អន្តរជាតិ
បុរស​ម៉ាឡេស៊ី​ត្រូវ​ជាប់គុក​១២០០០​ឆ្នាំ​ពីបទ​រំលោភ​ផ្លូវភេទ​កូនស្រី​ចំនួន​៦២៦​ករណី​
12, Aug 2017 , 9:59 pm        
រូបភាព
ដោយ: ធីតា
​បុរស​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​តុលាការ​ពិសេស​នៅ​ក្រុង​រដ្ឋបាល Putrajaya ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​១២០០០​ឆ្នាំ ពីបទ​ប្រើ​ហិង្សា បៀតបៀន និង​រំលោភ​ផ្លូវភេទ​កូនស្រី​ខ្លួន សរុប​៦២៦​ករណី នា​រយៈពេល​២​ឆ្នាំកន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Malaysiakini​។



​បន្ទាប់ពី​ដំណើរការ​សវនាការ​រ​យៈ​ពេល​២​ថ្ងៃ​ពេញ តុលាការ​ពិសេស​នៅ​ក្រុង​រដ្ឋបាល Putrajaya នៃ​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​ផ្តន្ទាទោស​បុរស​ពោះម៉ាយ​អាយុ​៣៦​ឆ្នាំ​ម្នាក់ ដាក់ពន្ធនាគារ​រយៈពេល​១២០០០​ឆ្នាំ​។ ការដាក់ទោស​ជា​កំណត់ត្រា​នេះ ដោយសារតែ​ជនល្មើស​ជាប់​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​ផ្លូវភេទ​កូនស្រី​ខ្លួនឯង​ចំនួន​៦២៦​ករណី ។​

​បទល្មើស​បានកើត​ឡើង​នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ចន្លោះ​ពី​ខែមករា ដល់​ខែកក្កដា ដែល​សមត្ថកិច្ច​ស៊ើបអង្កេត​ឃើញថា បុរស​រូបនោះ បាន​រំលោភ និង​បៀតបៀន​ផ្លូវភេទ​កូនស្រី​អាយុ​១៥​ឆ្នាំ យ៉ាងហោច​៣​លើក​ជា​រៀងរាល់ថ្ងៃ​។​

​ជនល្មើស​ដែល​ប្រកប​របរ​លក់​ផលិតផល​វិនិយោគ​នានា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ក្រោយ​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ និង​ជា​អតីត​ភរិយា​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​រូបនោះ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទៅលើ​ខ្លួន​។​

​សារព័ត៌មាន Malaysiakini បាន​គូសបញ្ជាក់ថា ក្នុង​សំណុំរឿង​នីមួយៗ ជនល្មើស​ត្រូវ​ជាប់ពន្ធ​នាគារ​យ៉ាងហោច​២០​ឆ្នាំ រួមទាំង​ការពិន័យ​វាយ​នឹង​ដំបង​ផងដែរ​។ ប្រធាន​អង្គជំនុំជម្រះ លោក Yong Zarida Sazali បាន​បដិសេធ​សំណើរ​នានា​របស់​ជនល្មើស ជា​ថ្នូរ​នឹង​ការសុំ​នៅក្រៅ​ឃុំ​។​

​បទ​រំលោភ និង​ការ​បៀតបៀន​ផ្លូវភេទ រង​នូវ​ការកាត់ទោស​ដ៏​ធ្ងន់ធ្ងរ​នៅ​ម៉ាឡេស៊ី​។ កាលពី​ឆ្នាំ​២០១៥ ប៉ូលិស​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាការ​១០០​ឆ្នាំ និង​វាយ​១៥​ដំបង ពីបទ​រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​៕


Tag:
 ម៉ាឡេស៊ី​
  រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com