អន្តរជាតិ
ជប៉ុនពង្រាយខែលការពារមីស៊ីលPatriot ចាំបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង ក្រោយអ្នកជំនាញថាខ្លួនគ្មានសមត្ថភាព
× ក្រោយអ្នកជំនាញថា ជប៉ុនមិនមានសមត្ថភាពបាញ់មីស៊ីលកូរ៉េខាងជើង រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រាយប្រព័ន្ធការពារដែនអាកាស(Patriot interceptors)ទៅតំបន់ភាគខាងលិចដើម្បីចាំស្ទាក់ចាប់មីស៊ីលកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន នឹងសម្រេចចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខថាគួរបាញ់ផ្លោងមីស៊ីលបួនគ្រាប់ទៅក្បែរកោះហ្គាម ឆ្លងកាត់ជប៉ុនឬអត់។
ជប៉ុនបានអះអាងនៅដើមសប្តាហ៍នេះថា ខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើងដែលហោះឆ្លងកាត់ទឹកដីខ្លួនសំដៅទៅកោះហ្គាម (Guam)។ ប៉ុន្តែអ្នកជំនាញមួយចំនួនស្រាប់តែបង្ហាញការយល់ឃើញថា ជប៉ុនមិនទាន់មានលទ្ធភាពបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើងឡើយ។
ឆ្លើយតបនឹងការវាយតម្លៃរបស់អ្នកជំនាញ រដ្ឋាភិបាលក្រុងតូក្យូក៏សម្រេចពង្រាយប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួនទៅកាន់តំបន់ភាគខាងលិចនៅថ្ងៃសុក្រទី ១១ខែសីហា ។ មន្ត្រីជប៉ុនបង្ហើបថា ការពង្រាយប្រព័ន្ធការពារមីស៊ីលនេះគឺដើម្បីអនុវត្តសិទ្ធិក្នុងការការពារខ្លួន ដោយវាមានកាតព្វកិច្ចបាញ់មីស៊ីលកូរ៉េខាងជើងទម្លាក់។
សារព័ត៌មានជប៉ុន Japan Times ចុះផ្សាយកងកម្លាំងស្វ័យការពារអាកាសនឹងពង្រាយប្រព័ន្ធការពារដែនអាកាសទាំងនោះទៅកាន់កោះ ស៊ីម៉ាន (Shimane) ហ៊ីរ៉ូស៊ីម៉ា និង កូជី (Kochi)។ តាមពិតទៅជប៉ុនស្ថិតក្រោមការការពារយ៉ាងរឹងមាំដោយមានការបំពាក់ប្រព័ន្ធមីស៊ីលពីរជាន់។ ទីមួយប្រព័ន្ធមីស៊ីលនោះត្រូវបានគេបំពាក់លើនាវា ហើយវាមានសមត្ថភាពស្ទាក់ចាប់និងបាញ់កម្ទេចមីស៊ីលឬយន្តហោះសត្រូវ។ មួយទៀតគឺប្រព័ន្ធមីស៊ីល Patriot ដែលដំឡើងនៅលើដី។
សូមរម្លឹកបន្តិចថា ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចុះផ្សាយដើមសប្តាហ៍នេះថា បើលោក គីម ជុងអ៊ុន សម្រេចឲ្យបើកប្រតិបត្តិការវាយប្រហារលើតំបន់ក្បែរកោះហ្គាមមែន កូរ៉េខាងជើងនឹងបាញ់មីស៊ីលរយៈចម្ងាយមធ្យមចំនួន ៤គ្រាប់ បន្តបន្ទាប់គ្នាដោយឆ្លងកាត់កោះជប៉ុន Shimane កោះ Hiroshima និង Koichi។
មីស៊ីលទាំងបួនគ្រាប់នេះនឹងចំណាយពេលវេលាប្រហែល ១៧ នាទី ៤៥វិនាទីដើម្បីហោះហើរក្នុងរយៈចម្ងាយ ៣៣៥៦ គីឡូម៉ែត្រ។ មីស៊ីលទាំងនេះនឹងធ្លាក់ចុះចូលដែនសមុទ្រដែលស្ថិតនៅចម្ងាយត្រឹម ៣០ ទៅ ៤០ គីឡូម៉ែត្រពីកោះហ្គាមប៉ុណ្ណោះ ហើយវាប្រហែលជាមានផលប៉ះពាល់ខ្លះៗថ្វីបើវាធ្លាក់នៅក្រៅដែនទឹកអាមេរិកក៏ដោយ៕
Tag:
ជប៉ុន
Patriot Interceptor
កូរ៉េខាងជើង
ហ្គាម
© រក្សាសិទ្ធិដោយ thmeythmey.com