ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ដែល​គួរ​ចៀសវាង​ពេល​ទៅលេង ទារក​ទើបនឹង​កើត​
13, Aug 2017 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​មួយ​កក់ក្តៅ និង​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការដែល​បាន​ពរ​ទារក​ទើបនឹង​កើត​ដែល​រុំ​ក្រណាត់​ពេញ​ខ្លួន ជាមួយនឹង​ដៃ​ក្តាប់​យ៉ាង​ណែន​។ ប៉ុន្តែ​ត្រូវតែ​ចាំ​ក្នុង​ចិត្ត​ថា អ្នក​បាន​គោរព​ទៅលើ​អ្វី​ដែលជា​ដែន​កំណត់​របស់​ឪពុកម្តាយ​គេ​ផង​។​



​យ៉ាងណាមិញ មានរឿង​មួយចំនួន​ដែល​អ្នក​គួរតែ​ចងចាំ និង​ចៀសវាង​ក្នុងពេល​ទៅលេង ឬ​មើល​ទារក​ទើបនឹង​កើត​។​

​កុំ​ដាស់​ឲ្យ​គេ​ភ្ញាក់​
​យើង​ដឹង​ហើយ​ថា វា​ពិតជា​រឿង​អស្ចារ្យ​ណាស់​នៅពេល​បានឃើញ​ក្មេង​តូចៗ​ដែលមាន​ភ្នែក​ធំៗ ប៉ុន្តែ​ការ​ដាស់ ឬ​រំខាន​ការ​គេង​របស់គេ ពិតជា​រឿង​មួយ​ដែល​គ្មាន​បានការ​សោះ​ហើយ​។ យ៉ាងណាមិញ ទារក​ទើបនឹង​កើត​ត្រូវការ​គេង​យ៉ាងហោចណាស់ ១៨​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​ដល់​ការលូតលាស់​របស់​ពួកគេ​។ ជាមួយគ្នានេះដែរ ឪពុកម្តាយ​ក៏ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ផ្តល់​ផាសុកភាព និង​ជួយ​ឲ្យ​កូន​ខ្លួន​គេង​ដែរ​។​

​កុំ​ជក់បារី​
​ការជក់បារី​មុនពេល ឬ​ក្នុងពេល​ទៅលេង​ទារក​ទើបនឹង​កើត​គឺជា​រឿង​មួយ​ត្រូវបាន​ហាម​ដាច់ខាត​តែម្តង​។ ជាតិពុល​ចេញពី​ផ្សែង​បារី​នឹង​ដក់​ជាប់​ក្នុង​ដង្ហើម និង​សម្លៀកបំពាក់​ផង​។ ដូច្នេះ​វា​ពិតជារ​អាច​សាយភាយ​ទៅ​បរិយាកាស និង​ប៉ះពាល់​ដល់​មនុស្ស​ជុំវិញខ្លួន​បាន​។ ទារក​ទើបនឹង​កើត​មិនត្រូវ​ការ​របស់​បែបនេះ​ឡើយ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​មិនបាន​ជក់បារី​ឡើយ ហើយក៏​មិនបាន​បាញ់​ទឹកអប់​ក្រអូប​ខ្លាំង​ដែរ​មុនពេល​ទៅលេង​ទារក​ទើបនឹង​កើត​។​

​កុំ​កាន់​របស់​ដែល​ក្តៅ​ខណៈពេល​កំពុងតែ​បី​ទារក​
​វា​គឺជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច និង​បារម្ភ​ណាស់​សម្រាប់​ម្តាយ​គ្រប់រូប​ដែល​ត្រូវបាន​អ្នក​មកលេង​បីកូន​ខ្លួន​បណ្តើរ​កាន់​របស់​ក្តៅ​បណ្តើរ ជាពិសេស​កែវ​កាហ្វេ​ដែល​ក្តៅៗ​តែម្តង​។ គេ​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិនជា​ទឹក​ក្តៅ​នោះ​ជះ​លើ​ទារក ឬ​ក្មេង​ជ្រុល​ធាក់​ពែង​នោះ​ស្រោច​លើ​ខ្លួន​ជាដើម​។ ដូច្នេះ​ចូរ​ចៀសវាង​ទម្លាប់​នេះ​ជាដាច់ខាត​។​

​កុំ​ថើប​ទារក​

​ទារក​ទើបនឹង​កើត​ពិតជា​គួរ​ឲ្យ​ស្រឡាញ់ និង​ចង់​ថើប​ខ្លាំងណាស់ ប៉ុន្តែ​ជឿ​ខ្ញុំ​ទៅ ការ​ថើប​ទារក​ក្នុងពេល​គេ​ទើបនឹង​កើត​បែបនេះ​មិនល្អ​សម្រាប់​ពួកគេ​ឡើយ​ព្រោះ​វា​ជា​ភាព​ដែល​ឥត​អនាម័យ​សម្រាប់​សុខភាព​គេ​។​

​កុំទៅ​មើល​ទារក​ក្នុងពេលដែល​ខ្លួនឯង​មិន​ស្រួលខ្លួន​
​អ្នក​ពិតជា​មិន​ចង់​ឲ្យ​ទារក​ដ៏​តូច​នេះ​ឆ្លង​ជំងឺ​ពី​អ្នក​ទេ មែន​ទេ​? យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ស្រួល​យល់​ណាស់​ដែលថា មនុស្ស​យើង​អាច​ចម្លងជំងឺ​ផ្តាសាយ​ទៅកាន់​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​បាន ក្នុងនោះ​រួមទាំង​ទារក​ទើបនឹង​កើត​ដែរ​។ ដូច្នេះ​ចូរ​កុំទៅ​មើល​ទារក​ទើបនឹង​កើត​អី​នៅពេលដែល​អ្នក​មិនទាន់​ស្រួលខ្លួន​នៅឡើយ​។​

​កុំ​ភ្លេច​លាងដៃ​
​វា​គឺជា​អនាម័យ​មូលដ្ឋាន​មួយ​ដែល​អ្នក​ត្រូវតែ​ធ្វើ​មុនពេល​ប៉ះពាល់​ទារក​។ នៅពេល​អ្នក​ទៅលេង​ទារក​ទើបនឹង​កើត ពួកគេ​ពិតជា​ងាយ​ឆ្លង​ជំងឺ​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​គេ​ត្រូវបាន​ការពារ​ដោយ​ការ​រុំ​កន្សែង​ទន់​ជុំវិញខ្លួន​។ ដូច្នេះ​ការលាង​សម្អាត​ដៃ​មុននឹង​ប៉ះពាល់​ពួកគេ​ក៏​គ្មាន​ធ្ងន់ធ្ងរ​ដែរ​។​

​មិនត្រូវ​សម្លឹងមើល​ពេល​គេ​កំពុងតែ​បៅដោះ​ឡើយ​
​គ្មាន​នរណាម្នាក់​ចូលចិត្ត​ត្រូវបាន​គេ​ស​ម្លឹ​ក​មើល​ឡើយ ជាពិសេស​ម្តាយ​ថ្មីថ្មោង​ដែល​កំពុងតែ​បំបៅ​ដោះ​កូន​តែម្តង​។ ការ​បំបៅ​ដោះ​កូន​គឺជា​រឿង​ធម្មជាតិ ហើយ​អ្នក​ក៏​មិន​អាចធ្វើ​អ្វី​បាន​ក្រៅពី​នេះដែរ​។ បើសិនជា​នាង​គឺជា​ម្តាយ​ថ្មីថ្មោង ការ​បំបៅ​ដោះ​កូន​អាច​នឹង​ជា​រឿង​មួយ​ថ្មី​បំផុត​សម្រាប់​នាង​ហើយ​។ ទាំង​កូន និង​ម្តាយ​នឹង​ពិបាក​ឆ្លងកាត់​ដំណាក់កាល​នេះ​ណាស់​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​មិនបាន​សម្លឹងមើល​នាង​ខណៈពេលដែល​កំពុង​តែ​បំបៅ​ដោះ​កូន​ឡើយ ដើម្បី​កុំ​ឲ្យ​នាង​មិនមាន​ផាសុកភាព​ក្នុង​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com