ជាតិ
សង្គមជាតិ
ភ្នំ​ប្រុស ភ្នំ​ស្រី និង​ការធ្វើបដិវត្ត ពី​ស្រី​ដណ្តឹង​ប្រុស មក​ប្រុស ដណ្តឹង​ស្រី​
13, Aug 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្នំ​ស្រី ភ្នំ​ប្រុស គឺ​ជាទី​ដ្ឋា​ន​ដ៏​ល្បីល្បាញ​មួយ ទាក់ទង​នឹង​ពិធីស្តីដណ្តឹង ស្វាមី ឬ​ភរិយា កាលពី​អតីតកាល​។ ភ្នំ​ស្រី ភ្នំ​ប្រុស មាន​ទីតាំង​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម​។


​    ​
​ទៅ​បី​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ប៉ុន្តែ រឿងព្រេង​និទាន​ភ្នំ​ប្រុស ភ្នំ​ស្រី បាន​ឲ្យ​ដឹងថា កាលពី​អតីតកាល ដ៏​យូរលង់​ណាស់​មកហើយ តាម​ទំនៀមទម្លាប់ ពី​ធី​រៀប​អាពាហ៍ពិពាហ៍ គឺ នារី ត្រូវ​ដណ្តឹង​បុរស​។ ការកំណត់​ឲ្យ​នារី ដណ្តឹង​បុរស ធ្វើ​ឲ្យ​នារីៗ មានការ​ឈឺចាប់ ព្រោះ​នារី​ខ្លះ ដែលមាន​សម្រស់ ឬ​រូបសម្បត្តិ​អាក្រក់ មិន​ងា​ចរក​ប្តី​បាន​។ ទៅ​ដណ្តឹង បុរសៗ មិន ទទួលយក​ធ្វើ​ប្រពន្ធ​។ ការឈឺចាប់ បានធ្វើ​ឲ្យ​នារីៗ មានគំនិត​ចង់​ធ្វើ​បដិវត្តន៍ ដើម្បី​ផ្លាស់ប្តូរ​ឲ្យ​បុរសៗ​ចូល​ស្តី​ខ្លួន​វិញ​ម្តង​។



​រឿងព្រេង​និទាន​បន្តថា លក្ខខណ្ឌ នៃ​ការប្រកួត គឺ​ការ​ពូន​ភ្នំ​ប្រណាំង​គ្នា គឺ​ប្រសិនបើ​ភាគី​ខាង​ស្រី​ពូន​បាន​ខ្ពស់ជាង ភាគី​ខាង​ប្រ​សុ ត្រូវ​ចូល​ដណ្តឹង​ខាង​ស្រី តែបើ​ខាង​ស្រី​ចាញ់ ប្រុសៗ ត្រូវ​ចូល​ដណ្តឹង​ប្រុសៗ​ដដែល​។ លក្ខខណ្ឌ​នេះ បាន​សន្ម​ត់​យក​ត្រឹម​ផ្កាយព្រឹក​រះ  ជា​រយៈពេល​នៃ​ការប្រកួត មានន័យថា ពួកគេ​ត្រូវ​បញ្ឈប់​សកម្មភាព​ពូន​ភ្នំ នៅពេល​ផ្ក​សាយ ព្រឹក​រះ​។​

​ដោយ​សារភាព​ឆ្លាត​វៃ​របស់ខ្លួន  ក្រុម​ស្ត្រី​ទាំងអស់ នាំគ្នា​អុជចង្កៀង​គោម រួច​ចង​បង្ហូត​ឡើង​លើង បន្លំ​ជា​ផ្កាយព្រឹក​រះ ធ្វើ​ឲ្យ​ក្រុម​បុរសៗ​យល់ច្រឡំ​ថា ផ្កាយព្រឹក​ហើយ ហើយក៏​នាំគ្នា​សម្រាក ឈប់​រែក​ដី​ពូន​ភ្នំ​។ លុះ​ព្រឹក​ឡើង ទើប​ដឹងថា ចាញ់​ប្រាជ្ញា​ក្រុម​នារីៗ ហើយ​ចាប់ ពី​ពេល​នោះមក ប្រពៃណី ទំនៀមទម្លាប់ បាន​កែប្រែ​ពី​នារី​ដណ្តឹង​បុរស មកជា​បុរស​ដណ្តឹង នារី​វិញ​។

​ប៉ុន្តែ តាម​ការ​ចងក្រង​រប​ស់​អ្នកប្រាជ្ញ​បណ្ឌិត ទំនៀមទម្លាប់​នេះ មិនមែន​មានតែ​នៅ​ទី ស្ថាន​ភ្នំ​ប្រុស​ភ្នំ​ស្រី​ទេ​។ គេ​រកឃើញ​មាន​ទី​តាំងបី​កន្លែង​ទៀត មាន​ប្រភព​រឿងព្រេង​និទាន​នេះ​ដូចគ្នា​។  ក្នុងនោះ គេ​អាច​រកឃើញ​មាននៅ​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង និង នៅ​ខេត្តពោធិ៍សាត់​។



​រឿងរ៉ាវ នៃ​ប្រវត្តិ​ទំនៀមទម្លាប់​នៅ​ស្រុក​បាភ្នំ ត្រូវបាន បង្ហាញថា កាលពី​យូរលង់​ណាស់​មកហើយ ស្រុក​បាភ្នំ​កកើតឡើង​ដោយមាន​ឈ្មោះថា នគរ​បាភ្នំ​។ នគរ​នេះ មាន​ព្រះមហាក្សត្រ បាន​ដឹកនាំ​មេទ័ព​ស្រី និង​ប្រុស​យ៉ាងខ្លាំង​ពូកែ គឺជា​សម័យ​កាលដែល​ស្រី ដណ្តឹង​ប្រុស​។  ទ័ព​បា និង​ទ័ព​មេ តែងតែ​ប្រឡងប្រជែង​គ្នា លើ​ការងារ​បំរើ​នគរ ហើយ​នាំគ្នា​ពូន​ភ្នំ​ប្រឡងប្រជែង និង​ដោះ​លក្ខខណ្ឌ ពី​ការ​ស្រី​ដណ្តឹង​ប្រុស​។ ទ័ព​ខាង​មេ ដែល​ចង់​ឈ្នះ​ទ័ព​ខាង​បា បានធ្វើ​គោមហោះ​មួយ​។ ខាង​បា កាល​បានឃើញ​គោម​នោះ​រះ​ឡើង ស្មានថា​ផ្កាយព្រឹក​រះ ក៏​ឈប់​លើកដី​ពូន​ភ្នំ​។ ឯខាង​ទ័ព​មេ​ដែង នៅតែ​បន្ត​ពូន​ភ្នំ​ដល់​ផ្កាយព្រឹក​រះ  ធ្វើ​ឲ្យ​ទ័ព​មេ​ដែង ទទួល​ជ័យជម្នះ​លើ​ទ័ព​បា ហើយ​ទំនៀមទម្លាប់​ស្រី​ដណ្តឹង​ប្រុស ក៏​ទំនង​ត្រូវ​ផ្លាស់ប្តូរ​ពី​ពេល​នោះមក​ដែរ​។​

​នៅមាន​រឿងនិទាន​មួយទៀត ស្រដៀង​គ្នា​នេះដែរ នៅ​ខេត្តពោធិ៍សាត់​។  គេ​តំណាល ថា កាលពី​យូរលង់​ណាស់​មក ក្នុង​សម័យកាល​ស្រី​ដណ្តឹង​ប្រុស នារីៗ មានការ​ឈឺចាប់​ដូច នៅ​ភ្នំ​ប្រុស ភ្នំ​ស្រី​ដែរ​។ ស្រីៗ​ទាំងនោះ បាន​បបួល​បុរស​ភ្នាល់​គ្នា​ក្នុង​គោលបំណង​រើ​បម្រាស់ ពី​នាម​ប្រពៃណី​ដ៏​ធ្ងន់​នេះ ដោយ​នារី សន្យាថា នឹង​ជីក​ទន្លេ​មួយ​ឲ្យ​ហើយ ក្នុង​រយៈពេល​មួយ យប់ ហើយ​ខាង​ប្រុស ក៏​សន្យា​ដែរ​ថា នឹង​សង់​ប្រាសាទ​ឲ្យ​ហើយ ក្នុង​រយៈ​មួយ​យប់​ដូចគ្នា​។ ភាគី​ទាំងពីរ​បានកំណត់​យក​ការ​រះ​ឡើង​របស់​ផ្កាយព្រឹក ជា​ពេលវេលា សម្រាក​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ដើម្បី​យកឈ្នះ​លើ​ភាគី​ខាង​ប្រុស ភាគី​ខាង​នារី បាន​លួច​អុជ​គោម​រួច​ចង​នៅលើ​ចុង​ឬ​ស្សី ខ្ពស់​។ ភាគី​ខាង​ឃើញ​ដូចនេះ ក៏​នាំគ្នា ឈប់សម្រាក មិន​បន្ត​សង់​ប្រាសាទ​ឡើយ ធ្វើ​ភាគី​ខាង ស្រី​មានឱកាស ជីក​ទន្លេ​បាន​ហើយ​រួចរាល់​តាម​ការគ្រោងទុក​។ ចាប់ពីពេលនោះ​មក ភាគី​ខាង ប្រុស ក៏​យល់ព្រម​ចូល​ស្តីដណ្តឹង​ស្រី​វិញ​ម្តង​។ ទី​ប្រាសាទ​នោះ​បច្ចុប្បន្ន ស្ថិតនៅក្នុង​វត្ត​ព្រះ​ធាតុ ចំណែកឯ​ទន្លេ ដែល​ខាង​ស្រី​ជីក​នោះ ស្ថិតនៅ​ចំ​ពីមុខ​វត្ត​ព្រះ​ធាតុ ឈ្មោះថា​ទន្លេ​អុំ ស្ថិតនៅ ក្នុងភូមិ​ឥន្ទ​ធ្យា ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិសាត់​។



​តាមរយៈ​រឿងព្រេង​និទាន​ទ​មាង​នេះ គេ​មិនដឹងថា កាលពី​អតីតកាល នៅលើ​ទឹកដី នៃ មាតុភូមិ ដ៏​ផូរផង់​នៃ​យើង ពិត​ជាមាន​ទំនៀមទម្លាប់ ស្រី​ដណ្តឹង​ប្រុស ពិតប្រាកដ​មែនឬ​យ៉ាងណា​នោះទេ​។ តាម​រឿងព្រេង​និទាន​ខ្មែរ កាលពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១ ឬ​អំឡុង​ឆ្នាំ​៥០ នៃ​គ្រឹ​ស្ទ​សករាជ ព្រះថោង​នាងនាគ ព្រះថោង បាន​រៀបការ​ជាមួយ​នាងនាគ ក្រោយពី​ព្រះអង្គ​ច្បាំង​ឈ្នះ​ព្រះ​នាង ហើយ​ដើម្បី​រួមដំណេក ជាមួយ​ព្រះ​នាង​បាន ព្រះថោង​ត្រូវ​តោង​ស្បៃ ព្រះ​នាងនាគ ចុះទៅ​ឋាន​ភូ​ជ​ង្គ​នាគ​។ សម្រាប់​ប្រៃ​ណី​ខ្មែរ​បច្ចុប្បន្ន កូន​កំ​ឡោះ ត្រូវ​តោង​ស្បៃ​កូន ក្រមុំ ចូលក្នុង​បន្ទប់​កូនក្រមុំ ដើម្បី​ប្រារព្ធ​ពិធីផ្សំដំណេក​៕










Tag:
 ភ្នំ​ប្រុស ភ្នំ​ស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com