កីឡាជាតិ
ជាតិ
SEA Games៖ក្រុមហ៊ុនមួយប្រកាសផ្តល់ ២២០ លានរៀលដល់ U22 កម្ពុជា បើអាចចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រូបសន្និសីទសារព័ត៌មានមុនចាកចេញរបស់ក្រុម U22 កម្ពុជា ទៅម៉ាឡេស៊ី
× ដើម្បីលើកទឹកចិត្តក៏ដូចជាជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ក្រុមហ៊ុនឯកជនមួយបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន២២០លានរៀលដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា។ ការប្រកាសផ្តល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះក្នុងលក្ខខណ្ឌក្រុម U22 កម្ពុជាអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី។
ក្រុមហ៊ុន Clear នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២២០ លានរៀលដល់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជាក្នុងករណីក្រុមនេះអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ខណៈកីឡាបាល់ទាត់ព្រឹត្តទៅចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែសីហា។
នាសន្និសីទសារព័ត៌មានមុនការចាកចេញរបស់ក្រុម U22 កម្ពុជាលោក Doy Concha តំណាង Clear បានបញ្ជាក់យ៉ាងនេះថា៖«ក្នុងនាមជាដៃគូសហការ ខ្ញុំពិតជាមានមោទកភាពចំពោះការជោគជ័យនាបច្ចុប្បន្នរបស់កីឡាបាល់ទាត់កម្ពុជា ដូចជាជ័យជម្នះ ១-០ លើអាហ្វហ្គានីស្ថាន និងស្មើ ០-០ ជាមួយចិនដែលជាក្រុមខ្លាំងនៅទ្វីបអាស៊ី។ខ្ញុំរីករាយមែនទែនដែលបានគាំទ្រក្រុមដែលអាចមានសក្តានុពលនៅក្នុងតំបន់អាស៊ីនាពេលអនាគត់មួយនេះ សម្រាប់ការប្រកួតនៅស៊ីហ្គេមបើក្រុម U22 កម្ពុជាអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Clear នឹងឧបត្ថម្ភ២២០លានរៀល»។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាចាកចេញពីកម្ពុជានៅថ្ងៃទី១២ សីហា ដើម្បីត្រៀមប្រជែងក្នុងវគ្គជម្រុះពូល B ជាមួយក្រុមហ្វីលីពីន, វៀតណាម, ថៃ, ទីម័រខាងកើត និងឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ សីហា ឆ្នាំ២០១៧៕
Tag:
U22 កម្ពុជា
SEA Games 2017
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com