អន្តរជាតិ
បុរសម៉ាឡេស៊ីត្រូវជាប់គុក១២០០០ឆ្នាំពីបទរំលោភផ្លូវភេទកូនស្រីចំនួន៦២៦ករណី
× បុរសម៉ាឡេស៊ីម្នាក់ ត្រូវបានតុលាការពិសេសនៅក្រុងរដ្ឋបាល Putrajaya ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១២០០០ឆ្នាំ ពីបទប្រើហិង្សា បៀតបៀន និងរំលោភផ្លូវភេទកូនស្រីខ្លួន សរុប៦២៦ករណី នារយៈពេល២ឆ្នាំកន្លងមក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Malaysiakini។
បន្ទាប់ពីដំណើរការសវនាការរយៈពេល២ថ្ងៃពេញ តុលាការពិសេសនៅក្រុងរដ្ឋបាល Putrajaya នៃប្រទេសម៉ាឡេស៊ី បានសម្រេចផ្តន្ទាទោសបុរសពោះម៉ាយអាយុ៣៦ឆ្នាំម្នាក់ ដាក់ពន្ធនាគាររយៈពេល១២០០០ឆ្នាំ។ ការដាក់ទោសជាកំណត់ត្រានេះ ដោយសារតែជនល្មើសជាប់ពាក់ព័ន្ធនឹងបទរំលោភផ្លូវភេទកូនស្រីខ្លួនឯងចំនួន៦២៦ករណី ។
បទល្មើសបានកើតឡើងនារយៈពេល២ឆ្នាំចុងក្រោយនេះ ជាពិសេសចន្លោះពីខែមករា ដល់ខែកក្កដា ដែលសមត្ថកិច្ចស៊ើបអង្កេតឃើញថា បុរសរូបនោះ បានរំលោភ និងបៀតបៀនផ្លូវភេទកូនស្រីអាយុ១៥ឆ្នាំ យ៉ាងហោច៣លើកជារៀងរាល់ថ្ងៃ។
ជនល្មើសដែលប្រកបរបរលក់ផលិតផលវិនិយោគនានា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ក្រោយបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ និងជាអតីតភរិយារបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ បុរសរូបនោះ បានបដិសេធរាល់ការចោទប្រកាន់ទៅលើខ្លួន។
សារព័ត៌មាន Malaysiakini បានគូសបញ្ជាក់ថា ក្នុងសំណុំរឿងនីមួយៗ ជនល្មើសត្រូវជាប់ពន្ធនាគារយ៉ាងហោច២០ឆ្នាំ រួមទាំងការពិន័យវាយនឹងដំបងផងដែរ។ ប្រធានអង្គជំនុំជម្រះ លោក Yong Zarida Sazali បានបដិសេធសំណើរនានារបស់ជនល្មើស ជាថ្នូរនឹងការសុំនៅក្រៅឃុំ។
បទរំលោភ និងការបៀតបៀនផ្លូវភេទ រងនូវការកាត់ទោសដ៏ធ្ងន់ធ្ងរនៅម៉ាឡេស៊ី។ កាលពីឆ្នាំ២០១៥ ប៉ូលិសម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាការ១០០ឆ្នាំ និងវាយ១៥ដំបង ពីបទរំលោភក្មេងស្រីអាយុ១៣ឆ្នាំម្នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com