ជាតិ
លោក ស៊ុន ចាន់ថុល សន្យាផ្ដល់ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សជាប់និទ្ទេសA ក្នុងស្រុកកោះធំ
× លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាផ្ដល់ទោចក្រយានយន្ត (ម៉ូតូ) ចំនួនមួយគ្រឿងក្នុងម្នាក់ៗ បើសិស្សក្នុងស្រុកកោះធំ ខេត្តកណ្ដាលរូបណាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទន្ទេស A ក្នុងឆ្នាំ២០១៧ នេះ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៧០០នាក់ ក្នុងស្រុកកោះធំ នៅថ្ងៃទី១៣ខែសីហានេះ លោក ស៊ុន ចាន់ថុល បានសន្យាថា សិស្សជាប់និទ្ទេស A នឹងទទួលបានម៉ូតូមួយគ្រឿង ហើយសិស្សជាប់បាក់ឌុបនឹងទទួលបានប្រាក់ឧបត្ថមចំនួន ១០ម៉ឺនរៀល។ លើសពីនេះ ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី លោក ស៊ុន ចាន់ថុល នឹងផ្ដល់អាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ីចំនួន ១៥កន្លែង និងអាហារូបករណ៍ក្នុងប្រទេសមួយចំនួនដល់សិស្សក្នុងស្រុកកោះធំ។
លោក ស៊ុន ចាន់ថុល ដែលធ្លាប់រៀនសូត្រនៅក្នុងស្រុកកោះធំនេះដែរនោះ បានណែនាំដល់សិស្សជិតប្រឡងទាំងនោះ ឲ្យខិតខំរៀនសូត្រឲ្យអស់ពីសមត្ថភាព និងរំឭកមេរៀនឡើងវិញឲ្យបានញឹកញាប់។ បន្ថែមពីនេះ លោកបានប្រាប់ឲ្យសិស្សានុសិស្សត្រូវមានគោលដៅច្បាស់លាស់ និងមានផែនការមុតស្រួចដើម្បីសម្រេចវត្ថុបំណងរបស់ខ្លួនគេម្នាក់ៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com