ជាតិ
បាក់​ឌុប​៖ គ្រាន់តែ​មានបំណង​លួច​ចម្លង ក៏​អាច​ប្រឈម​នឹង​ការធ្លាក់​បានដែរ​
13, Aug 2017 , 9:19 pm        
រូបភាព
ដោយ:
​គ្រាន់តែ​មានបំណង​លួច​ចម្លង ក៏​ក្រសួង​អប់រំ​យុវជន និង​កីឡា ចាត់ទុកថា ជា​ទង្វើ​ដែល​សិស្សានុសិស្ស ត្រូវ​ចៀសវាង​ពេល​ប្រឡង​មធ្យមសិក្សា​ទុ​តិ​តយ​ភូមិ​ដែរ​។ ប្រសិនបើ​បេក្ខជន​ណាមួយ ប្រព្រឹត្ត​ទង្វើ​នេះ អាច​ប្រឈម​នឹង​ការធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ញត្តិ​នូវ​សកម្មភាព ២ យ៉ាង ដើម្បី​កំណត់ថា បេក្ខជន​មានបំណង​លួច​ចម្លង​។ ទី​១ ក្រសួង​ចាត់ទុកថា មានបំណង​លួច​ចម្លង ប្រសិនបើ​បេក្ខជន​ណា យក​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ ឯកសារ ឬ​សំណៅ​ឯកសារ ចូលក្នុង​មណ្ឌល​ប្រឡង​។ ទី​២ បេក្ខជន​ណា លាក់​ជាប់​នឹង​ខ្លួន នូវ​សៀវភៅ ឯកសារ ឬ​សំណៅ​ឯកសារ ឬ​ទូរស័ព្ទដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ក៏​ចាត់ទុកថា មានបំណង​លួច​ចម្លង​ដែរ​។

​ប្រសិនបើ​បេក្ខជន​ណាមួយ ត្រូវបាន​រកឃើញថា មានបំណង​លួច​ចម្លង ក្រសួង​អប់រំ នឹងដាក់​វិន័យ​ដល់​បេក្ខជន​នោះ ដោយ​តម្រូវ​ឲ្យ​ប្រគល់​រាល់​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​ឲ្យ​គណៈមេប្រយោគ មុន​ចូល​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង ហើយ​គណៈមេប្រយោគ ពុំ​ទទួលខុសត្រូវ​រាល់​ការបាត់បង់​ឡើយ​។ ក្នុងករណី​បេក្ខជន​ពុំ​ព្រម​ប្រគល់​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ ឲ្យ​គណៈមេប្រយោគ បេក្ខជន នោះ ពុំ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ជាដាច់ខាត ហើយ​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​។

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។  សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕


Tag:
 បាក់​ឌុប​
  បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com