អន្តរជាតិ
អាមេរិក​នឹង​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ដឹង​មុន ពេល​វាយ​កូរ៉េខាងជើង​
12, Aug 2017 , 1:26 pm         6108
រូបភាព
នាវាដឹកយន្តហោះអាមេរិក USS Carl Vinson ពេលធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ (រូបភាព AFP)
នាវាដឹកយន្តហោះអាមេរិក USS Carl Vinson ពេលធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ (រូបភាព AFP)
​មន្ត្រី​ទទួលបន្ទុក​សន្តិសុខរ​បស់​អាមេរិក និង​កូរ៉េខាងត្បូង បាន​ឯកភាពគ្នា​ពិភាក្សាគ្នា​ជាមុន​ពី​វិធានការណ៍​ទប់ស្កាត់​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង​។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​ស្រប​ពេលដែល​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ផ្ដល់​មេរៀន​ដែល​គេ​គ្រប់គ្នា​មិនដែល​បានឃើញ ដែល​ទំនង​ចង់​សំដៅ​ដល់​ចំណាត់ការ​យោធា​ប្រឆាំង​កូរ៉េខាងជើង​។


​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង Chung Eui-yong បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​អាមេរិក H.R. McMaster ជុំវិញ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការប្រកាស​របស់​វិធាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១១ ខែសីហា ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង គំរាម​ធ្វើសង្គ្រាម​ដាក់គ្នា​ទៅវិញទៅមក ដែល​បង្ក​ការបារម្ភ​ខ្លាំង​សម្រាប់​កូរ៉េខាងត្បូង​។​

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Park Soo-hyun និយាយថា ទីប្រឹក្សា​សន្តិសុខ​ទាំងពីរ​ប្រទេស​បាន​ពិភាក្សាគ្នា​ពី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ដែល​បង្កដោយ​កូរ៉េខាងជើង ក៏ដូចជា​ដំណោះស្រាយ​លើ​បញ្ហា​នេះដែរ​។ លោក​បន្តថា ភាគី​ទាំងសងខាង​បាន​ប្រកាន់​ជំហរ​គោរព​សន្យា​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ដោយ​តម្លាភាព​សំដៅ​ដោះស្រាយ​បញ្ហា​នេះ ក៏ដូចជា​ការធានា​សុវត្ថិភាព​ប្រជាជន​កូរ៉េខាងត្បូង និង​អាមេរិក​ផងដែរ​។​

​តាមពិតទៅ គោលបំណង​សំខាន់​របស់​កូរ៉េខាងត្បូង គឺ​ចង់​ឲ្យ​អាមេរិក​ប្រាប់​ខ្លួន​មុន បើសិនជា​អាមេរិក​ចៀស​មិន​ផុតពី​ការប្រើ​កម្លាំង​ទ័ព​ប្រឆាំង​កូរ៉េខាងជើង​ទេនោះ​។ ពាក្យសម្ដី​គំរាម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ប៉ុន្មាន​ថ្ងៃនេះ ពិតជា​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​មិន​ស្រណុកចិត្ត​ឡើយ ព្រោះ​លោក ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ភ្លើង​ទៅហើយ​។ បើ​ដូច្នេះ​មែន កូរ៉េខាងត្បូង​ក៏​ប្រឈមមុខ​បញ្ហា​ដែរ ក្នុងករណី​លោក ត្រាំ ចេញ​បញ្ជា ហើយ​កូរ៉េខាងត្បូង​មិនដឹង​រឿង​អ្វី​នោះ​។​

​នៅពេល​គំរាម​វាយប្រហារ​កូរ៉េខាងជើង​នោះ លោក ត្រាំ មិនបាន​បញ្ជាក់ថា​លោក​បាន​ពិភាក្សា​រឿងនេះ​ជាមួយ​សម្ព័ន្ធមិត្ត​អាម​រិ​កមាន​ជប៉ុន និង​កូរ៉េខាងត្បូង​ឡើយ​។ ប៉ុន្តែ​លោក​លើកឡើងថា កូរ៉េខាងជើង​នឹងមាន​បញ្ហា បើ​ហ៊ាន​ប៉ះពាល់​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​នោះ​។ ពាក្យសម្ដី​គំរាម​ខ្លាំងៗ​ប្រធានាធិបតី​អាមេរិក កើតឡើង​ក្រោយ​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​បួន​គ្រាប់​ដាក់​តំបន់​ជុំវិញ​កោះ​ហ្គា​ម​ដែល​មូលដ្ឋានទ័ព​អាមេរិក​ធំ​ពីរ​តាំងនៅ​។​

​យ៉ាងណាក្ដី គេ​ត្រូវ​ចាំមើល​សកម្មភាព​របស់​កូរ៉េខាងជើង​ជាមុន ព្រោះ​យោធា​ប្រទេស​នេះ​អះអាងថា​ខ្លួន​កំពុង​បង្ហើយ​ផែនការ​វាយប្រហារ​កោះ​អាមេរិក​។ ផែនការ​នេះ​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែសីហា រួច​បញ្ជូន​ទៅកាន់​មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន ហើយ​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម ឬ​មិន​បាញ់ គឺ​អាស្រ័យ​លើ​លោក​ទាំងស្រុង ដោយ​កងទ័ព​ចាំតែ​បញ្ជា​ប៉ុណ្ណោះ​។ ប៉ុន្តែ​នេះ​ជា​ជំហាន​គ្រោះថ្នាក់ និង​បង្ក​មហន្តរាយ​ដាក់​ខ្លួនឯង​ពិតប្រាកដ បើ​ហ៊ាន​ប៉ះ​ទឹកដី​អាមេរិក​នោះ​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next