កីឡាជាតិ
ជាតិ
SEA Games៖ លោក Leonardo ប្រាប់កូនក្រុមដាក់គោលដៅយកមេដាយមាស
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជារបស់ លោក Leonardo Vitorino បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃទី១២ ខែសីហា ដើម្បីត្រៀមប្រកួតវគ្គជម្រុះពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី ដែលចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែសីហា។ គ្រូបង្វឹក U22 កម្ពុជា លោក Leonardo Vitorino បានប្រាប់កូនក្រុមត្រូវដាក់គោលដៅឲ្យដល់កម្រិតកំពូល និងកុំមើលស្រាលសមត្ថភាពគូប្រជែង។
គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា លោក Leonardo Vitorino បានប្រាប់កីឡាករមុនថ្ងៃចេញដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ប្រទេសម៉ាឡេស៊ីថា ត្រូវដាក់គោលដៅឆ្ពោះទៅរកមេដាយមាស។ ការជំរុញរបស់គ្រូបង្វឹករូបនេះ អាចជាយុទ្ធសាស្ត្រដាស់តឿនដល់កីឡាករឲ្យមានស្មារតីទទួលខុសត្រូវ និងមានទឹកចិត្តប្រកួតកាន់តែខ្លាំង។
លោក Leonardo Vitorino បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានប្រាប់កូនក្រុមថា យើងត្រូវដាក់គោលដៅឲ្យដល់កម្រិតកំពូល គឺកម្រិតមេដាយមាស។ ហើយយើងត្រូវមានគំនិតវិជ្ជមានថា អាចឈានដល់កម្រិតកំពូល កុំមើលស្រាលសមត្ថភាពគូប្រកួត គឺយើងត្រូវប្រុងប្រយ័ត្នជានិច្ច ទោះប៉ះក្រុមណាក៏ដោយ ព្រោះមានក្រុមខ្លាំងជាច្រើនបានបាត់ពិន្ទុពេលលេងជាមួយក្រុមខ្សោយ»។
គ្រូបង្វឹករូបនេះបានលើកឡើងថា មុនយើងឈានដល់គោលដៅដែលបានគ្រោងទុកគឺទាមទារឲ្យក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ កម្ពុជាត្រូវគិតគូ ឬដោះស្រាយបញ្ហាចំពោះមុខជាមុនសិន។ «អ្វីដែលសំខាន់មុនឈានដល់ចំណុចកំពូល យើងត្រូវាធ្វើការងារឲ្យបានល្អពីមួយដំណាក់ទៅមួយដំណាក់ដោយចិត្តទុកដាក់ជាមុនសិន»។ នេះជាសម្តីរបស់លោក Leonardo។
ដោយមើលឃើញពីទស្សនៈវែងឆ្ងាយ លោក Leonardo បានស្នើដល់មហាជន និងបណ្តាសារព័ត៌មានបញ្ឈប់ការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធទៅនឹងទម្រង់នៃការប្រកួត និងសមត្ថភាពរបស់កីឡាករជាដើម។ ការស្នើបែបនេះ ដោយសារលោកយល់ឃើញថា ការរិះគន់អាចជាកត្តាធ្វើឲ្យកីឡាករបាក់ទឹកចិត្ត និងរាំងស្ទះដល់ការរីកចម្រើនរបស់ពួកគេ។ ម្យ៉ាងទៀត កីឡាករកម្ពុជាបច្ចុប្បន្នភាគច្រើនជាកីឡាករវ័យក្មេងនៅមានអនាគតវែងឆ្ងាយ។
ក្រោយធ្វើការប្រមូលផ្តុំហ្វឹកហាត់អស់រយៈពេល១០ថ្ងៃកន្លងមក លោក Leonardo បានបញ្ជាក់ថា ក្រុមរបស់លោកសហការ និងយល់ចិត្តគ្នាបានយ៉ាងល្អ ជាពិសេសបានត្រៀមខ្លួនរួចរាល់ផងដែរ។ តាមរយៈការប្រឹងប្រែងហ្វឹកហាត់ដោយយកចិត្តទុកដាក់របស់កីឡាករ លោក រំពឹងថា កម្ពុជានឹងអាចលេងបានយ៉ាងល្អពេលជួបជាមួយក្រុមខ្លាំងៗនៅក្នុងពូល B។
តែយ៉ាងណា គ្រូបង្វឹករូបនេះបានចាត់ទុកថា រយៈពេល១០ថ្ងៃនៃការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា គឺវាមិនគ្រប់គ្រាន់នោះទេ ព្រោះការហ្វឹកហាត់លើកនេះមានការរួមបញ្ចូលគ្នារវាងក្រុមជម្រើសជាតិឈុតធំ និង U22។ លោកបានបញ្ជាក់ថា រយៈពេលដែលស័ក្តិសមចំពោះការហ្វឹកហាត់បើបានពី២០ទៅ៣០ថ្ងៃទើបជាកាប្រសើរ។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo Vitorino បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃទី១២ ខែសីហា ដើម្បីត្រៀមចូលរួមប្រកួតវគ្គជម្រុះពូល B ដែលមាន កម្ពុជា, ហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម, ថៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែសីហា ខណៈកម្មវិធីបើកផ្លូវការនៅថ្ងៃទី១៩ ខែសីហា ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា៕
Tag:
SEA Games 2017
ម៉ាឡេស៊ី
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com