អន្តរជាតិ
ឥណ្ឌាបង្កើនកម្លាំងទ័ពពេលប្រឈមមុខជាមួយចិនរឿងព្រំដែនភាគឦសាន
× ឥណ្ឌាបង្កើនកម្លាំងទ័ពច្រើនសន្ធឹកសន្ធាប់នៅតំបន់ប្រទាញប្រទង់ជាមួយមហាយក្សចិនខ្ពង់រាបហិម៉ាល័យនៅថ្ងៃសុក្រ ទី១១ ខែសីហាម្សិលមិញនេះ។ ការបង្កើនកម្លាំងទ័ពនេះក្លាយក្តីបារម្ភខ្លាំងមួយព្រោះការប្រឈមមុខគ្នាកើនឡើងកាន់តែខ្លាំង ហើយវាអាចមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយណាមួយជាយថាហេតុ។
ទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of India បានចុះផ្សាយនៅថ្ងៃសុក្រថា រដ្ឋាភិបាលឥណ្ឌាសម្រេចបង្កើតចំនួនកងទ័ពតាមព្រំដែនភាគឦសានជាប់ជាមួយចិន ស្របពេលដែលការប្រឈមមុខគ្នាកើនកម្តៅខ្លាំង។
ទីភ្នាក់ងារព័ត៌មាននេះបានស្រង់សម្តីមន្ត្រីឥណ្ឌាម្នាក់ដែលលាក់អត្តសញ្ញាណដូច្នេះថា៖«ចំនួនកងទ័ពនៅតាមព្រំដែនចិនជាប់រដ្ឋ Sikkim និងរដ្ឋ Arunachal Pradesh ត្រូវបានបង្កើនឡើងកន្លងមក។ កម្រិតនៃការប្រុងប្រយ័ត្នក៏ត្រូវបានគេបង្កើនឡើងដូចគ្នា»។
មន្ត្រីឥណ្ឌាខាងលើបានបញ្ជាក់បន្ថែមថា ឥណ្ឌាមិនបានបញ្ជូនទ័ពបន្ថែមទៅកាន់តំបន់ព្រំដែនជាប់ចិន ប៊ូតង់ និងឥណ្ឌាឡើយ ព្រោះកងទ័ពឥណ្ឌានៅទីនោះមានប្រហែល ៣៥០នាក់ ហើយពួកគេនៅប្រឈមុខជាមួយកងទ័ពចិនអស់ប្រហែល ៧សប្តាហ៍មកហើយ។
តាមពិតទៅការប្រឈមមុខគ្នានេះកើតឡើងតាំងពីខែមិថុនាម្ល៉េះ ដោយវាផ្តើមឡើងដោយសកម្មភាពសាងសង់ផ្លូវនិងពង្រីកផ្លូវរបស់ភាគីចិននៅតំបន់ Doklam ដែលវាជាតំបន់ជម្លោះរវាងចិន និងប៊ូតង់មិនមែនឥណ្ឌាឡើយ។ ប៉ុន្តែដោយសារខ្លួនជាសម្ព័ន្ធមិត្តរបស់ប៊ូតង់ ឥណ្ឌាក៏សម្រេចបញ្ជូនទ័ពទៅបញ្ឈប់សកម្មភាពរបស់ចិន តែចិនចោទថា ឥណ្ឌាឈ្លានពានទឹកដីខ្លួនផង។
ក្រោយពីចោទប្រកាន់បែបនេះ ក្រុងប៉េកាំងក៏បានទាមទារឲ្យឥណ្ឌាដកទ័ពឲ្យបានឆាប់រហ័ស បើសិនជាចង់ជជែក ឬចរចាពាក់ព័ន្ធបញ្ហាព្រំដែន ប៉ុន្តែឥណ្ឌាតបវិញថា វាទាល់តែមានការព្រមព្រៀងគ្នាដកទ័ពទាំងសងខាងសិន។ គេមិនទាន់ដឹងច្បាស់ថា ការចរចាគ្នារវាងប្រទេសជិតខាងទាំងពីរនឹងចាប់ផ្តើមនៅពេលណាឲ្យប្រាកដឡើយ ប៉ុន្តែស្ថានភាពប្រឈមមុខគ្នាខ្លាំងនេះជារឿងដែលគួរឲ្យបាម្ភខ្លាំងបំផុត។
មហាអំណាចឥណ្ឌា និងចិនមិនសូវទុកចិត្តគ្នាតាំងពីយូរមកហើយដោយសារបញ្ហាជម្លោះព្រំដែន។អ្វីដែលគួរឲ្យកត់សម្គាល់ប្រទេសទាំងពីរធ្លាប់ប្រយុទ្ធគ្នាម្តងនៅឆ្នាំ ១៩៦២ នៅតាមព្រំដែនរដ្ឋ Arunachal Pradesh៕
Tag:
ឥណ្ឌា
ចិន
Sikkim
Arunachal Pradesh
© រក្សាសិទ្ធិដោយ thmeythmey.com