ជាតិ
សេដ្ឋកិច្ច
GMAC ស្នើក្រសួងពាណិជ្ជកម្ម លុបបំបាត់សេវាលុយក្រោមតុឲ្យបាន រូបថត៖ហ្វេសប៊ុក GMAC
× ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានស្នើឲ្យក្រសួងពាណិជ្ជកម្ម លុបបំបាត់ សេវាក្រៅផ្លូវការ ពីព្រោះ ការចំណាលុយក្រោមតុទាំងនេះ បានធ្វើឲ្យកើនឡើងការចំណាយថ្លៃដើមនៃការនាំចេញនាំចូល។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា៖«វាក៏មានសារសំខាន់ផងដែរ ក្នុងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការមិនចាំបាច់មួយចំនួន ដែលមិនទាន់មានហេតុផលនៅឡើយ ដូចជា កម្រៃគ្រប់គ្រងការនាំចេញ»។ នេះបើយោងតាមទំព័រហ្វេសប៊ុក GMAC ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា។
បើតាម លោក កាំង ម៉ូនីកា ការចំណាយក្រៅផ្លូវការទៅឲ្យខាងកាំកុងត្រូល និងសេវាផ្សេងៗទៀតដែលមិនចាំបាច់ទាំងនេះ បានធ្វើការចំណាយថ្លៃដើមក្នុងការនាំចេញនាំចូល បានកើនឡើងខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី ស៊ឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ថា កន្លងមក ពិតជាមានបញ្ហានេះមែន ដែលបង្កឲ្យមានភាពថ្នាំងថ្នាក់ដល់អតិថិជន។ នេះបើតាមទំព័រហ្វេសប៊ុកខាងលើ។
ហ្វេសប៊ុកខាងលើ សរសេរបន្តថា ក្រៅពីស្នើឲ្យក្រសួងពិនិត្យបញ្ហាលុយក្រោមតុនេះ GMAC ក៏បានស្នើឲ្យក្រសួងបញ្ចុះថ្លៃកម្រៃសេវារដ្ឋបាលផ្លូវការ ដែលបច្ចុប្បន្ន មានតម្លៃ50ដុល្លារអាមេរិក/CO សម្រាប់ទម្រង់A និង30ដុល្លារ/CO សម្រាប់ទម្រង់N ព្រមទាំងកាត់បន្ថយចំនួនថ្ងៃផ្តល់សេវាពី៥ថ្ងៃទៅជាចំនួន២ថ្ងៃវិញ ដើម្បីពន្លឿនការងារឲ្យកាន់តែឆាប់រហ័ស៕
© រក្សាសិទ្ធិដោយ thmeythmey.com