អន្តរជាតិ
ជប៉ុន​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​Patriot ចាំ​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង ក្រោយ​អ្នកជំនាញ​ថា​ខ្លួន​គ្មាន​សមត្ថភាព​
12, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​អ្នកជំនាញ​ថា ជប៉ុន​មិនមាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​កូរ៉េខាងជើង រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​(Patriot interceptors)​ទៅ​តំបន់​ភាគ​ខាងលិច​ដើម្បី​ចាំ​ស្ទាក់ចាប់​មី​ស៊ី​ល​កូរ៉េខាងជើង​។ លោក គីម ជុង​អ៊ុន នឹង​សម្រេច​ចុងក្រោយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ថា​គួរ​បាញ់​ផ្លោង​មី​ស៊ី​ល​បួន​គ្រាប់​ទៅ​ក្បែរ​កោះ​ហ្គា​ម ឆ្លងកាត់​ជប៉ុន​ឬ​អត់​។​



​ជប៉ុន​បាន​អះអាង​នៅ​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ស្ទាក់ចាប់​និង​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើងដែល​ហោះ​ឆ្លងកាត់​ទឹកដី​ខ្លួ​ន​សំដៅទៅ​កោះ​ហ្គា​ម (Guam)​។ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​ស្រាប់តែ​បង្ហាញ​ការយល់ឃើញថា ជប៉ុន​មិនទាន់មាន​លទ្ធភាព​បាញ់​ទម្លាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង​ឡើយ​។​

​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់​អ្នកជំនាញ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក៏​សម្រេច​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot របស់ខ្លួន​ទៅកាន់​តំបន់​ភាគ​ខាងលិច​នៅ​ថ្ងៃ​សុក្រ​ទី ១១​ខែសីហា ។ មន្ត្រី​ជប៉ុន​បង្ហើប​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​គឺ​ដើម្បី​អនុវត្ត​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន ដោយ​វា​មាន​កាតព្វកិច្ច​បាញ់​មី​ស៊ី​ល​កូរ៉េខាងជើង​ទម្លាក់​។​

​សារព័ត៌មាន​ជប៉ុន Japan Times ចុះផ្សាយ​កងកម្លាំង​ស្វ័យការពារ​អាកា​សនឹង​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទាំង​នោះ​ទៅកាន់​កោះ ស៊ី​ម៉ាន (Shimane) ហ៊ី​រ៉ូ​ស៊ី​ម៉ា និង កូ​ជី (Kochi)​។ តាមពិតទៅ​ជប៉ុន​ស្ថិតក្រោម​ការការពា​រយ៉ា​ង​រឹងមាំ​ដោយមាន​ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​លពីរ​ជាន់​។ ទីមួយ​ប្រព័ន្ធ​មី​ស៊ី​ល​នោះ​ត្រូវបាន​គេ​បំពាក់​លើ​នាវា ហើយ​វា​មាន​សមត្ថភាព​ស្ទាក់ចាប់​និង​បាញ់​កម្ទេច​មី​ស៊ី​ល​ឬ​យន្តហោះ​សត្រូវ​។ មួយទៀត​គឺ​ប្រព័ន្ធ​មី​ស៊ី​ល Patriot ដែល​ដំឡើង​នៅលើ​ដី​។​

​សូម​រម្លឹក​បន្តិច​ថា ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ចុះផ្សាយ​ដើម​សប្តាហ៍​នេះ​ថា បើ​លោក គីម ជុង​អ៊ុន សម្រេច​ឲ្យ​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​តំបន់​ក្បែរ​កោះ​ហ្គា​មមែ​ន កូរ៉េខាងជើង​នឹង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ចំនួន ៤​គ្រាប់ បន្តបន្ទាប់​គ្នា​ដោយ​ឆ្លងកាត់​កោះ​ជប៉ុន Shimane  កោះ Hiroshima និង Koichi​។

​មី​ស៊ី​ល​ទាំង​បួន​គ្រាប់​នេះ​នឹង​ចំណាយ​ពេលវេលា​ប្រហែល ១៧ នាទី ៤៥​វិនាទី​ដើម្បី​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ ៣៣៥៦ គីឡូម៉ែត្រ​។ មី​ស៊ី​ល​ទាំងនេះ​នឹង​ធ្លាក់​ចុះចូល​ដែនសមុទ្រ​ដែល​ស្ថិតនៅ​ចម្ងាយ​ត្រឹម ៣០ ទៅ ៤០ គីឡូម៉ែត្រ​ពី​កោះ​ហ្គា​ម​ប៉ុណ្ណោះ ហើយ​វា​ប្រហែល​ជាមាន​ផលប៉ះពាល់​ខ្លះៗ​ថ្វីបើ​វា​ធ្លាក់​នៅក្រៅ​ដែនទឹក​អាមេរិក​ក៏ដោយ​៕


Tag:
 ​ជប៉ុន​
  Patriot Interceptor
  កូរ៉េខាងជើង​
  ហ្គា​ម
© រក្សាសិទ្ធិដោយ thmeythmey.com