កីឡាជាតិ
ជាតិ
ក្រុមកីឡាទាញព្រ័ត្រកម្ពុជាធ្លាក់ត្រឹមវគ្គចែកពូលក្នុងពានរង្វាន់ជើងឯកអាស៊ីនៅសិង្ហបុរី
× ក្រុមកីឡាទាញព្រ័ត្រកម្ពុជាបានអស់ឱកាសឡើងទៅកាន់វគ្គបន្ត ក្រោយឆ្លងកាត់៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៤ នាការប្រកួតជើងឯកអាស៊ី Asian Indoor Tug of War Championships 2017 នៅប្រទេសសិង្ហបុរី ដែលបានចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា។ ក្រុមប្រតិភូកីឡាទាញព្រ័ត្រកម្ពុជានឹងចាកចេញពីប្រទេសិង្ហបុរីមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ១៣ ខែសីហា បន្ទាប់ពីកិច្ចប្រជុំចប់។
បើយោងតាមអ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសសិង្ហបុរី ក្រុមកីឡាទាញព្រ័ត្រកម្ពុជាបានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ជើងឯកអាស៊ីត្រឹមវគ្គចែកពូល។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងពូល A នៅកីឡដ្ឋាន Republic Polytechnic ក្នុងនោះកម្ពុជាយកឈ្នះសិង្ហបុរី B ក្នុងលទ្ធផល ២-០, ស្មើ ០-០ ជាមួយព្រុយណេ, ចាញ់ចិន ២-០, ឆាយនីសតៃប៉ិ ២-០, ម៉ាឡេស៊ី ២-០ និងចាញ់សិង្ហបុរី A ២-០។
អ្នកស្រីបានឲ្យដឹងទៀតថា លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រួមជាមួយអ្នកស្រីផ្ទាល់ នឹងចូលរួមកិច្ចប្រជុំកម្រិតពិភពលោកនៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាលើការកែប្រែរចនាសម្ព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ និងច្បាប់មួយចំនួននៃការប្រកួត។ ប្រតិភូកីឡាទាញព្រ័ត្រកម្ពុជានឹងមកដល់មាតុប្រទេសវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ Asian Indoor Tug of War Championships 2017 មាន៦ប្រទេសចូលរួមរួមមាន សិង្ហបុរិ, កម្ពុជា, ចិន, ឆាយនីសតៃប៉ិ, ម៉ាឡេស៊ី និង ព្រុយណេ ខណៈប្រទេសនេប៉ាល់អវត្តមាន។ ក្នុងនោះម្ចាស់ផ្ទះសិង្ហបុរីមាន៤ក្រុម, ចិន៣ក្រុម, ម៉ាឡេស៊ី៣ក្រុម, ព្រុយណេ២ក្រុម, កម្ពុជា១ក្រុម និងឆាយនីសតៃប៉ិ១ក្រុម។ ការប្រកួតចែកចេញជាពីរពូល ដោយក្នុង១ពូលមាន៧ក្រុម៕
Tag:
កីឡាទាញព្រ័ត្រ
ប្រាក់ សម្ផស្ស
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com