កីឡាជាតិ
ជាតិ
Singapore Cup វគ្គ​១/៤៖ បឹងកេត​ព្យាយាម​នៅ​ជើង​ទី​ពីរ​ល្ងាច​នេះ ខណៈ Global មាន​ទុន ៣-១ នាំមុខ​
11, Aug 2017 , 8:39 am        
រូបភាព
លោក ហៅ សុជាតិ កំពុងបង្ហាញទម្រង់លេងដល់កីឡាករនាអំឡុងពេលចូលរួម Singapore Cup 2017។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
លោក ហៅ សុជាតិ កំពុងបង្ហាញទម្រង់លេងដល់កីឡាករនាអំឡុងពេលចូលរួម Singapore Cup 2017។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ដោយ:
​គ្រូបង្វឹក​បឹងកេត លោក ហៅ សុជាតិ និយាយថា ការធ្វេសប្រហែស​នៅ​តំបន់​ការពារ និង​ការធ្វើ​មិនបាន​សម្រេច​នូវ​ឱកាស​មាស​របស់​កីឡាករ​ជាហេតុ​នាំ​ឲ្យ​បឹងកេត​ចាញ់ Global Cebu FC រហូត ៣-១ នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Singapore Cup 2017 កាលពី​ថ្ងៃទី​៨ ខែសីហា​។ តែ​យ៉ាងណា លោក ថា បឹងកេត​ត្រូវ​បង្កើន​ការហ្វឹកហាត់​កែប្រែ​ចំណុច​ខ្វះខាត ដើម្បី​ស្តារ​មុខមាត់​នៅ​ជើង​ទី​២​ដែល​នឹង​ប្រព្រឹត្តទៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​នេះ នៅ​កីឡដ្ឋាន Jalan Besar ដដែល​។​



​ភាពខ្វះ​ចន្លោះ​នៅ​តំបន់​ការពារ​របស់​កីឡាករ​ជាហេតុ​ធ្វើ​ឲ្យ​បឹងកេត​របូត​រហូត​ពីរ​គ្រាប់​នៅ​វគ្គ​ទី​១​នាំ​ឲ្យ Global Cebu FC នាំមុខ ២-០​។ នៅ​វគ្គ​ទី​២​ក្រុម​បឹងកេត​បាន​កែប្រែ​ស្ថានការណ៍​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ ហើយ​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ Global Cebu FC និង​បាន​បង្កើត​ឱកាស​មាស​ជាច្រើន​ផងដែរ​។ នេះ​ជាការ​អះអាង​របស់លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​។​

​ការដាក់​សម្ពាធ​នេះ​ជួយ​ឲ្យ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដើម្បី​សម្រេច​គ្រាប់​បាល់​ទី​១​ឲ្យ​បឹងកេត​តាម​ពីក្រោយ Global Cebu ២-១ នៅ​នាទី​ទី​៥៣​។ ការប្រកួត​ដំណើរការបាន​ប្រមាណ​ជាជាង​១០​នាទី ខ្សែបម្រើ Paolo Salenga បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​ជួយ​ឲ្យ Global Cebu FC នាំមុខ​បឹង​កេង ៣-១ នៅ​នាទី​ទី​៦៨​។ លទ្ធផល ៣-១ នេះ ក្រុម​ទាំងពីរ​បាន​រក្សា​រហូត​ចប់​វគ្គ​ទី​២​។

«​នៅ​វគ្គ​ទី​២​យើង​ធ្វើ​បានល្អ​មែនទែន យើង​គួរតែ​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ​។ ក្រោយ​បាន​បាល់​១១​ម៉ែត្រ​ពួកយើង​បន្ដ​ដាក់​សម្ពាធ​លើ​គូប្រកួត និង​បាន​បង្កើត​ឱកាសល្អៗ​ជាច្រើន ដូចជា​ឱកាស​របស់ រស់ សំអឿន ទាត់​ក្នុង​ប្រអប់​គ្រោះថ្នាក់ តែ​បាន​រារាំង​ដោយ​ខ្សែរ​ការពារ​របស់ Global​។ Gbenga និង Omogba ទទួលបាន​ឱកាស​មាស​ជា​បន្តបន្ទាប់​តែ​ស្ដាយ យើង​មិនអាច​បញ្ចប់​ទី​គេ​បានសម្រេច តែ​នេះ​ជា​បាល់ទាត់​»​។ នេះ​ជាស​ម្តី​របស់ លោក ហៅ សុជាតិ​។ 
 
​គ្រូបង្វឹក​រូបនេះ​បាន​បន្តថា ខណៈពេល​នេះ​លោក​កំពុង​ជំរុញ​ឲ្យ​កូនក្រុម​ប្រមូល​កម្លាំង និង​ផ្តោតអារម្មណ៍​ទៅលើ​ការបង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ស្តារ​មុខមាត់​ពេល​ប៉ះ Global Cebu FC ក្នុង​ជើង​ទី​២​នៅ​ថ្ងៃទី​១១ សីហា នៅ​កីឡដ្ឋាន Jalan Besar Stadium៕ 


Tag:
 បឹងកេត​
  Global FC
  Singapore Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com