អន្តរជាតិ
ចិន​ហៅ​គម្រោង CPEC របស់​ប៉ា​គី​ស្ថាន​ថា​ជា​ដំណើរការ​ដ៏​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​
12, Aug 2017 , 9:59 am        
រូបភាព
ផែន​ទី​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-​ប៉ាគីស្ថាន។
ផែន​ទី​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-​ប៉ាគីស្ថាន។
ដោយ: VOA
​អ៊ី​ស្លា​ម៉ា​បាដ ៖ ចិន​បាន​លើកឡើងថា កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ធំ​របស់ខ្លួន​ជាមួយនឹង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឈានដល់​«​ដំណាក់កាល​ប្រមូល​ផល​ដំបូង​» ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ដំណើរការ​ដ៏​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងចំណោម​គម្រោង​ទាំង​អស់នៃ​ម្រោ​ង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ឬ​ហៅ​កាត់​ថា BRI​។​



​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​សម្ពោធ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន ឬ​ហៅ​កាត់​ថា CPEC កាលពី​២​ឆ្នាំមុន គឺ​នៅពេលដែល​លោក​ធ្វើ​ទស្សនកិច្ច​លក្ខណៈ​ប្រវត្តិសាស្ត្រ​ទៅកាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ (Islamabad)​។ តាំងពី​ពេលនោះ​មក កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​ពីលើ​ទំនាក់ទំនង​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​របស់​ស​ម្ព័​ន្ធ​មិត្ត​តាំងពី​យូរយារ​ទាំងពីរ​នេះ​។​

​ចិន​កំពុង​បណ្តាក់ទុន​ប្រមាណ​៦០​ពាន់​លាន​ដុល្លា​អាមេរិក​ទៅលើ​បណ្តាញ​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង ខ្សែកាប​អុ​ប​ទិច បំពង់​បង្ហូរ​ថាមពល បណ្តុំ​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ច្រករបៀង​សេដ្ឋកិច្ច​នេះ​នឹង​ភ្ជាប់​តំបន់​ភូមិភាគ​ខាងលិច Xinjiang របស់​ចិន ទៅកាន់​កំពង់ផែ Gwadar របស់​ប៉ា​គី​ស្ថាន ដែល​ស្ថិតនៅលើ​សមុទ្រ​អារ៉ាប់​។ ច្រក​នេះ​នឹងធ្វើ​ឲ្យ​ចិន​ជាទី​តាំង​ផ្លូវ​ពាណិជ្ជ​ដែល​ជិត​បំផុត​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​អគ្គរដ្ឋទូត​ស្តីទី​របស់​ចិន​ប្រចាំ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ គឺ​លោក Lijian Zhao បាន​ឲ្យ​ដឹងថា គម្រោង CPEC ទាំង​១៩ មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ននេះ គម្រោង​ទាំងនេះ​បានបញ្ចប់​ឬ​កំពុងដំណើរការ​។​

​លោក Zhao​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ដែលជា​ទីក្រុង​ដ៏​សំខាន់បំផុត​មួយ​នៅ​ប៉ា​គី​ស្ថាន​ថា​៖ «​គម្រោង CPEC ជា​គម្រោង​សាកល្បង និង​ជា​គម្រោង​ដ៏​ធំ​មួយ​នៃ​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​។ នៅពេលនេះ​វា​ជា​គម្រោង​ដែលមាន​ដំណើរការ​យ៉ាង​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងចំណោម​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ទាំងអស់​»​។​

​លោក​បាន​ពណ៌នា​កិច្ចសហប្រតិបត្តិការ​នេះ​ថា​ជា «​កិច្ច​ការដែល​ពុំ​ធ្លាប់មាន​ពីមុនមក​» នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ចិន​និង​ប៉ា​គី​ស្ថាន​។​
​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ទាក់ទិន​នឹង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន CPEC នេះ បានផ្តល់​ការងារ​ដល់​ប្រជាជន​រាប់ពាន់នាក់ ហើយ​មន្ត្រី​ប៉ា​គី​ស្ថាន​រំពឹងថា​នឹងមាន​មនុស្ស​រាប់ម៉ឺន​នាក់​បន្ថែមទៀត​នឹងត្រូវ​ទទួលបាន​ការងា​រ​ធ្វើ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ខាងមុខ​។​

​ទីក្រុង Gwadar ដែល​ស្ថិតនៅក្នុង​ខេត្ត Baluchistan របស់​ប្រទេស​ប៉ា​គី​ស្ថាន គឺជា​ទីតាំង​ដែល​ធ្លាប់មាន​ការវាយប្រហារ​លើ​ក្រុមកម្មករ​នៃ​គម្រោង CPEC កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​អ្នក​រិះគន់​មួយចំនួន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បានបង្ហាញ​ការបារម្ភ​ទៅលើ​ភាពជោគជ័យ​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន CPEC ហើយ​មួយចំនួនទៀត​បាន​ចោទសួរ​ទៅលើ​ការ​ផលចំណេញ​សម្រាប់​ប្រទេស​នេះ​។ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​ច្រានចោល​ការមន្ទិលសង្ស័យ​នេះ ថា​មិនឃើញ​មាន​នោះទេ​។​

​ប្រេសិត​ចិន​បាន​ថ្លែងថា ៖ «​ទោះបីជា​មានការ​រិះគន់​និង​សំឡេង​រំខាន​ពីនេះ​ពី​នោះ​ក៏ដោយ ក៏​៤​ឆ្នាំ​ក្រោយពី​ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្ត​ទុក​ដា​ក់រួ​ម​គ្នា​ពី​ប្រទេស​ទាំង​២ គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន CPEC នេះ នៅ​មិនទាន់​រង​ឥទ្ធិពល​អ្វី​ពី​សំឡេង​រំខាន​នោះទេ​។ ខ្ញុំ​អាច​ប្រាប់​អ្នក​វិញ​ថា​គម្រោង CPEC ប្រព្រឹត្ត​ទៅដោយ​រលូត​»​។​

​លោក​មិនបាន​និយាយ​អ្វី​បន្ថែមទៀត​នោះទេ​។​
​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន CPEC ភាគច្រើន​ស្ថិតនៅក្នុង​ខេត្ត Baluchistan​។ មន្ត្រី​ប៉ា​គី​ស្ថាន​ចោទ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ឥណ្ឌា​ដែលជា​គូប្រជែង ថា​ជា​អ្នកគាំទ្រ​ការវាយប្រហារ​ដោយ​យោធា​នៅក្នុង​ខេត្ត​នោះ ដើម្បី​កម្ទេច​ការវិនិយោគទុន​របស់​ចិន​»​។​

​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​ក្រុមមន្ត្រី​នៅ​ទី​នោះបាន​សម្តែង​ការបារម្ភ​ទៅលើ​ច្រករបៀង​សេដ្ឋកិច្ច​នោះ ពីព្រោះ​វា​ឆ្លងកាត់​តាម​ផ្នែក​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប៉ា​គី​ស្ថាន​នៅក្នុង​តំបន់ Kashmir ដែលជា​តំបន់​បែងចែក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ហើយ​ប្រទេស​ទាំងពីរ​នេះ​អះអាង​រៀងៗ​ខ្លួន​ថា តំបន់​ហិមាល័យ​គឺជា​កម្ម​សិទ្ធ​របស់ខ្លួន​ទាំងស្រុង​។​

​ថ្លែង​នៅក្នុង​សន្និសីទ​មួយ លោកស្រី Tehmina Janjua រដ្ឋលេខាធិការ​ក្រសួងការបរទេស​រប​ស់​ប៉ា​គី​ស្ថាន បាន​ពន្យល់​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅក្នុង​ការ​ប្រប​ត្តិ​គម្រោង​ជាមួយ​ប្រទេស​ចិន​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកឡើងថា ជា​អកុសល ប្រទេសជិតខាង​ភាគ​ខាងកើត​របស់​យើង (​ឥណ្ឌា​) បានប្រកាស​ជា​សាធារណៈ​ប្រឆាំង​ទៅនឹង​គម្រោង CPEC​។ ហេតុផល​ដែល​គេ​លើកឡើង​ដើម្បី​ប្រឆាំង​មកលើ​ពួកយើង គឺ​ពុំមាន​មូលដ្ឋាន​ទាល់តែសោះ​»​។​

​លោកស្រី​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ឥណ្ឌា​ថា​ជា​«​រឿង​ដ៏​អាក្រក់​មួយ​» សម្រាប់​គម្រោង​មួយ​ដែល​លោកស្រី​ថ្លែងថា នឹង​នាំមក​នូវ​ការអភិវឌ្ឍ​និង​ភាព​ចម្រុងចម្រើន​ដល់​ប្រជាជន​នៅ​តំបន់ Kashmir​។​

​លោកស្រី​ថ្លែងបន្ត​ទៀតថា​៖ «​ចិន​និង​ប៉ា​គី​ស្ថាន​នឹង​ឈរ​កៀក​ស្មា​គ្នា​ដើម្បី​អភិវឌ្ឍ​គម្រោង​CPEC ទៅតាម​កាលដែល​បានកំណត់​ទុក​។ យើង​នឹង​បន្ត​ការតាំង​ចិត្ត​យ៉ាង​ពេញលេញ ដោយ​ព្រងើយកន្តើយ​នឹង​សំឡេង​រំខាន​និង​ឆ្លើយតប​ដោយ​ខ្លាំងក្លា​ទៅលើ​ការគំរាមកំហែង​ទាំងឡាយ​ដែល​សំដៅ​មកលើ​គម្រោង CPEC នេះ​»​។​
​យោធា​ប៉ា​គី​ស្ថាន​បានដាក់​ពង្រាយ​កងសន្តិសុខ​រាប់ពាន់នាក់ ដើម្បី​យាមល្បាត​ទៅលើ​គម្រោង​ទាំងនោះ​និង​ដើម្បី​ការពារ​អ្នកជំនាញ​និង​កម្មករ​ចិន​ផងដែរ​។​

​ចិន​ក៏​បដិសេធ​ចំពោះ​ការរាយការណ៍​ថា អាមេរិក​បារម្ភ​ពី​គម្រោង​របស់​ចិន​ដែល​ចង់​ធ្វើ​ឲ្យ​ក្រុង Gwadar ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ចិន​។​

​ក្រុមមន្ត្រី​បាន​និយាយថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ក្រុង​កំពង់ផែ Gwadar​ក្រោម​ជំនួយ​របស់​ចិន ដែល​រចនាសម្ព័ន្ធ​ទាំងនេះ​រួមមាន តំបន់​សេរី​និង​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ​។​

​ស្រប​ពេលដែល​មហាវិថី​មួយចំនួន​កំពុងតែ​ត្រូវបាន​សាងសង់ឡើង ហើយ​ផ្លូវ​ដែលមាន​ស្រាប់​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​កាន់តែ​ទំនើប​ដើម្បី​ភ្ជាប់​តំបន់​នានា​ដែល​ស្ថិតក្រោម​គម្រោង CPEC នេះ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​នៅ​កណ្តាល​ក្រុង Sahiwal ទើបតែ​ត្រូវបាន​សាងសង់​រួចរាល់ ដែល​រោងចក្រ​នេះ​បន្ថែម​ថាមពល​អគ្គិសនី​ក្នុង​កម្រិត ១៣២០ ម៉េ​ហ្កា​វ៉ា​ត់ ទៅដល់​បណ្តាញ​អគ្គិសនី​ជាតិ​របស់​ប៉ា​គី​ស្ថាន​។​

​រោងចក្រ​ថាមពល​ដុត​ធ្យូងថ្ម​ដែល​ផ្តល់​ថាមពល ១៣២០ ម៉េ​ហ្កា​វ៉ា​ត់ទី​២ ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​កំពង់ផែ​ពាណិជ្ជកម្ម Karachi ត្រូវគេ​រំពឹងថា​នឹងត្រូវ​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​នៅក្នុង​ខែវិច្ឆិកា​នេះ ដែល​រោងចក្រ​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បាន​ចំណាយ​ទឹក​ប្រាស់​អស់​២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក​ប្រេសិត Zhao ក៏បាន​បន្ថែមទៀតថា ចិន​ក៏បាន​ផ្តោត​គោលដៅ​ទៅលើ​ការអភិវឌ្ឍ​ផ្លូវដែក​របស់​ប៉ា​គី​ស្ថាន​ឲ្យ​កាន់តែ​ទំនើប ដែល​នឹងធ្វើ​ឲ្យ​ល្បឿន​មធ្យម​កើនឡើង​ដល់​ទៅ​ប្រមាណ ១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​បង្កើនល្បឿន​ពី​ល្បឿន​មធ្យម​បច្ចុប្បន្ន​ដែលមាន​ត្រឹមតែ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com