ជាតិ
សេដ្ឋកិច្ច
អគារ​សល់​ពី​សម័យ​បារាំង នឹងត្រូវ​អភិរក្ស​ទុកជា​កេរ​មរតក​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​
11, Aug 2017 , 8:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
​រដ្ឋាភិបាល​បារាំង ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ បន្ត​យកចិត្តទុកដាក់​អភិរក្ស​អគារ​ចាស់ៗ​ដែល​សល់​ពី​សម័យ​បារាំង ដើម្បី​រក្សា​ទុកជា​កេរ​មរតក​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បានបញ្ជាក់​ក្នុងជំនួប​ជាមួយ​អភិបាល​ក្រុងភ្នំពេញ​ថា ក្រោម​គម្រោង​អភិរក្ស​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ អាច​ជ្រើស​យក​អគារ​សល់​ពី​សម័យ​បារាំង ដែល​ទុកចោល​២ ឬ​៣​អគារ មក​កែលម្អ​ឡើងវិញ​ឲ្យ ដោយ​រក្សា​រចនាបថ​ដើម និង​បង្កើត​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ​ទៀត ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​មកលេង​ភ្នំពេញ​។​



​លោកស្រី EVA NGUYEN BING ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ដ​យកចិត្តទុកដាក់​អភិរក្ស​អគារ​ចាស់ៗ​សល់​ពី​សម័យ​អាណានិគម​បារាំង ដែលមាន​អត្ដ​សញ្ញាណ​វប្បធម៌​បារាំង ដើម្បី​រក្សា​ទុកជា​កេរ​មរតក​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី នៅ​ថ្ងៃទី​១០ ខែសីហា និង​ចុះផ្សាយ​ដោយ​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា​(AKP)​។

​តាម AKP លោកស្រី EVA បញ្ជាក់​ក្នុងជំនួប​នោះ​ថា សំណង់​អគារ​ចាស់ៗ​សល់​ពី​សម័យ​បារាំង គឺ​ជាទី​ចាប់អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​ភ្ញៀវទេសចរ ដែល​វា​បានបង្ហាញ​ពី​ស្ថាបត្យកម្ម និង​គំរូ​ប្លង់​បច្ចេកទេស​ដ៏​អស្ចារ្យ​របស់​បារាំង ដែល​បន្ស៊ី​គ្នា​ជាមួយ​ស្ថាបត្យកម្ម​ខ្មែរ​។ តាម​ឯកអគ្គរដ្ឋទូត បារាំង​ប្រចាំ​កម្ពុជា​គម្រោង​អភិរក្ស​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ អាច​ជ្រើស​យក​អគារ​សល់​ពី​សម័យ​បារាំង ដែល​ទុកចោល​២ ឬ​៣​អគារ មក​កែលម្អ​ឡើងវិញ​ឲ្យ​កាន់តែ​មាន​សោ​ភណ រក្សា​រចនាបថ​ដើម និង​បង្កើត​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​មកលេង​នៅ​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គាំទ្រ​គម្រោង​នេះ និង​សន្យា​ជំរុញ​ឲ្យ​ផែនការ​អភិរក្ស​នេះ មានដំណើរ​ការ​ទៅមុខ​កាន់តែ​ប្រសើរ​។ ឃួ​ង ស្រេង លើកឡើងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ផែនការ​ច្បាស់លាស់ ក្នុងការ​អភិរក្ស​អគារ​បេតិកភណ្ឌ​វប្បធម៌​សល់​ពី​សម័យ​បារាំង ដើម្បី​រក្សាបាន​នូវ​អត្តសញ្ញាណ​របស់​ក្រុងភ្នំពេញ ដោយ​ហាម​វាយកម្ទេច​អគារ​ទាំងនោះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​តម្រូវឱ្យ​សង់​គោរព​តាម​រចនាបថ​ដើម នៅពេល​ចង់​សាងសង់​ថ្មី​។

​សំណង់​អគារ​សម័យ​បារាំង​មួយចំនួន ដែល​នៅសល់​ហូត​ដល់​សព្វថ្ងៃ និង​ត្រូវបាន​ចាត់ទុកថា ជា​រតន​ភណ្ឌ​នៃ​រាជធានី រួមមាន​អគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អគារ​តុលាការ​កំពូល វិមានឯករាជ្យ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បណ្ណាល័យ​ជាតិ សារមន្ទីរ​ជាតិ រតនាគារជាតិ សាលា​រាជធានី​ភ្នំពេញ ព្រះបរមរាជវាំង រមណីយដ្ឋាន​វត្តភ្នំ អគារ​អង្គការ​យូណេស្កូ ផ្សារ​ធំថ្មី គេហដ្ឋាន​ឯកជន និង​អគារ​ផ្សេងៗ​មួយចំនួនទៀត​៕


Tag:
 អគារ​ចាស់ៗ​
 ​ សម័យ​បារាំង​
 ​ អភិរក្ស​
 ​ ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com