កីឡាជាតិ
ជាតិ
Singapore Cup៖ បឹងកេតយកឈ្នះ Global ២-១ ខណៈណាហ្គាវើលរងបរាជ័យ ៤-១ កីឡាករ Omogba ព្យាយាមដណ្តើមបាល់ជាមួយកីឡាកររបស់ Global នាការប្រកួតជើងទី២។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
× ក្រុមបឹងកេតបានយកឈ្នះក្រុម Global Cebu FC ២-១ នាការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Singapore Cup 2017។ តែជ័យជម្នះនេះ មិនអាចជួយឲ្យបឹងកេតឡើងទៅកាន់វគ្គបន្តនោះឡើយ។ ជាមួយគ្នានេះ ក្រុមណាហ្គាវើលបានចាញ់ក្រុម Hougang United របស់សិង្ហបុរី ៤-១ នាការប្រកួតបើកឆាកនៅកីឡដ្ឋាន Hougang Stadium។
ការប្រកួតចាប់ផ្តើមមិនបានប៉ុន្មាននាទីផង កីឡាករ Paulo Salenga បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុម Global Cebu នៅនាទី៤។ ការប្រកួតដំណើរការបាន៦នាទីប្រធានក្រុម ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យបឹងកេតមុនចប់វគ្គទី១។ កីឡាករ Esoh Omogba បានសម្រេចគ្រាប់នាំមុខ ២-១ ឲ្យបឹងកេតនៅនាទី៦៥ ហើយលទ្ធផល ២-១ នេះបានរក្សារហូតអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ មិនអាចជួយឲ្យបឹងកេតឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ Singapore Cup 2017 នោះឡើយ ពោលគឺក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនេះតែម្តង។ ការបាត់បង់ឱកាសនេះ បន្ទាប់ពីបឹងកេតបានចាញ់ក្រុម Global Cebu ៣-១ នាការប្រកួតជើងទី១កាលពីកន្លងទៅ។ សរុបទាំងពីរប្រកួតបឹងកេតចាញ់ Global ក្នុងលទ្ធផល ៤-៣។
កីឡាករ ឃួន ឡាបូរ៉ាវី ព្យាយាមបណ្តើរបាល់គេចពីការរារាំងរបស់កីឡាករទាំងពីររបស់ Global។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ទន្ទឹមនឹងនេះ ឱកាសឡើងទៅកាន់វគ្គបន្តរបស់ក្រុមណាហ្គាវើលក្នុងពានរង្វាន់ Singapore Cup នេះ ក៏មានភាគរយតិចតួចផងដែរ បន្ទាប់ពីក្រុមនេះបានចាញ់ក្រុម Hougang United របស់សិង្ហបុរី ៤-១ នាការប្រកួតជើងទី១នៅកីឡដ្ឋាន Hougang Stadium កាលពីម្សិលមិញ។
ក្រុមណាហ្គាវើល ត្រូវជួបប្រកួតជើងទី២ជាមួយក្រុម Hougang United នៅថ្ងៃទី១៤ ខែសីហា នៅកីឡដ្ឋាន Jalan Besar Stadium។ ក្នុងជំនួបនេះ ណាហ្គាវើលត្រូវធ្វើការធ្ងន់ជាងជើងទី១ ពោលគឺទាមទារឲ្យក្រុមនេះយកឈ្នះ Hougang លើសពី៣គ្រាប់ ដើម្បីបន្តឱកាសរបស់ខ្លួន៕
Tag:
Singapore Cup 2017
បឹងកេត
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com