អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី សួរ​ប្រជាជន​ខ្លួន​ថា «​មុខ​ខ្ញុំ​ដូច​ជន​ផ្តាច់ការ​ណាស់​ទៅ​ឬ​?»
13, Aug 2017 , 10:13 am         2679
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (រូបភាព៖ Bloomberg)
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (រូបភាព៖ Bloomberg)
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ កំពុងតែ​រង​នូវ​ការរិះគន់​ខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ឥណ្ឌូណេស៊ី ដោយ​ពួកគេ​ថែមទាំង​ចោទថា លោក​ជា​ជន​ផ្តាច់ការ​ទៀត​។ ការរិះគន់ រួមទាំង​ការប្រមាថ​ផង​នោះ កើតឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ចេញ​បទបញ្ជា​ថ្មី​មួយ​ដែល​ផ្តល់​សិទ្ធិអំណាច​ខ្លាំង​ឲ្យ​រដ្ឋាភិបាល​។


​ឆ្លៀតឱកាស​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់ជាតិ​មួយ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានលើកឡើង​ពី​ការចោទប្រកាន់​លើ​រូបលោក​នៅតាម​បណ្តាញ​សង្គម ។ លោក​ប្រធានាធិបតី បាន​ប្រាប់​ទៅកាន់​ប្រជាជន​ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នោះ ថា កុំ​ខ្លាច​រូបលោក ដោយសារតែ​ការចោទប្រកាន់​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដែល​ចោទ​លោក​ថា ជា​ជន​ផ្តាច់ការ​នោះ ។

​លោក​ប្រធានាធិបតី បាន​និយាយ​ដូច្នេះ​ថា​៖ « កុំ​ខ្លាច ! ប្រធានាធិបតី​របស់​អ្នក​មិនមែនជា​ជន​ផ្តាច់ការ​នោះទេ ។​»
​លោក​ប្រធានាធិបតី ក៏បាន​និយាយ​ជា​បែប​កំប្លែង​ថា​៖« តើ​ខ្ញុំ​មាន​ត្រង់​ដែល​ដូច​ជន​ផ្តាច់ការ​នោះ​? តើ​មុខ​របស់ខ្ញុំ​បែបនេះ អាច​ក្លាយជា​ជន​ផ្តាច់ការ​ឬទេ​?» ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The China Post នៅ​ថ្ងៃទី​០៩ សីហា ។

​រយៈពេល​ចុងក្រោយ​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​រិះគន់​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ខ្លាំងៗ ក្រោយពី​លោក បានចេញ​ក្រឹត្យ​មួយ​នៅ​ខែកក្កដា ដែល​វា​មានកម្ម​វត្ថុ​ផ្តល់​សិទ្ធិអំណាច​ច្រើន​ឲ្យ​រដ្ឋាភិបាល​ក្នុងការ​រំលាយ​អង្គការ​ផ្សេងៗ ដោយ​មិនចាំបាច់​ឆ្លងកាត់​នីតិវិធីតុលាការ​។ តាម​បទបញ្ញត្តិ​របស់​ប្រធានាធិបតី រដ្ឋាភិបាល​អាចមាន​សិទ្ធិ​រំលាយ​អង្គការ​នានា ដែល​មិនបាន​គោរព​តាម​គោលការណ៍​ស្នូល​របស់​រដ្ឋ «​បញ្ច​សិលា​»​។

«​បញ្ច​សិលា​» គឺជា​មនោគមន៍វិជ្ជារ​ដ្ឋ​របស់​ឥណ្ឌូណេស៊ី ដែល​ផ្តោត​សំខាន់​លើ​គោលការណ៍​ចម្បង​ដូចជា សាសនា អារ្យធម៌ យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ និង​ការរួបរួម​៕

Tag:
 អាស៊ាន​
  ចូ​កូ វី​ដូ​ដូ​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next