ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ដាក់ឱសានវាទ៦ថ្ងៃ ឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា
11, Aug 2017 , 9:58 am         29005
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ពីពិធីតែងតាំងប្រធានរាជបណ្ឌិត្យសភាជាផ្លូវការនៅព្រឹកថ្ងៃទី១១ សីហានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ឱសានវាទចំនួន៦ថ្ងៃ ឲ្យភាគីឡាវ ដកកងទ័ពចេញពីខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។ ការកំណត់ពេលវេលាបែបនេះ ធ្វើឡើងក្រោយពីភាគីឡាវ បានបញ្ជូនកម្លាំងទ័ពឈ្លានពានចូលទឹកដីកម្ពុជា អស់រយៈពេល៤ខែមកហើយ។


សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី ហ៊ុន សែន៖



សម្ដេច ហ៊ុន សែន បាន​និយាយថា ភាគី​ឡាវ បាន​បញ្ជូន​កងទ័ព​ឆ្លងទន្លេ​សេកុង ចូល​ទឹកដី​កម្ពុជា តាំងពី​ខែមេសា​មកម្ល៉េះ ក្រោម​ហេតុផល​សុំចូល​ត្រួតពិនិត្យ​លើ​ខ្សែបន្ទាត់​ព្រំដែន ស្រប​ពេលដែល​កម្ពុជា​កំពុង​សាងសង​ផ្លូវ​នៅក្នុង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ​។ សម្ដេច ហ៊ុន សែន មិនអាចទទួលយកហេតុផលភាគីឡាវបានឡើយ។ នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុក​ការលើកឡើងរបស់ភាគីឡាវនេះ គ្រាន់តែ​ជា​លេសចង់​បញ្ជូនកង​ទ័ព​ឈ្លានពាន​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​។​
 
​ជុំវិញរឿងនេះប្រមុខ​រដ្ឋាភិបាល ធ្លាប់បាន​សរសេរ​លិខិត និង​ទូរស័ព្ទ ទៅ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត ជា​ច្រើនដង​មកហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ពនេះ ដោយ​សន្តិវិធី​។ ប៉ុន្តែ​ភាគី​ឡាវ នៅតែ​ព្រងើយកន្តើយ មិន​ព្រម​ដកទ័ព​ចេញពី​កម្ពុជា​ដដែល​។​
 
​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន នឹង​ទៅ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ដោយផ្ទាល់ ដែលអម​ជាមួយ​ឱសានវាទ​រយៈពេល ៦​ថ្ងៃ ​តម្រូវ​ឲ្យ​ភាគី​ឡាវ ដក​កងទ័ព​ចេញ​ទឹកដី​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ ត្រឹម​ថ្ងៃទី​១៧ សីហា​ខាងមុខនេះ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​កាន់តែ​ធ្ងន់ធ្ងរ តាម​រូបភាព​ណាមួយ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​តំណែង​ប្រធាន​រាជបណ្ឌិតសភា នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​សម្ដី​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​មិន​ឲ្យ​អ្នកណា​ជាន់​ដី​ខ្មែរ​ដោយ​យើង​មិន​បានគិត​បានទេ​។ មិត្តភក្តិ​គឺ​មិត្តភក្តិ ប៉ុន្តែ​មិត្តភក្តិ (​ឡាវ​) មក​ជាន់​ក្បាល​បែបនេះ មិនបាន​នោះទេ​។ ហើយ​ខ្ញុំ​បានធ្វើ​រឿងនេះ​ផ្ទាល់​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ ។ ប៉ុល សារឿន បានទទួល​បទបញ្ជា​ហើយ ទៀ បាញ់ បានទទួល​បទបញ្ជា​ហើយ គន់ គីម បានទទួល​បទបញ្ជា​ហើយ បើសិន​ជាមាន​សភាពការណ៍​កើតឡើង សូមកុំ​បន្ទោស​កម្ពុជា​ឲ្យ​សោះ​។ តែ​មុននឹង​ចាត់ការ​យ៉ាងណា​ឲ្យ​ខ្ញុំ​បាន​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​សិន ហើយ​បើមិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ជួប មានតែ​ដក​កងទ័ព​ចេញផុត​ទៅ យើងមិន​ចាំទៅ​ជួប​គ្នាទេ​»​។​
 
​សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​មានការ​ភ្ញាក់ផ្អើល បើ​ឃើញ​មានការ​ចល័ត​កងទ័ព​នៅក្នុង​ប្រទេស ព្រោះ​កងទ័ព​ទាំងនោះ​ត្រូវ​បញ្ជូនទៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ​។​« គ្មាន​អ្នកណា​នៅ​ពីក្រោយ​ឡាវ​ទេ តែបើ​មាន​អ្នក​នៅ​ពីក្រោយ​យើង​វាយបំបាក់​អ្នក​នៅ​ពី​ក្រោយនេះ​ទៀត ព្រោះ​យើង​ធ្លាប់ធ្វើ​ដែរ​តើ វា​គ្មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ទេ តែឡាវ​គាត់​មក​តែម្ដង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជាមិនចង់មានទំនាស់ជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែករណីកងទ័ពឡាវនេះ វាបានកើតឡើងយូណាស់មកហើយ ដែលតម្រូវឲ្យកម្ពុជាការពារដែនអធិបតេយ្យភាពរបស់ខ្លួន​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ប្រាប់​ឲ្យ​ភាគី​ឡាវ ត្រួត​ពិនិត្យមើល​ផែនទី​តាម​ព្រំដែន ឲ្យ​បាន​ច្បាស់​ឡើងវិញ​។ ហើយ​បើ​ភាគី​ឡាវ នៅតែ​មិន​សុខចិត្ត អាច​ដឹក​ដៃ​គ្នា​ជាមួយ​កម្ពុជា ឡើងទៅ​តុលាការអន្តរជាតិ​នៅ​ទី​ក្រុងឡាអេ ដើម្បី​ដោះស្រាយ​បញ្ហាព្រំដែន​នេះ​​៕
Tag:
 ហ៊ុន​ សែន
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next