អន្តរជាតិ
ឥណ្ឌា​បង្កើន​កម្លាំង​ទ័ព​ពេល​ប្រឈមមុខ​ជាមួយ​ចិន​រឿង​ព្រំដែន​ភាគ​ឦសាន​
12, Aug 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ឥណ្ឌា​បង្កើន​កម្លាំង​ទ័ព​ច្រើន​សន្ធឹកសន្ធាប់​នៅ​តំបន់​ប្រទាញប្រទង់​ជាមួយ​មហា​យក្ស​ចិន​ខ្ពង់រាប​ហិ​ម៉ា​ល័យ​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែសីហា​ម្សិលមិញ​នេះ​។ ការបង្កើន​កម្លាំង​ទ័ព​នេះ​ក្លាយ​ក្តីបារម្ភ​ខ្លាំង​មួយ​ព្រោះ​ការប្រឈមមុខគ្នា​កើនឡើង​កាន់តែខ្លាំង ហើយ​វា​អាចមាន​ការប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ណាមួយ​ជាយថាហេតុ​។​



​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា Press Trust of India បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ឥណ្ឌា​សម្រេច​បង្កើត​ចំនួន​កងទ័ព​តាម​ព្រំដែន​ភាគ​ឦសាន​ជាប់​ជាមួយ​ចិន ស្រប​ពេលដែល​ការប្រឈមមុខគ្នា​កើន​កម្តៅ​ខ្លាំង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​ស្រង់​សម្តី​មន្ត្រី​ឥណ្ឌា​ម្នាក់​ដែល​លាក់​អត្តសញ្ញាណ​ដូច្នេះ​ថា​៖«​ចំនួន​កងទ័ព​នៅតាម​ព្រំដែន​ចិន​ជាប់​រដ្ឋ Sikkim និង​រដ្ឋ Arunachal Pradesh ត្រូវបាន​បង្កើន​ឡើង​កន្លងមក​។ កម្រិត​នៃ​ការប្រុងប្រយ័ត្ន​ក៏ត្រូវ​បាន​គេ​បង្កើន​ឡើង​ដូចគ្នា​»​។​

​មន្ត្រី​ឥណ្ឌា​ខាងលើ​បានបញ្ជាក់​បន្ថែមថា ឥណ្ឌា​មិនបាន​បញ្ជូន​ទ័ព​បន្ថែម​ទៅកាន់​តំបន់​ព្រំដែន​ជាប់​ចិន ប៊ូ​តង់ និង​ឥណ្ឌា​ឡើយ ព្រោះ​កងទ័ព​ឥណ្ឌា​នៅ​ទីនោះ​មាន​ប្រហែល ៣៥០​នាក់ ហើយ​ពួកគេ​នៅ​ប្រ​ឈ​មុខ​ជាមួយ​កងទ័ព​ចិន​អស់​ប្រហែល ៧​សប្តាហ៍​មកហើយ​។​

​តាមពិតទៅ​ការប្រឈមមុខគ្នា​នេះ​កើតឡើង​តាំងពី​ខែមិថុនា​ម្ល៉េះ ដោយ​វា​ផ្តើមឡើង​ដោយ​សកម្មភាព​សាងសង់​ផ្លូវ​និង​ពង្រីក​ផ្លូវ​របស់​ភាគី​ចិន​នៅ​តំបន់ Doklam ដែល​វា​ជា​តំបន់​ជម្លោះ​រវាង​ចិន និង​ប៊ូ​តង់​មិនមែន​ឥណ្ឌា​ឡើយ​។ ប៉ុន្តែ​ដោយសារ​ខ្លួន​ជា​សម្ព័ន្ធមិត្ត​របស់​ប៊ូ​តង់ ឥណ្ឌា​ក៏​សម្រេច​បញ្ជូន​ទ័ព​ទៅ​បញ្ឈប់​សកម្មភាព​របស់​ចិន តែ​ចិន​ចោទថា ឥណ្ឌា​ឈ្លានពាន​ទឹកដី​ខ្លួន​ផង​។​

​ក្រោយពី​ចោទប្រកាន់​បែបនេះ ក្រុង​ប៉េកាំង​ក៏បាន​ទាមទារ​ឲ្យ​ឥណ្ឌា​ដកទ័ព​ឲ្យ​បាន​ឆាប់រហ័ស បើសិនជា​ចង់​ជជែក ឬ​ចរចា​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ប៉ុន្តែ​ឥណ្ឌា​តប​វិញ​ថា វា​ទាល់តែ​មានការ​ព្រមព្រៀង​គ្នា​ដកទ័ព​ទាំងសងខាង​សិន​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា ការចរចា​គ្នា​រវាង​ប្រទេសជិតខាង​ទាំងពីរ​នឹង​ចាប់ផ្តើម​នៅពេលណា​ឲ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​ស្ថានភាព​ប្រឈមមុខគ្នា​ខ្លាំង​នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​បា​ម្ភ​ខ្លាំង​បំផុត​។​

​មហាអំណាច​ឥណ្ឌា និង​ចិន​មិនសូវ​ទុកចិត្ត​គ្នា​តាំងពី​យូរ​មកហើយ​ដោយសារ​ប​ញ្ហា​ជម្លោះព្រំដែន​។​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រទេស​ទាំងពីរ​ធ្លាប់​ប្រយុទ្ធ​គ្នា​ម្តង​នៅ​ឆ្នាំ ១៩៦២ នៅតាម​ព្រំដែន​រដ្ឋ Arunachal Pradesh៕


Tag:
 ឥណ្ឌា​
  ចិន​
  Sikkim
  Arunachal Pradesh
© រក្សាសិទ្ធិដោយ thmeythmey.com