ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឡាវយល់ព្រម​ដក​ទ័ពចេញ​ពី​ដីកម្ពុជា​
12, Aug 2017 , 10:40 am         56187
រូបភាព
សម្តេច ហ៊ុន សែន និងលោក ថោនលន់​ ស៊ីស៊ូលីត ក្នុងពេលធ្វើសន្និសីទកាសែត ប្រមាណ ១២ នាទី នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧
សម្តេច ហ៊ុន សែន និងលោក ថោនលន់​ ស៊ីស៊ូលីត ក្នុងពេលធ្វើសន្និសីទកាសែត ប្រមាណ ១២ នាទី នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧
ដោយ:

នៅទីបំផុតទៅរដ្ឋាភិបាលឡាវ បានសម្រេចថា នឹងដកទ័ពចេញពីខេត្តស្ទឹងត្រែងហើយ។ ការសម្រេចបែបនេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីឡាវ ថោនលន់ ស៊ីស៊ូលីត នៅ​ក្នុង​សន្និសីទសារព័ត៌មានរវាងសម្តេច ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីឡាវ នៅក្នុងទីក្រុងវៀងច័ន្ទ នៅសៅរ៍នេះ។ 

លោក ថោនលន់ ស៊ីស៊ូលីត បញ្ជាក់យ៉ាងនេះថា៖ «ថ្ងៃនេះ​យើង​បាន​ពិភាក្សាគ្នា​ត្រង់​ទៅ​ត្រង់​មក ដោយ​មិត្តភាព។ ខ្ញុំ​និង​សម្តេច ហ៊ុន សែន បាន​ឯកភាពគ្នា​ថា នឹង​ដក​ទ​ព័​។ ខ្ញុំបានប្រាប់ទៅអាជ្ញាធរថា នឹងដកទ័ពឲ្យអស់ពីកម្ពុជា មិនលើសពីព្រឹកស្អែកទេ»។  ទន្ទឹមនឹងភាគីឡាវយល់​ព្រមដកទ័ពនេះ លោក ស៊ីស៊ូលីត ក៏ឲ្យដឹងដែរថា សម្តេច ហ៊ុន សែន ក៏បាន​យល់ព្រមបញ្ជា​ឲ្យ​កងកម្លាំង​របស់​កម្ពុជា​ទាំងអស់​នៅ​តំបន់​នោះ ត្រឡប់​ទៅ​ជំរុំ​វិញ ដើម្បី​ឲ្យ​សភាពការណ៍​វិល​មក​ប្រក្រតី​ និងបង្កើត​ទំនុកចិត្ត​ដល់​ប្រជាជននៃប្រទេសទាំងពីរ​។ 
 
បើតាម​លោក ស៊ីស៊ូលីត នៅក្នុងកិច្ចពិភាក្សារវាងលោកនិងសម្តេច ហ៊ុន សែន និងរូបលោក ក៏បានយល់ព្រម ឲ្យក្រសួងការបរទេស​នៃប្រទេសទាំង​ពីរ នឹង​បន្ត​ជួបពិភាក្សាបញ្ហា​ព្រំដែន​ដែល​សេសសល់ ដើម្បីដោះស្រាយឲ្យ​បាន​ឆាប់រហ័ស​។ 
 
​ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនៅក្នុងសន្និសីទកាសែតនោះ ដោយឯកភាពចំពោះការលើកឡើងរបស់លោក ថោនលន់ ស៊ីស៊ូលីត និងអរគុណលោកនាយករដ្ឋមន្រ្តីឡាវ ដែលបានយល់ព្រមដកទ័ព ក្នុងគោលដៅដើម្បីសម្រួលស្ថានការណ៍វិញ។ «អ្វីដែលជាជោគជ័យធំបំផុតរបស់យើង សម្រាប់ប្រជាជននៃប្រទេស​ទាំងពីរនោះ គឺនៅត្រង់ថា យើងមិនមានជម្លោះណាមួយ ដែលមិនអាចដោះស្រាយបាននោះទេ»។ សម្តេច បញ្ជាក់ដូច្នេះ​ ក៏បន្ថែមបែបនេះទៀតថា៖«អម្បាញ់មិញ ឯកឧត្តមនាយករដ្ឋមន្រ្តី បានប្រកាសនៅទីនេះថា នឹងដកកងទ័ពចេញដោយមិនឲ្យលើសពីព្រឹកស្អែក។ នេះជាពេលវេលាដ៏ល្អ ដើម្បីឲ្យខ្ញុំដាក់ចេញនូវបទបញ្ជាដែរ។ ខ្ញុំបានបញ្ជារួចហើយ ទៅកម្លាំងទាំងអស់ ដែលបានចល័តចេញពីបណ្តាមូលដ្ឋាននានា​ កាលពីថ្ងៃម្សិលមិញ ឲ្យវិលត្រឡប់ចូលទៅកាន់ទីតាំងវិញ។ 

សូមបញ្ជាក់ កាលពីថ្ងៃសុក្រ ទី ១១ ខែសីហា ក្នុងពិធីតែងតាំងប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសដាក់ឱសានវាទរយៈ ៦​ ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវដែលចូលមកតំបន់អូរ​អាឡៃ ក្នុងទឹកដីខេត្តស្ទឹងត្រែង ដកចេញជាបន្ទាន់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកទង្វើនេះថា ជាការឈ្លានពានទឹកដីកម្ពុជា៕ 



 
 
 

Tag:
 ហ៊ុន សែន
  ថោនលន់ ស៊ីស៊ូលីត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង