កីឡាជាតិ
ជាតិ
SEA Games៖ លោក Leonardo ប្រាប់​កូនក្រុម​ដាក់​គោលដៅ​យក​មេដាយមាស​
13, Aug 2017 , 7:39 am         5310
រូបភាព
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​របស់ លោក Leonardo Vitorino បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី ដែល​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ ខែសីហា​។ គ្រូបង្វឹក U22 កម្ពុជា លោក Leonardo Vitorino បាន​ប្រាប់​កូនក្រុម​ត្រូវដាក់​គោលដៅ​ឲ្យ​ដល់​កម្រិត​កំពូល និង​កុំ​មើលស្រាល​សមត្ថភាព​គូប្រជែង​។


​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា លោក Leonardo Vitorino បាន​ប្រាប់​កីឡាករ​មុន​ថ្ងៃ​ចេញដំណើរ​ទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​ប្រទេស​ម៉ាឡេស៊ី​ថា ត្រូវដាក់​គោលដៅ​ឆ្ពោះទៅរក​មេដាយមាស​។ ការជំរុញ​របស់​គ្រូបង្វឹក​រូបនេះ អាចជា​យុទ្ធសាស្ត្រ​ដាស់តឿន​ដល់​កីឡាករ​ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ និង​មាន​ទឹកចិត្ត​ប្រកួត​កាន់តែខ្លាំង​។

​លោក Leonardo Vitorino បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ថា យើង​ត្រូវដាក់​គោលដៅ​ឲ្យ​ដល់​កម្រិត​កំពូល គឺ​កម្រិត​មេដាយមាស​។ ហើយ​យើង​ត្រូវ​មានគំនិត​វិជ្ជមាន​ថា អាច​ឈានដល់​កម្រិត​កំពូល កុំ​មើលស្រាល​សមត្ថភាព​គូប្រកួត គឺ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ទោះ​ប៉ះ​ក្រុម​ណាក៏ដោយ ព្រោះ​មាន​ក្រុម​ខ្លាំង​ជាច្រើន​បាន​បាត់​ពិន្ទុ​ពេល​លេង​ជាមួយ​ក្រុម​ខ្សោយ​»​។

​គ្រូបង្វឹក​រូបនេះ​បាន​លើកឡើងថា មុន​យើង​ឈានដល់​គោលដៅ​ដែល​បាន​គ្រោងទុក​គឺ​ទាមទារ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ កម្ពុជា​ត្រូវ​គិតគូ ឬ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាមុនសិន​។ «​អ្វីដែល​សំខាន់​មុន​ឈានដល់​ចំណុចកំពូល យើង​ត្រូ​វា​ធ្វើ​ការងារ​ឲ្យ​បានល្អ​ពីមួយ​ដំណាក់​ទៅមួយ​ដំណាក់​ដោយ​ចិត្ត​ទុកដាក់​ជាមុនសិន​»​។ នេះ​ជាស​ម្តី​របស់លោក Leonardo​។

​ដោយ​មើលឃើញ​ពី​ទស្សនៈ​វែងឆ្ងាយ លោក Leonardo បានស្នើ​ដល់​មហាជន និង​បណ្តាសារ​ព័ត៌មាន​បញ្ឈប់​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពាក់ព័ន្ធ​ទៅនឹង​ទម្រង់​នៃ​ការប្រកួត និង​សមត្ថភាព​របស់​កីឡាករ​ជាដើម​។ ការស្នើ​បែបនេះ ដោយសារ​លោក​យល់ឃើញ​ថា ការរិះគន់​អាចជា​កត្តា​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត និង​រាំងស្ទះ​ដល់​ការរីកចម្រើន​របស់​ពួកគេ​។ ម្យ៉ាងទៀត កីឡាករ​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ជា​កីឡាករ​វ័យក្មេង​នៅមាន​អនាគត​វែងឆ្ងាយ​។

​ក្រោយ​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​អស់​រយៈពេល​១០​ថ្ងៃ​កន្លងមក លោក Leonardo បាន​បញ្ជាក់ថា ក្រុម​របស់លោក​សហកា​រ និង​យល់ចិត្ត​គ្នា​បាន​យ៉ាង​ល្អ ជាពិសេស​បាន​ត្រៀមខ្លួន​រួចរាល់​ផងដែរ​។ តាមរយៈ​ការប្រឹងប្រែង​ហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​របស់​កីឡាករ លោក រំពឹងថា កម្ពុជា​នឹង​អាច​លេង​បាន​យ៉ាង​ល្អ​ពេល​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​នៅក្នុង​ពូ​ល B​។

​តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ​បាន​ចាត់ទុកថា រយៈពេល​១០​ថ្ងៃ​នៃ​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺ​វា​មិន​គ្រប់គ្រាន់​នោះទេ ព្រោះ​ការហ្វឹកហាត់​លើក​នេះ​មានការ​រួមបញ្ចូល​គ្នា​រវាង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង U22​។ លោក​បាន​បញ្ជាក់ថា រយៈ​ពេលដែល​ស័ក្តិសម​ចំពោះ​ការហ្វឹកហាត់​បើ​បាន​ពី​២០​ទៅ​៣០​ថ្ងៃ​ទើប​ជាកា​ប្រសើរ​។​

​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល B ដែលមាន កម្ពុជា​, ហ្វីលីពីន​, ឥណ្ឌូនេស៊ី​, វៀតណាម​, ថៃ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ការប្រកួត​នឹង​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ ខែសីហា ខណៈ​កម្មវិធី​បើកផ្លូវ​ការ​នៅ​ថ្ងៃទី​១៩ ខែសីហា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា​៕
Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next