ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ដាក់ឱសានវាទ៦ថ្ងៃ ឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា
× ភ្នំពេញ៖ ពីពិធីតែងតាំងប្រធានរាជបណ្ឌិត្យសភាជាផ្លូវការនៅព្រឹកថ្ងៃទី១១ សីហានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ឱសានវាទចំនួន៦ថ្ងៃ ឲ្យភាគីឡាវ ដកកងទ័ពចេញពីខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។ ការកំណត់ពេលវេលាបែបនេះ ធ្វើឡើងក្រោយពីភាគីឡាវ បានបញ្ជូនកម្លាំងទ័ពឈ្លានពានចូលទឹកដីកម្ពុជា អស់រយៈពេល៤ខែមកហើយ។
សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី ហ៊ុន សែន៖
សម្ដេច ហ៊ុន សែន បាននិយាយថា ភាគីឡាវ បានបញ្ជូនកងទ័ពឆ្លងទន្លេសេកុង ចូលទឹកដីកម្ពុជា តាំងពីខែមេសាមកម្ល៉េះ ក្រោមហេតុផលសុំចូលត្រួតពិនិត្យលើខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្ពុជាកំពុងសាងសងផ្លូវនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ។ សម្ដេច ហ៊ុន សែន មិនអាចទទួលយកហេតុផលភាគីឡាវបានឡើយ។ នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកការលើកឡើងរបស់ភាគីឡាវនេះ គ្រាន់តែជាលេសចង់បញ្ជូនកងទ័ពឈ្លានពានទឹកដីកម្ពុជាប៉ុណ្ណោះ។
ជុំវិញរឿងនេះប្រមុខរដ្ឋាភិបាល ធ្លាប់បានសរសេរលិខិត និងទូរស័ព្ទ ទៅនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត ជាច្រើនដងមកហើយ ដើម្បីដោះស្រាយបញ្ហាកងទ័ពនេះ ដោយសន្តិវិធី។ ប៉ុន្តែភាគីឡាវ នៅតែព្រងើយកន្តើយ មិនព្រមដកទ័ពចេញពីកម្ពុជាដដែល។
បន្ថែមពីនេះសម្ដេច ហ៊ុន សែន នឹងទៅជួបជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយផ្ទាល់ ដែលអមជាមួយឱសានវាទរយៈពេល ៦ថ្ងៃ តម្រូវឲ្យភាគីឡាវ ដកកងទ័ពចេញទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ ត្រឹមថ្ងៃទី១៧ សីហាខាងមុខនេះ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរ តាមរូបភាពណាមួយ។
ថ្លែងក្នុងពិធីប្រគល់តំណែងប្រធានរាជបណ្ឌិតសភា នៅព្រឹកនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយសម្ដីធ្ងន់ៗយ៉ាងដូច្នេះថា៖«កម្ពុជាមិនឲ្យអ្នកណាជាន់ដីខ្មែរដោយយើងមិនបានគិតបានទេ។ មិត្តភក្តិគឺមិត្តភក្តិ ប៉ុន្តែមិត្តភក្តិ (ឡាវ) មកជាន់ក្បាលបែបនេះ មិនបាននោះទេ។ ហើយខ្ញុំបានធ្វើរឿងនេះផ្ទាល់ទូរស័ព្ទទៅនាយករដ្ឋមន្ត្រីឡាវ ។ ប៉ុល សារឿន បានទទួលបទបញ្ជាហើយ ទៀ បាញ់ បានទទួលបទបញ្ជាហើយ គន់ គីម បានទទួលបទបញ្ជាហើយ បើសិនជាមានសភាពការណ៍កើតឡើង សូមកុំបន្ទោសកម្ពុជាឲ្យសោះ។ តែមុននឹងចាត់ការយ៉ាងណាឲ្យខ្ញុំបានទៅជួបនាយករដ្ឋមន្ត្រីឡាវសិន ហើយបើមិនចង់ឲ្យខ្ញុំទៅជួប មានតែដកកងទ័ពចេញផុតទៅ យើងមិនចាំទៅជួបគ្នាទេ»។
សម្ដេច ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋកុំមានការភ្ញាក់ផ្អើល បើឃើញមានការចល័តកងទ័ពនៅក្នុងប្រទេស ព្រោះកងទ័ពទាំងនោះត្រូវបញ្ជូនទៅខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ។« គ្មានអ្នកណានៅពីក្រោយឡាវទេ តែបើមានអ្នកនៅពីក្រោយយើងវាយបំបាក់អ្នកនៅពីក្រោយនេះទៀត ព្រោះយើងធ្លាប់ធ្វើដែរតើ វាគ្មានអ្នកនៅពីក្រោយខ្នងទេ តែឡាវគាត់មកតែម្ដង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជាមិនចង់មានទំនាស់ជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែករណីកងទ័ពឡាវនេះ វាបានកើតឡើងយូណាស់មកហើយ ដែលតម្រូវឲ្យកម្ពុជាការពារដែនអធិបតេយ្យភាពរបស់ខ្លួន។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រាប់ឲ្យភាគីឡាវ ត្រួតពិនិត្យមើលផែនទីតាមព្រំដែន ឲ្យបានច្បាស់ឡើងវិញ។ ហើយបើភាគីឡាវ នៅតែមិនសុខចិត្ត អាចដឹកដៃគ្នាជាមួយកម្ពុជា ឡើងទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com