កីឡាជាតិ
ជាតិ
សឿត បារាំង និង អ៊ិន សូដាវីដ ត្រៀមទាំងស៊ីហ្គេម ត្រៀមទាំងបាក់ឌុប
× កីឡាករ សឿត បារាំង និង អ៊ិន សូដាវីដ នៃក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាមានកាតព្វកិច្ចធំៗចំនួនពីរក្នុងខែសីហា នេះ ដោយពួកគេទាំងពីរត្រូវជួយក្រុមជម្រើសជាតិកម្ពុជានាការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងការប្រឡងបាក់ឌុប។ ក្រុម U22 កម្ពុជារបស់លោក Leonardo Vitorino នឹងចាកចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ីនៅថ្ងៃទី១២ ខែសីហា។
ខ្សែការពារ សឿត បារាំង និងខ្សែបម្រើ អ៊ិន សូដាវីដ ក្រៅពីបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែសីហា។ កីឡាករទាំងពីរមានកាតព្វកិច្ចដែលមិនអាចខានបាន គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា នេះផងដែរ។
កីឡាករ អ៊ិន សូដាវីដ បណ្តើរបាល់គេចពីការដណ្តើមរបស់កីឡាករហ្វីលីនក្នុងជំនួបវគ្គជម្រុះ AFC U23 Championship នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ។
ការជាប់កាតព្វកិច្ចប្រឡងបាក់ឌុបនេះដែរ កីឡាករទាំងពីរអាចគ្មានវត្តមានក្នុងក្រុម U22 កម្ពុជាពី២ទៅ៣ប្រកួតក្នុងចំណោម៥ប្រកួតក្នុងវគ្គជម្រុះពូល B។ ក្នុងនោះ U22 កម្ពុជាជួបហ្វីលីពីនក្នុងពេលបើកឆាកនៅថ្ងៃទី១៥ ខែសីហា នៅកីឡដ្ឋាន MP Selayang Stadium ប៉ះវៀតណាមនៅកីឡដ្ឋាន Shah Alam Stadium ថ្ងៃទី១៧ សីហា មុនជួបជាបន្តបន្ទាប់ជាមួយ ថៃ, ទីម័រខាងកើត និងឥណ្ឌូនេស៊ី នៅថ្ងៃទី២០, ២២ និង២៤ ខែសីហា។
ក្រុម U22 ក្រោមការដឹកនាំរបស់លោក Leonardo Vitorino នឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ កីឡាករជម្រើសជាតិទាំង២០នាក់រួមមានអ្នកចាំទី កែវ សុខសិលា, អ៊ុំ សេរីរ័ត្ន, ខ្សែការពារ សឿត បារាំង,ណុប តុលា, សឿយ វិសាល, សំអឿន ពិដោរ, នេន សុធារ័ត្ន, ឆុំ ភីសា, ឆេង ម៉េង, ខ្សែបម្រើ ស៊ិន កក្កដា, ជួន ចាន់ចាវ, អ៊ិន សូដាវីដ, ប្រាក់ ធីវា, ពៅ ប៉ុនវុឌ្ឍី, ហូយ ផល្លីន, គន្ធា រ៉ាវ៉ាន់, សុន វណ្ណដេត, ច្រឹង ពលរដ្ឋ និងខ្សែប្រយុទ្ធ សុក សំណាង និង នួន បូរី៕
Tag:
SEA Games 2017
ម៉ាឡេស៊ី
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com