ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់​កម្ចី​សម្រាប់​សាងសង់​ចំណត​កំពង់ផែ​ថ្មី​នៅ​ព្រះសីហនុ​ជាង ២០០​លាន​ដុល្លារ​
12, Aug 2017 , 5:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ប្រាក់កម្ចី​ប្រមាណ ២០៩​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​សាងសង់​ចំណត​កំពង់ផែ​ថ្មី​មួយទៀត​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) នៅ​ថ្ងៃទី​១០​ខែសីហា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​ប្ដូរ​សារ​ផ្ដល់ប្រាក់​កម្ចី​លើ​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ចំនួន ២៣,៥ ពាន់​លាន​យ៉េន ឬ​ប្រហែល​នឹង ២០៩​លាន​ដុល្លារ​អាមេរិក​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំនេះ​។

​តាម​ផែនការ​ចំណត​កំពង់ផែ​នេះ​គ្រោង​សាងសង់​នៅ​ឆ្នាំ​២០១៨ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣ ខាងមុខ​។ ចំណត​ផែ​សមុទ្រ​នេះ មាន​បណ្ដោយ ៣៥០ ម៉ែត្រ និង​ជម្រៅ ១៤​ម៉ែត្រ​កន្លះ ហើយ​អាច​ទទួល​កប៉ាល​ធំៗ​ប្រមាណ ៩៣ ភាគរយ​ពី​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង លោក លូ គឹមឈុន អគ្គនាយក (PAS) ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ទឹកប្រាក់​សរុប​នៃ​គម្រោង​ចំណត​ផែ​ថ្មី​មួយ​នេះ​បាន​នោះទេ​។​

​ការពង្រីក​សមត្ថភាព​កំពង់ផែ​សមុទ្រ​របស់​ក​ម្ពុ​ជា​នេះ ត្រូវបាន​វិស័យ​ឯកជន​លើកឡើងថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​សក្ដានុពល​ផលិតផល​នាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕


Tag:
 ចំណត​កំពង់ផែ​
© រក្សាសិទ្ធិដោយ thmeythmey.com