កីឡាជាតិ
ជាតិ
Singapore Cup វគ្គ១/៤៖ ណាហ្គា ប៉ះម្ចាស់ផ្ទះ Houngang United ជើងទីមួយ ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនឡើងរយយន្តក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
× បញ្ហារបួសនិងអវត្តមានរខ្សែការពារជាក្តីកង្វល់របស់គ្រូបង្វឹកក្រុមណាហ្គាវើល នាជំនួបជាមួយក្រុម Houngang United របស់សិង្ហបុរីក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Singapore Cup 2017 នាវេលាម៉ោង៥ និង៣០នាទីថ្ងៃទី១១ សីហា នៅកីឡដ្ឋាន Hougang Stadium។ បញ្ហារបួសនេះ ក៏ជាកត្តាធ្វើឲ្យគ្រូបង្វឹកណាហ្គាវើលគ្រោងលេងដោយផ្តោតខ្លាំងលើតំបន់ការពារច្រើជាងតំបន់ប្រយុទ្ធដែរ។
គ្រូបង្វឹកក្រុមណាហ្គាវើល លោក មាស ចាន់ណា បានដឹកនាំក្រុមខ្លួនចាកចេញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីកាលពីរសៀលថ្ងៃទី៩ សីហា ដើម្បីត្រៀមប្រកួតជាមួយក្រុម Houngang United របស់ម្ចាស់ផ្ទះសិង្ហបុរីក្នុងវគ្គ៨ក្រុមចុងក្រោយជើងទី១នៃពានរង្វាន់ Singapore Cup 2017 នៅកីឡដ្ឋាន Hougang Stadium នាថ្ងៃទី១១ ខែសីហា។
បើយោងតាម លោក មាស ចាន់ណា ណាហ្គាវើលបាននាំយកកីឡាករ១៨នាក់ទៅចូលរួមប្រកួត ក្នុងនោះមានកីឡាករបរទេសចំនួន៣នាក់រួមមានខ្សែការពារជប៉ុន Kento Fujihara ខ្សែប្រយុទ្ធនីហ្សេរីយ៉ា George Kelechi និង Atuheire Kipson រួមជាមួយគ្រូបង្វឹក និងថ្នាក់ដឹកនាំ៥នាក់ទៀត។
បញ្ហារបួសកីឡាករជនជាតិជប៉ុន Kento Fujihara, លេង មករា និងអវត្តមានកីឡាករ ឆេង ម៉េង ដែលជាប់ភារកិច្ចជាមួយក្រុមជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ដែលសុទ្ធសឹងជាខ្សែការពារ បានក្លាយជាក្តីកង្វល់សម្រាប់គ្រូបង្វឹកណាហ្គាវើល។ តែយ៉ាងណា លោក មាស ចាន់ណា អះអាងថា លោកនឹងរៀបចំយុទ្ធសាស្ត្រថ្មីដោយផ្តោតលើតំបន់ការពារច្រើនជាងតំបន់ប្រយុទ្ធ។ លោក នឹងដាក់កីឡាករពី៥ទៅ៦នាក់នៅតំបន់ការពារដោយប្តូរខ្សែប្រយុទ្ធ សួង វីរៈ និង សារី ម៉ាត់ណូរ៉ូទីន មកលេងក្នុងតំបន់ការពារ។
មុនឡើងរថយន្តក្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស ចាន់ណា បានបញ្ជាក់ថា៖«ក្រុម Houngang ជាក្រុមដែលមានចំណាត់ថ្នាក់ល្អក្នុងលីកកំពូលសិង្ហបុរី គេមិនអត់ជាងយើងនោះទេ ហើយក៏មិនលើសយើងដែរ។ ប៉ុន្តែដោយសារកីឡាករយើង៣ទៅ៤នាក់មានរបួស អ៊ីចឹងវាអាចជាបញ្ហាចោទសម្រាប់យើង។ ដូច្នេះយើងត្រូវលេងទប់ឲ្យបានច្រើនជាងប្រយុទ្ធ ព្រោះខ្សែប្រយុទ្ធរបស់គេមានល្បឿនលឿន»។
សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ ណាហ្គាវើលអាចជួបការលំបាកច្រើន ព្រោះ Houngang United កំពុងឈរលេខរៀងទី៦ក្នុងចំណោមក្រុមទាំង៩ នៃលីកកំពូលសិង្ហបុរឆ្នាំ២០១៧ ក្នុងនោះឈ្នះ៦ ស្មើ២ និងចាញ់៦ ខណៈក្រុមដែលណាហ្គាវើលយកឈ្នះក្នុងបើកឆាក Balestier Khalsa កំពុងឈរលេខរៀងទី៧៕
Tag:
មាស ចាន់ណា
Singapore Cup
© រក្សាសិទ្ធិដោយ thmeythmey.com