​តំបន់​ការពារ​។

​មុន​ឡើង​រថយន្តក្រុង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក មាស ចាន់ណា បាន​បញ្ជាក់ថា​៖«​ក្រុម Houngang ជា​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​លី​ក​កំពូល​សិង្ហ​បុរី គេ​មិន​អត់​ជាង​យើង​នោះទេ ហើយក៏​មិន​លើស​យើង​ដែរ​។ ប៉ុន្តែ​ដោយសារ​កីឡាករ​យើង​៣​ទៅ​៤​នាក់​មាន​របួស អ៊ីចឹង​វា​អាចជា​បញ្ហា​ចោទ​សម្រាប់​យើង​។ ដូច្នេះ​យើង​ត្រូវ​លេង​ទប់​ឲ្យ​បាន​ច្រើនជាង​ប្រយុទ្ធ ព្រោះ​ខ្សែប្រយុទ្ធ​របស់គេ​មាន​ល្បឿន​លឿន​»​។​

​សម្រាប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ ណាហ្គា​វើ​លអាច​ជួប​ការលំបាក​ច្រើន ព្រោះ Houngang United កំពុង​ឈរ​លេខ​រៀង​ទី​៦​ក្នុងចំណោម​ក្រុម​ទាំង​៩ នៃ​លី​ក​កំពូល​សិង្ហ​បុ​រ​ឆ្នាំ​២០១៧ ក្នុងនោះ​ឈ្នះ​៦ ស្មើ​២ និង​ចាញ់​៦ ខណៈ​ក្រុម​ដែល​ណាហ្គា​វើ​ល​យកឈ្នះ​ក្នុង​បើកឆាក Balestier Khalsa កំពុង​ឈរ​លេខ​រៀង​ទី​៧៕


Tag:
 មាស ចាន់ណា​
  Singapore Cup
© រក្សាសិទ្ធិដោយ thmeythmey.com