កីឡាជាតិ
ជាតិ
Singapore Cup វគ្គ១/៤៖ បឹងកេតព្យាយាមនៅជើងទីពីរល្ងាចនេះ ខណៈ Global មានទុន ៣-១ នាំមុខ លោក ហៅ សុជាតិ កំពុងបង្ហាញទម្រង់លេងដល់កីឡាករនាអំឡុងពេលចូលរួម Singapore Cup 2017។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
× គ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ និយាយថា ការធ្វេសប្រហែសនៅតំបន់ការពារ និងការធ្វើមិនបានសម្រេចនូវឱកាសមាសរបស់កីឡាករជាហេតុនាំឲ្យបឹងកេតចាញ់ Global Cebu FC រហូត ៣-១ នាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Singapore Cup 2017 កាលពីថ្ងៃទី៨ ខែសីហា។ តែយ៉ាងណា លោក ថា បឹងកេតត្រូវបង្កើនការហ្វឹកហាត់កែប្រែចំណុចខ្វះខាត ដើម្បីស្តារមុខមាត់នៅជើងទី២ដែលនឹងប្រព្រឹត្តទៅម៉ោង៥ និង៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Jalan Besar ដដែល។
ភាពខ្វះចន្លោះនៅតំបន់ការពាររបស់កីឡាករជាហេតុធ្វើឲ្យបឹងកេតរបូតរហូតពីរគ្រាប់នៅវគ្គទី១នាំឲ្យ Global Cebu FC នាំមុខ ២-០។ នៅវគ្គទី២ក្រុមបឹងកេតបានកែប្រែស្ថានការណ៍ឲ្យមានភាពល្អប្រសើរឡើងវិញ ហើយបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ Global Cebu FC និងបានបង្កើតឱកាសមាសជាច្រើនផងដែរ។ នេះជាការអះអាងរបស់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត។
ការដាក់សម្ពាធនេះជួយឲ្យប្រធានក្រុម ឃួន ឡាបូរ៉ាវី ទទួលបានបាល់ពិន័យ១១ម៉ែត្រដើម្បីសម្រេចគ្រាប់បាល់ទី១ឲ្យបឹងកេតតាមពីក្រោយ Global Cebu ២-១ នៅនាទីទី៥៣។ ការប្រកួតដំណើរការបានប្រមាណជាជាង១០នាទី ខ្សែបម្រើ Paolo Salenga បានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីជួយឲ្យ Global Cebu FC នាំមុខបឹងកេង ៣-១ នៅនាទីទី៦៨។ លទ្ធផល ៣-១ នេះ ក្រុមទាំងពីរបានរក្សារហូតចប់វគ្គទី២។
«នៅវគ្គទី២យើងធ្វើបានល្អមែនទែន យើងគួរតែទទួលបានលទ្ធផលល្អជាងនេះ។ ក្រោយបានបាល់១១ម៉ែត្រពួកយើងបន្ដដាក់សម្ពាធលើគូប្រកួត និងបានបង្កើតឱកាសល្អៗជាច្រើន ដូចជាឱកាសរបស់ រស់ សំអឿន ទាត់ក្នុងប្រអប់គ្រោះថ្នាក់ តែបានរារាំងដោយខ្សែរការពាររបស់ Global។ Gbenga និង Omogba ទទួលបានឱកាសមាសជាបន្តបន្ទាប់តែស្ដាយ យើងមិនអាចបញ្ចប់ទីគេបានសម្រេច តែនេះជាបាល់ទាត់»។ នេះជាសម្តីរបស់ លោក ហៅ សុជាតិ។
គ្រូបង្វឹករូបនេះបានបន្តថា ខណៈពេលនេះលោកកំពុងជំរុញឲ្យកូនក្រុមប្រមូលកម្លាំង និងផ្តោតអារម្មណ៍ទៅលើការបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីស្តារមុខមាត់ពេលប៉ះ Global Cebu FC ក្នុងជើងទី២នៅថ្ងៃទី១១ សីហា នៅកីឡដ្ឋាន Jalan Besar Stadium៕
Tag:
បឹងកេត
Global FC
Singapore Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com