អន្តរជាតិ
អាមេរិកនឹងប្រាប់កូរ៉េខាងត្បូងឲ្យដឹងមុន ពេលវាយកូរ៉េខាងជើង នាវាដឹកយន្តហោះអាមេរិក USS Carl Vinson ពេលធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ (រូបភាព AFP)
× មន្ត្រីទទួលបន្ទុកសន្តិសុខរបស់អាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នាពិភាក្សាគ្នាជាមុនពីវិធានការណ៍ទប់ស្កាត់សកម្មភាពព្រហើនរបស់កូរ៉េខាងជើង។ ការឯកភាពគ្នានេះ ធ្វើឡើងស្របពេលដែលសង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងកូរ៉េខាងជើងពុះកញ្ជ្រោលកាន់តែខ្លាំងដល់កម្រិតគួរឲ្យបារម្ភ។ ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមផ្ដល់មេរៀនដែលគេគ្រប់គ្នាមិនដែលបានឃើញ ដែលទំនងចង់សំដៅដល់ចំណាត់ការយោធាប្រឆាំងកូរ៉េខាងជើង។
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង Chung Eui-yong បានជជែកតាមទូរសព្ទជាមួយសមភាគីអាមេរិក H.R. McMaster ជុំវិញស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការប្រកាសរបស់វិធានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី១១ ខែសីហា ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េឡើងកម្ដៅខ្លាំង បន្ទាប់ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង គំរាមធ្វើសង្គ្រាមដាក់គ្នាទៅវិញទៅមក ដែលបង្កការបារម្ភខ្លាំងសម្រាប់កូរ៉េខាងត្បូង។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo-hyun និយាយថា ទីប្រឹក្សាសន្តិសុខទាំងពីរប្រទេសបានពិភាក្សាគ្នាពីបញ្ហានៅឧបទ្វីបកូរ៉េដែលបង្កដោយកូរ៉េខាងជើង ក៏ដូចជាដំណោះស្រាយលើបញ្ហានេះដែរ។ លោកបន្តថា ភាគីទាំងសងខាងបានប្រកាន់ជំហរគោរពសន្យាក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងដោយតម្លាភាពសំដៅដោះស្រាយបញ្ហានេះ ក៏ដូចជាការធានាសុវត្ថិភាពប្រជាជនកូរ៉េខាងត្បូង និងអាមេរិកផងដែរ។
តាមពិតទៅ គោលបំណងសំខាន់របស់កូរ៉េខាងត្បូង គឺចង់ឲ្យអាមេរិកប្រាប់ខ្លួនមុន បើសិនជាអាមេរិកចៀសមិនផុតពីការប្រើកម្លាំងទ័ពប្រឆាំងកូរ៉េខាងជើងទេនោះ។ ពាក្យសម្ដីគំរាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃនេះ ពិតជាធ្វើឲ្យកូរ៉េខាងត្បូងមិនស្រណុកចិត្តឡើយ ព្រោះលោក ត្រាំ គំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាភ្លើងទៅហើយ។ បើដូច្នេះមែន កូរ៉េខាងត្បូងក៏ប្រឈមមុខបញ្ហាដែរ ក្នុងករណីលោក ត្រាំ ចេញបញ្ជា ហើយកូរ៉េខាងត្បូងមិនដឹងរឿងអ្វីនោះ។
នៅពេលគំរាមវាយប្រហារកូរ៉េខាងជើងនោះ លោក ត្រាំ មិនបានបញ្ជាក់ថាលោកបានពិភាក្សារឿងនេះជាមួយសម្ព័ន្ធមិត្តអាមរិកមានជប៉ុន និងកូរ៉េខាងត្បូងឡើយ។ ប៉ុន្តែលោកលើកឡើងថា កូរ៉េខាងជើងនឹងមានបញ្ហា បើហ៊ានប៉ះពាល់អាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកនោះ។ ពាក្យសម្ដីគំរាមខ្លាំងៗប្រធានាធិបតីអាមេរិក កើតឡើងក្រោយកូរ៉េខាងជើងគំរាមបាញ់មីស៊ីលបួនគ្រាប់ដាក់តំបន់ជុំវិញកោះហ្គាមដែលមូលដ្ឋានទ័ពអាមេរិកធំពីរតាំងនៅ។
យ៉ាងណាក្ដី គេត្រូវចាំមើលសកម្មភាពរបស់កូរ៉េខាងជើងជាមុន ព្រោះយោធាប្រទេសនេះអះអាងថាខ្លួនកំពុងបង្ហើយផែនការវាយប្រហារកោះអាមេរិក។ ផែនការនេះនឹងបញ្ចប់នៅពាក់កណ្ដាលខែសីហា រួចបញ្ជូនទៅកាន់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ហើយបាញ់មីស៊ីលដាក់កោះហ្គាម ឬមិនបាញ់ គឺអាស្រ័យលើលោកទាំងស្រុង ដោយកងទ័ពចាំតែបញ្ជាប៉ុណ្ណោះ។ ប៉ុន្តែនេះជាជំហានគ្រោះថ្នាក់ និងបង្កមហន្តរាយដាក់ខ្លួនឯងពិតប្រាកដ បើហ៊ានប៉ះទឹកដីអាមេរិកនោះ៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com