ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
13, Aug 2017 , 4:39 pm        
រូបភាព
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបពីគេហទំព័រអគ្គស្នងការនគរបាលជាតិ
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបពីគេហទំព័រអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ


អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា សមត្ថកិច្ច បានចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី ១៣ ខែសីហា។ 

នៅមុននេះបន្តិច គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ក៏បានស្រង់សម្តីលោក គៀត ច័ន្ធថារិទ្ធ ចុះផ្សាយជុំវិញការចាប់ខ្លួនប្រធានបក្សអំណាចខ្មែរនេះដែរ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា  សមត្ថកច្ចចាប់ខ្លួន លោក សួន សេរីរដ្ឋា ពីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយសារលោក សួន សេរីរដ្ឋា សរសេរនៅលើគណនីហ្វេសប៊ុករបស់លោក «ញុះញង់ដល់កម្លាំងកងទ័ព មិនឲ្យស្តាប់បទបញ្ជា ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការការពារជាតិ»។

គេហទំព័រឈ្មោះ sereyratha.info ដែលជាទំនងជាគេហទំព័របស់លោក សេរីរដ្ឋា បានស្រង់សំណេរ​ទាំងស្រុងរបស់លោកប្រធានគណបក្សអំណាចខ្មែរដែលអត្ថាធិប្បាយ ជុំវិញរឿងបញ្ជូនទ័ពទៅកាន់ទឹកដីខេត្តស្ទឹងត្រែង នៅពេលដែលកងទ័ពឡាវចូលមកកម្ពុជា យកមកចុះផ្សាយបន្ត។ គេហទំព័រនេះ បានដាក់​ចំណងជើងយ៉ាងនេះថា« បើសង្គ្រាមកើតឡើងជាមួយ​​ប្រទេស​​ឡាវ​មែន ​កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់យ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង»។ ចំណងជើងនេះ ក៏ត្រូវបានគេហទំព័រ​ប៉ូលិស Screenshot ​​យក​មកចុះផ្សាយជាមួយនឹងការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដែរ។ 


គេហទំព័រនេះ sereyratha.info បានដកស្រង់ទាំងស្រុងនូវសំណេររប​ស់លោក សួន សេរីរដ្ឋា យ៉ាងនេះថា៖«ពេល​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​ឡាវនោះ លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម​ទេ! កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង ! ។ ពីព្រោះ​កន្លងមក​ ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ ។ ចំណែកឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោកធំៗ​ដែល​នៅ​ជួរក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ា​ស៊ីន​ត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ»។​
 
មាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទ ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់។ មាត្រានេះ បានចែងថា អំពើញុះញង់ដោយផ្ទាល់ កុំឲ្យយោធិន​ស្តាប់​ប​ង្គាប់ ដើម្បីធ្វើ​ឲ្យខូច​ខាត​ការ​ការពារ​ជាតិ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ​ និងពិន័យពី ៤ លាន​រៀល​ទៅ​ ១០ លាន​រៀល​។ ចំណែកមាត្រា ៤៧២ បានចែង​ពីបទ ធ្វើ​ឲ្យខូច​ទឹកចិត្ត​កងទ័ព​។ មាត្រានេះ ​បាន​កណត់​​ថា អំពើ​ចូលរួមក្នុង​ការ​ធ្វើឲ្យខូច​ទឹកចិត្តកងទ័ព ដើម្បិធ្វើ​ឲ្យខូចខាត​ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់​ពន្ធាន​គារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ​ និងពិន័យពី ៤ លាន​រៀល​ទៅ​ ១០ លាន​រៀល៕
 


© រក្សាសិទ្ធិដោយ thmeythmey.com